Saturday, January 15, 2011

បាក់​ស្ពាន​បាឡេ​នៅ​ស្រុក​កោះធំ ស្ទះ​ចរាចរ​រថយន្ត​ដឹក​ទំនិញ​មិន​អាច​ធ្វើ​ដំណើរ​បាន​រាប់​ម៉ោង

កណ្ដាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១១​នេះ ចរាចរ​ត្រូវ​បាន​កក​ស្ទះ​នៅ​ត្រង់​ចំណុច​ផ្លូវ​ជាតិ លេខ​២១B នៅ​ក្នុង​ភូមិ​ព្រែក​ធុន ឃុំ​កោះ​ធំ​២ ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល ដោយ​សារ​តែ​រថយន្ត​ដឹក​ពោត​របស់ អាជីវករ​ដឹក​លើស​ចំណុះ​ឆ្លង​កាត់​ស្ពាន​ទ្រុឌទ្រោម​មួយ បណ្ដាល​ឲ្យ​បាក់​ធ្នឹម​ក្បាល​ស្ពាន​ខាង​ត្បូង​ មិន​អាច​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន។
សេចក្ដី​រាយ​ការណ៍​ពី​ស្រុក​កោះ​ធំ​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ស្ពាន​បាឡេ​នេះ​កើត​ឡើង​អំឡុង​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ បង្ក​ដោយ​រថយន្ត​ធុន​ធំ ដឹក​ពោត​ទៅ​លក់​នៅ​ជ្រៃ​ធំ​ព្រំដែន​កម្ពុជា វៀតណាម ប៉ុន្តែ​ដោយ​ការ​ដឹក​នោះ​ឈ្មួញ​បាន​ឃុប​ឃិត​គ្នា​ជាមួយ​ខាង​សមត្ថកិច្ច​ថ្លឹង​រថយន្ត​ទើប​ដាក់​លើស​ចំណុះ បណ្ដាល​ឲ្យ​ស្ពាន​ទ្រុឌទ្រោម​មិន​អាច​ទ្រាំ​ទ្រ​បាន​។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​កំណាត់​ផ្លូវ​នេះ បាន​ខឹង​សម្បារ​ដោយ​សារ​តែ​មន្រ្តី​កាន់​ជញ្ជីង ថ្លឹង​រថយន្ត​បាន​ឃុប​ឃិត​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​លើស​ចំណុះ​តាម​ចិត្ត​ទើប​បង្ក​ឲ្យ​បាក់​ស្ពាន​យ៉ាង​នេះ។ ណា មួយ​ស្ពាន​មាន​សភាព​ទ្រុឌទ្រោម និង​មាន​បណ្ដោយ​ប្រវែង​ជាង​២០​ម៉ែត្រ ទទឹង​ប្រមាណ​៤​ម៉ែត្រ​ប៉ុណ្ណោះ ជា ប្រភេទ​ស្ពាន​បាឡេ ហើយ​ធ្លាប់​បាក់​ម្ដង​រួច​មក​ហើយ​កាល​ពី​សប្ដាហ៍​មុន​ដោយ​សារ​ការ​ដឹក​ទំនិញ​ហួស​ចំណុះ បែប​នេះ។
រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​គមនាគមន៍​ស្រុក​កោះធំ ស្ទូច​យក​ទៅ​រក្សា​ទុក ដោយ ទាមទារ​ឲ្យ​ម្ចាស់​រថយន្ត​សង​ជា​សំណង​៥០០​ដុល្លារ​ ដើម្បី​ជួស​ជុល​ស្ពាន​ឡើង​វិញ។
សា្ថន​ភាព​ចរាចរ​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​21B ស្ថិត​ក្នុង​ភូមិ​ព្រែក​ធុន ឃុំ​កោះ​ធំ​ខ ស្រុក​កោះធំ ខេត្ត កណ្ដាល កំពុង​តែ​ស្ទះ​ចរាចរ​សង​ខាង​ផ្លូវ​រាប់​គីឡូម៉ែត្រ មាន​តែ​ម៉ូតូ​និង​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង​តិច​តួច​ប៉ុណ្ណោះ ដែល​ឆ្លង​កាត់​បាន៕
ធាម សំបូរ

No comments:

Post a Comment