Saturday, January 15, 2011

ស ខេង ៖ អ្នក​ណា​ធ្វើ​អ្វី​ខុស អ្នក​នោះ​ត្រូវ​តែ​ទទួល​ខុស​​ចំពោះ​មុខ​ច្បាប់


ព្រៃវែង ៖ ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯ​ពិធី​បញ្ចុះ​បឋមសិលា សាងសង់​សាកល​វិទ្យាល័យ​នៅ​ស្រុក កញ្ចៀច ខេត្ត​ព្រៃវែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​មករា ឆ្នាំ​២០១១​នេះ លោក​ឧបនាយក​រដ្ឋមន្រ្តី​​ស ខេង រដ្ឋមន្រ្តី ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា អ្នក​ណា​ធ្វើ​អ្វី​ខុស អ្នក​ហ្នឹង​ត្រូវ​តែ​ទទួល​ខុស​​តាម​ផ្លូវ​ច្បាប់។
ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​ចោទ​សួរ​ថា តើ​ឯកឧត្ដម​គិត​យ៉ាងណា​ចំពោះ​មន្រ្តី ជាន់ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ដែល​ស្និទ្ធ​ជាមួយ​ឯកឧត្ដម ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ប៉ុន្មាន​នាក់​ជាប់​ៗ​គ្នា​នេះ​ ឯកឧត្ដម ឧបនាយក​រដ្ឋមន្រ្តី​ស ខេង ថ្លែង​ថា«ខ្ញុំ​គិត​ថា​ទាំងអស់​គ្នា ត្រូវ​ធ្វើ​តាម​ច្បាប់ ត្រូវ​គោរព​ច្បាប់ ត្រូវ​ធ្វើ​អ្វី ទៅ​តាម​​តួនាទី​ភារកិច្ច។ អ្នកណា​ធ្វើ​អ្វី​ខុស អ្នក​ហ្នឹង​ត្រូវ​អនុវត្តន៍​តាម​ច្បាប់»។
គួរ​បញ្ជាក់​ថា មន្រ្តី​​ជាន់ខ្ពស់​អតីត​ផ្កាយ​៣​នៃ​ក្រសួង​មហា​ផ្ទៃ លោក​ម៉ឹក​ ដារ៉ា​ ត្រូវ​ចាប់​ខ្លួន​ពី​បទ​ពាក់ព័ន្ធ នឹង​គ្រឿង​ញៀន និង​អំពើ​ពុក​រលួយ, អតីត​ស្នង​ការ​លោក​ហ៊ុន ហ៊ាន, អតីត​ស្នង​ការ​រង​លោក​ឈៀង សុន និង មន្រ្តី​នគរបាល​ជាច្រើន​រូប​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​រក​ឃើញ​កំហុស​ពាក់​ព័ន្ធ​នឹង​គ្រឿងញៀន និង​អំពើ​ពុករលួយ​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​៕
ស្នាយពល

No comments:

Post a Comment