ភ្នាក់ងារ និងមន្ត្រីអាជ្ញាធរដែនដីភូមិ.ឃុំ និងស្រុកបានឲ្យដឹងថា ថ្ងៃទី១៥ មករា ឆ្នាំ២០១១ថាច្រករបៀងតំបន់១ នៅឃុំស្លក្រាមស្រុកស្វាយចេកឈមនឹងភូមិចាក់សាន់ (ណងឆៃកែវ) ស្រុកគោកធ្យូង ខេត្តស្រះកែវ បានបិទបន្ទាប់ពីមានការផ្ទុះធុងហ្គាសផ្ទុកលើរថយន្តធំ ១គ្រឿង លាន់ដូចផ្ទុះអាវុធ ហើយច្រករបៀងតំបន់៥ ក្បែរគ្នានោះ ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ឈមនឹងឃុំណូនម៉ាកមុន ស្រុកគោកធ្យូងដែរក៏បានបិទ។
ថ្នាក់លើថៃទាំងខាងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលត្រួតត្រាជាយដែន បានបញ្ជាអោយត្រួតពិនិត្យនិងបិទព្រំដែន ព្រោះតែមានរឿងអាស្រូវនាំឧស្ម័នហ្គាស គេចពន្ធពីថៃមកកម្ពុជា ហើយធ្លាយរឿងអាស្រូវនៅពេលផ្ទុះធុងហ្គាស។
ច្រករបៀងតំបន់១ និងច្រករបៀងតំបន់៥ ជាច្រករបៀងតែ ២គត់ នៅព្រំដែនក្នុងស្រុកស្វាយចេក និងស្រុកអូរជ្រៅដែល បានបើកកាលពីថ្ងៃទី៦ មករា ឆ្នាំ២០១១ បន្ទាប់ពីពួកបាតុករអាវលឿង ជាតិនិយមជ្រុលថៃ បានបញ្ចប់ការប៉ុនប៉ងមកធ្វើបាតុកម្មនៅព្រំដែននាបង្គោលព្រំដែនលេខ៤៦ និងភូមិជោគជ័យរបស់កម្ពុជា។
ឈ្មួញកណ្ដាលរកស៊ីស្រូវមួយចំនួនបានបង្ខំចិត្តទំលាក់ការុង ឬបាវស្រូវចុះ ហើយអោយរថយន្តផ្ទុកត្រឡប់ទៅវិញ ។ ឯខ្លះទៀតបញ្ឈររថយន្តចោលត្រាំត្រែង ។
ពួកគេអំពាវនាវឲ្យអាជ្ញាធរដែនដីឈមភូមិសាស្ត្រនិងរដ្ឋាភិបាលប្រទេសទាំងពីរជុំរុញបើកច្រកព្រំដែនឡើងវិញអោយឆាប់ ៕
ដោយ : សុផុន
No comments:
Post a Comment