ភ្នំពេញ: នៅក្នុងសន្និសីទកាសែតមួយដែលបើកធ្វើនៅព្រឹកថ្ងៃទី១៥មករានេះនៅភ្នំពេញ លោកយន្ត ថារ៉ូ ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានអះអាងថាមានយុវជនខ្មែរក្រោមពីរនាក់ក្នុងខេត្តព្រះត្រពាំងត្រូវគេធ្វើឃាតយ៉ាង អាថ៌កំបាំងកាលពីថ្ងៃទី៦មករា។
លោកបានទាមទារឲ្យរដ្ឋាភិបាលវៀតណាមទទួលខុសត្រូវនឹងស្វែងរកឃាតករមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ជាមួយគ្នានោះ លោកយន្ត ថារ៉ូក៏បានសំណូមពរដល់ រដ្ឋាភិបាលកម្ពុជាឲ្យជួយ អន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាមក្នុងការស្វែងរកយុត្តិធម៌ ដល់ជនជាតិខ្មែរក្រោមទាំងពីរនោះផង។
លោកយន្ត ថារ៉ូអះអាងថាបានដាក់លិខិតទៅតំណាងរាស្ត្រវៀតណាមប្រចាំទីក្រុងហូជៅមិញរួចហើយកាលពីថ្ងៃទី១៤មករា។ លោកគ្រោងដាក់លិខិតមួយទៅក្រសួង ការបរទេសកម្ពុជាក្នុងពេលឆាប់ៗនេះតាមរយៈប្រធានរដ្ឋសភាសម្តេច ហេង សំរិន។
លោកថាច់ សេដ្ឋា សមាជិកគណបក្សសម រង្ស៊ី ម្នាក់ទៀត និងជាតំណាងសមាគមខ្មែរកម្ពុជាក្រោមមួយដែរនោះបានអះអាងថា លោកនឹងធ្វើការតវ៉ាមួយនៅមុខស្ថានទូត វៀតណាមនៅភ្នំពេញប្រសិនបើគ្មានដំណោះស្រាយទេនោះ៕
ដោយ : សុពិសិដ្ឋ
No comments:
Post a Comment