លោក វ៉ៅ សុខា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកែប បានរៀបរាប់ថា ដោយប្រើប្រាស់ថវិកាខេត្តពេលនេះអាជ្ញាធរកំពុងស្ថាបនាសំណង់វិមានឯករាជ្យ និងសួនច្បារប្រវែង ៤០៤ ម៉ែត្រ ស្ថិតនៅទីតាំងរដ្ឋបាល២ ។ កន្លងមកព្រោះតែគ្មានវិមានឯករាជ្យ ពេលបុណ្យជាតិ ឬពិធីគោរពវិញ្ញាណក្ខ័ន្ធអ្នកស្លាប់ដើម្បីបុព្វហេតុជាតិ មាតុភូមិម្តងៗតែងតែប្រារព្ធធ្វើនៅតាមទីអារាមនានា ។
ចំណែកការស្ថាបនាសួនច្បារជាគម្រោងកែលំអសោភ័ណភាពក្រុងការរក្សា បរិស្ថាន ក៏ដូចជា ការយកចិត្តទុកដាក់លើការងារអនាម័យ ។ ការងារនេះបានចាប់ផ្តើមកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ដែលតាមគម្រោងសួនច្បារនឹងហើយរួចរាល់ក្នុងរយៈពេល ៦ ខែ ឯវិមានឯករាជ្យចន្លោះពី ៦ ទៅ ៩ ខែ ដោយសារសំណង់នេះមានក្បាច់មានរចនាច្រើន ។ នេះជាសមិទ្ធផលថ្មីបន្ថែមលើសមិទ្ធផលទាំងឡាយ ដែលបានកើតឡើងរួចមកហើយ ក្រោមកិច្ចប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ដូចជា បណ្តាញអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធកើតឡើងខ្វាត់ខ្វែងក្នុងក្រុងទាំងមូល ពិសេសផ្លូវមួយខ្សែ បម្រើផ្នែកវិស័យសេដ្ឋកិច្ចដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល នោះគឺផ្លូវខេត្តលេខ ១៣៣២ តភ្ជាប់ទៅព្រំដែននៃប្រទេសវៀតណាម ។
ជាមួយនឹងសមិទ្ធផលទាំងនេះ វាជាគំនាស់មួយដាស់ដល់បណ្តាម្ចាស់ដីឡូត៍ទាំងឡាយ ឲ្យពួកគាត់រួសរាន់មកកែលំអ ឬសង់ជាសំណង់ផ្សេងៗ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តក្នុងបំណងផលប្រយោជន៍ទាំងអស់គ្នា ។ តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៩ ក្នុងឱកាសប្រារព្ធទិវាមច្ឆជាតិនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ឲ្យរៀបចំសម្អាតភូមិឋាន ធ្វើរបងផ្ទះ និងប្រមូលពន្ធលើដីមិនប្រើប្រាស់ គណៈកម្មការបានរកឃើញថា ដីចំនួន ១.២១៥ឡូត៍ ដែលប្រជាពលរដ្ឋទិញទុកចោលទំនេរ បណ្តាលឲ្យដុះព្រៃទ្រប់ទ្រុល ប៉ះពាល់សោភ័ណភាពទីក្រុង ប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរជាសាធារណៈលើការដឹកនាំរបស់ខេត្ត ។ ក្រោយពីរកឃើញបញ្ហានេះអាជ្ញាធរបានអំពាវនាវឲ្យម្ចាស់ដីទាំងនោះមកកែលំអ តែជាលទ្ធផលទទួលបានតិចតួចបំផុត ដោយម្ចាស់ដីទាំងនោះភាគច្រើនជាអ្នករស់នៅក្រៅខេត្តកែប ៕
ដោយ : សិលា
No comments:
Post a Comment