ព្រះសីហនុ: ក្រុមអ្នកមានលុយមួយចំនួន បាននាំគ្នាអង្កន់ឆ្នេរសមុទ្រ ក្នុងតំបន់ព្រែកត្រែងខេត្តព្រះសីហនុ ដើម្បីធ្វើការគ្រប់គ្រង ដោយពួកគេបានប្រើប្រាស់រូបភាពស្នើរសុំ ស.ជ.ណ វិនិយោគពីរាជរដ្ឋាភិបាលទាំងអស់ និងច្បាប់ទម្លាប់វិនិយោគរួចរាល់ហើយ តំបន់ឆ្នេរទាំងនោះបានត្រឹមតែសាងសង់ខ្ចូស ឬក៏បោះបង្គោលរបងហ៊ុំពទ្ធ័កំណត់សំគាល់ព្រំទុក សម្រាប់រកម៉ូយលក់ច្បាប់វិនិយោគបន្តតែប៉ុណ្ណោះ ។
ពីក្បាលស្ពានព្រែកត្រែងដល់ចំណុចថ្នល់បទ មានចម្ងាយជិត ២ គីឡូម៉ែត្រ មានក្រុមហ៊ុនមួយបានបោះបង្គោលរបងរក្សាទុកដីនេះជាយូរយាមកហើយ នៅមិនទាន់មានការកសាង ឬអភិវឌ្ឍន៍អ្វីជាដុំកំភួននៅឡើយទេ ចំពោះក្រុមហ៊ុនមួយនោះ ក៏ប្រើប្រាស់រូបភាពវិនិយោគដោយមាន ស.ជ.ណពីរាជរដ្ឋាភិបាលដែរ ។ កន្លងមក គេកសាងជាសួនច្បារមួយ មានដាំផ្កាបួនដប់ដើម ហើយគេបានជំទាលប្រាប់មហាជនថា ជាសួនច្បារសម្តេច ហ៊ុន សែន លុះក្រោយមកសួនច្បារនោះពុំមានអ្នកថែទាំក៏ខ្ទេចខ្ទីអស់ទៅ ។
មន្ត្រីសាលាខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ ចាប់តាំងពីរោងចក្រប្រេងកាតមកដល់ឆ្នេរអូរត្រេះក្រុងព្រះសីហនុ មានបណ្តោយប្រមាណរាប់គីឡូម៉ែត្រ ពុំមានចំណុចឆ្នេរកន្លែងណាមួយ ដែលជាអចលនៈទ្រព្យរបស់រដ្ឋ ហើយគ្រប់គ្រងដោយរដ្ឋនោះទេ គឺមានតែចំណុចឆ្នេរអូរឈើទាលមួយគត់ ដែលត្រូវបានគ្រប់គ្រងដោយសាលាខេត្តព្រះសីហនុ ក្រៅពីនោះកុំថាឡើយតែប្រជាពលរដ្ឋ និងភ្ញៀវទេចរ សូម្បីតែមន្ត្រីរាជការក្នុងខេត្តព្រះសីហនុ ក៏ពិបាកចូលទៅជិតតំបន់ឆ្នេរទាំងនោះដែរ ។ ចំពោះករណីទាំងអស់នេះ សំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល គប្បីចំណាត់ការសើរើនូវកិច្ចសន្យារបស់ក្រុមហ៊ុនវិនិយោគ តាមតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុជាបន្ទាន់ដើម្បីចៀសវាង កុំឲ្យមានការជួញដូរស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ។
គួរបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់ដែលមានការស្នើសុំ ស.ជ.ណ វិនិយោគតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ សុទ្ធស៊ឹងតែមានដីជាប់មាត់សមុទ្រ ដើម្បីទុកដីរបស់ពួកគេលក់បានថ្លៃ គឺមានតែការដណ្តើមយកដីចំណីសមុទ្រ ដែលជាអចលនៈទ្រព្យរបស់រដ្ឋ មកភ្ជាប់លក់ជាមួយគ្នាតែម្តង ដូច្នេះការលោភលន់របស់ក្រុមអ្នកមានអំណាច និងអ្នកមានលុយកាក់ទាំងនោះគេបានប្រើប្រាស់គ្រប់រូបភាព ទាំងអស់ ទោះបីស្ថិតក្នុងស្ថានភាពពុករលួយកម្រាស់ណាក៏ដោយចុះ ៕
No comments:
Post a Comment