រាជធានីភ្នំពេញ ៖ ព្រះវិហារវត្តនាគវ័នត្រូវបានបើកដំណើរការជួសជុលដែលជាអំណោយរបស់សាលារាជធានីភ្នំពេញ ។ កាលពីព្រឹកថ្ងៃទី១៥ មករា ដើម្បីជាការចាប់ផ្តើមជួសជុល សាលាខណ្ឌទួលគោកបានរៀបចំធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ ក្រោមអធិបតីភាពលោកសេង រតនៈ ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាអភិបាលខណ្ឌទួលគោក និងលោកស្រីនួន មុនីរតនា ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការជុំវិញសាលាខណ្ឌនិងព្រះសង្ឃយ៉ាងច្រើនកុះករ ។
តាមមន្ត្រីសាលាខណ្ឌទួលគោកម្នាក់ឱ្យដឹងថា ដោយមើលឃើញព្រះវិហារវត្តនាគវ័នមានសភាពចាស់ទ្រុឌទ្រោម សាលារាជធានីភ្នំពេញក៏បានផ្តល់ថវិកាសំរាប់ជួសជុលដើម្បីទុកឱ្យពុទ្ធបរិស័ទ ព្រះសង្ឃប្រតិបត្តិធម៌ និងធ្វើបុណ្យទានតាមប្រពៃណីសាសនា ។ មន្ត្រីរូបនេះបានឱ្យដឹងទៀតថា ជាជំហានដំបូងត្រូវជួសជុលព្រះវិហារផ្នែកខាងលើសិន តាមគំរោងត្រូវចំណាយថវិកាអស់ចំនួន៤ម៉ឺនដុល្លារ ។ ក្រោយមកនឹងបន្តជួសជុលផ្នែកខាងក្រោមវិហារម្តងទៀត ។
ក្រៅពីធ្វើការជួសជុលព្រះវិហារ នៅមានការកសាងព្រះពុទ្ធរូបប្រក់នាគ និងកសាងស្តូបដាក់ព្រះពុទ្ធរូបនៅចំកណ្តាលស្រះទឹកក្នុងវត្តទៀតផង ។ ចំពោះការកសាងស្តូបនោះមានរចនាបថ ដូចស្តូបលោកយាយពេញ ដែលត្រូវចំណាយថវិកាចំនួន១ម៉ឺនដុល្លារ ។ តាមគំរោងនៃការជួសជុលព្រះវិហារមានរយៈពេល៤ខែ ដែលប្រើប្រាស់ថវិកាសាលារាជធានីភ្នំពេញ ។ ព្រះវិហារវត្តនាគវ័ន បានកសាងឡើងនៅក្នុងឆ្នាំ១៩៦៧ ដែលមកដល់ពេលនេះមានរយៈពេល៤៤ឆ្នាំហើយ និងមានសភាពទ្រុឌទ្រោមផងដែរ ៕
(រូបថត ជលធា)
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment