Thursday, January 20, 2011

កម្លាំង​ចម្រុះ​អាជ្ញាធរ​ខេត្ត​ចុះ​អនុវត្ត​ការ​ងារ​រុះ​រើ​សំណង់​អនាធិបតេយ្យ​រឹប​អូស​បាន​ឈើ​ប្រណិត​មួយ​ចំនួន​ធំ

ព្រះវិហារ​ ៖ នៅ​ថ្ងៃ​ទី​១៧​ដល់​១៩​ខែ​មករា​ឆ្នាំ​២០១១​កម្លាំង​ចំរុះ​ដឹក​នាំ​ដោយ​លោក​សថាវី​អភិបាល​រង​ខេត្ត​លោក​ឧត្ដម​វរសេនីយ៍ត្រី​ស្រី​បូ​រ៉ា​មេ​បញ្ជាការ​រង​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​លោក​ ប៉ុល ខាំណារ៉េត នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​និង​លោក ថុល គឹមហុង ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​ចុះ​ទៅ​ធ្វើ​ប្រតិបត្តិការ​ពិសេស​ចុះ​រុះ​រើ​សំណង់​អនាធិបតេយ្យ​បាន​ចំនួន​៩៧​កូន​ខ្ទម​ដែល​ពុំ​មាន​មនុស្ស​រស់​នៅ​សង់​ទុក​ចោល​តាម​ប្លង់​ដី​នីមួយ​ៗ​ស្ថិត​នៅ​ចំណុច​ស្វាយ​ជ្រុំ​ក្នុង​ភូមិ​ឬស្សី​ឃុំ​កន្ទួត​ស្រុក​ជាំ​ក្សាន្ត​។
លោក​អភិបាល​រង​ខេត្ត​បញ្ជាក់​ទៀត​ថា​ក្នុង​ការ​ចុះ​អនុវត្ត​ការ​ងារ​ខាង​លើ​កម្លាំង​ចម្រុះ​បាន​ជួប​ប្រទះ​ការ​លាក់​ស្តុក​ទុក​បទ​ល្មើស​ព្រៃ​ឈើ​មាន​ដូច​ជា​ឈើ​ក្រញូង​បេង​នាង​នួន​ធ្នង់​ គគីរ​នៅ​តាម​ផ្ទះ​និង​សិប្បកម្ម​របស់​ជន​ល្មើស​ឈ្មោះ​ វ៉ាន់​ទឹង ​និង​ឈ្មោះ​ គិន​ចាន់​ថា ​ហៅ ​សាំង​សន​ ដែល​លួច​ធ្វើ​ការ​កែ​ច្នៃ​ឈើ​គ្រញូង​មាន​រាង​ជា​ដុំ​ទ្រវែង​មាន​កម្រាស់​ពី​៨​ទៅ​១០​សង់ទីម៉ែត្រ​ប្រវែង​៦​ទៅ​៨​តឹក​ចំនួន​១៦​ការុង​ក្នុង​១​ការុង​មាន​ទម្ងន់​៦០​ទៅ​៧៤​គីឡូ​ក្រាម​ដើម្បី​លួច​លាក់​ដឹក​យក​ទៅ​លក់​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​ដោយ​រឹប​អូស​បាន​ជញ្ជីង​ថ្លឹង​ទម្ងន់​១០០​គីឡូ​ក្រាម​ចំនួន​១​និង​គោយន្ត​ច្នៃ​ចំនួន​១​ពេល​នេះ​គំនរ​ឈើ​ប្រណិត​និង​វត្ថុ​តាង​បាន​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត​។
ចំណែក​ជន​ល្មើស​ទាំង​២​នាក់​ខាង​លើ​ត្រូវ​បាន​មន្ត្រី​តុលាការ​ចេញ​ដី​កា​តាម​ចាប់​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។
គួរ​បញ្ជាក់​ថា​សំណង់​ប្រជា​ពល​រដ្ឋ​កំពុង​រស់​នៅ​គឺ​ក្រុម​ការ​ងារ​នឹង​អោយ​ពួក​គាត់​ទៅ​រស់​នៅ​ក្នុង​ភូមិ​ធម្មជាតិ​សម្ដេច​តេ​ជោ​វិញ​ដោយ​ទទួល​បាន​ប្លង់​ដី​ទំហំ​១០០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ក្នុង​១​គ្រួសារ​៕
មង្គល

No comments:

Post a Comment