ភ្នំពេញ: សម្តេចប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលរបស់សម្តេច មិនបានពុករលួយ ក្នុងការប្រើប្រាស់ជំនួយរបស់បរទេសឡើយ។ ការបញ្ជាក់យ៉ាងដូច្នេះ ដើម្បីឆ្លើយតបនឹងការរិះគន់លើការប្រើប្រាស់ជំនួយ។
ក្នុងពិធីសម្ពោធអគារមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន ដោយចំណាយទឹកប្រាក់ប្រមាណ ១២ លានដុល្លារ កាលពីព្រឹកថ្ងៃទី២០មករា ឆ្នាំ២០១១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ និងការដេញថ្លៃសាងសង់អគារមន្ទីរពេទ្យខេត្តកំពង់ចាមនេះ ត្រូវដេញថ្លៃនៅប្រទេសជប៉ុន និងសាងសង់ដោយក្រុមហ៊ុនជប៉ុនទាំងអស់។ ដូច្នេះគួរតែអ្នកទាំងឡាយ ដែលនៅតែនិយាយដដែលៗ ទាក់ទិនជាមួយនឹងការប្រើប្រាស់ជំនួយ មិនចំទិសដៅនោះ ក៏ល្មមនឹងដឹងខ្លួន ហើយក៏អាចនឹងរកការបញ្ជាក់យ៉ាងណា ក៏រកការបញ្ជាក់ពីទូតជប៉ុនទៅចុះ ព្រោះបញ្ហានេះ គឺដាក់ឲ្យដេញថ្លៃនៅប្រទេសជប៉ុន និងកសាងដោយក្រុមហ៊ុនជប៉ុន។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចមកថ្ងៃនេះ គ្រាន់តែកាត់ខ្សែបូព៌ ទទួលយកតែប៉ុណ្ណោះ។ ដូច្នេះកុំនិយាយអាពាក្យពុករលួយៗ នៅដដែលៗ អត់ទៅណារួច។ និយាយរួម សឹងមួយជីវិតរបស់គាត់ គាត់តែប៉ុណ្ណឹង។ តែតាមពិតការដេញថ្លៃ ការសាងសង់ និងការត្រួតពិនិត្យគុណភាពស្អីៗ ត្រូវធ្វើឡើងដោយជប៉ុន ហើយមកជេររដ្ឋាភិបាលខ្មែរថា ពុករលួយ ទៅវិញ។
សេចក្តីបញ្ជាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាលដូច្នេះ បានធ្វើឡើង ស្របពេលដែលប្រទេសកម្ពុជា កំពុងតែធ្វើសង្គ្រាមប្រឆាំងនឹងជនពុករលួយ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ របស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ។
ចុងក្រោយនេះ មានមន្ត្រីពន្ធដារ ព្រះរាជអាជ្ញា ស្នងការប៉ូលិស និងឧត្តមសេនីយ៍ជាច្រើនរូប ត្រូវបានដាក់ទណ្ឌកម្ម និងចាប់ខ្លួន បញ្ជូនទៅកាត់ទោសនៅតុលាការ ក្រោមការចោទប្រកាន់ពីបទពុករលួយ ៕
ដោយ : លីហូវ CEN
No comments:
Post a Comment