Thursday, January 20, 2011

ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ប្រឈម​នឹង​ការផ្តាច់​អគ្គិសនី ដោយសារ​ជំពាក់​លុយ​គេ​

ស្វាយរៀង: ​ចុងខែ​មករា ឆ្នាំ​២០១១​នេះ ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​អាច​នឹងត្រូវ​ខាង​អគ្គិសនី​ ខេត្តស្វាយរៀង​ធ្វើការ​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជា​បណ្តោះអាសន្ន បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ផ្នែក​អគ្គិសនី​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១១ ។​

    ​លោក ស៊ឹម ស៊ីធរ ប្រធាន​អគ្គិសនី​កម្ពុជា​ខេត្តស្វាយរៀង​បាន​បន្តថា ចាប់ពី​ចុងឆ្នាំ​២០០៦ មកទល់​និង​ខែវិច្ឆិកា ឆ្នាំ​២០១០​នេះ ខាង​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បាន​ជំពាក់​ប្រាក់​ថ្លៃ​ ប្រើប្រាស់​ចរន្តអគ្គិសនី​កម្ពុជា​ខេត្តស្វាយរៀងចំនួន៧២២. ៥៨៥.០០០​រៀល ហើយ​បើ​ពុំ​ទូទាត់​ថវិកា​ឱ្យ​នោះទេ​ខាង​អគ្គិសនី​នឹងធ្វើ​ការផ្តាច់​ភ្លើង​ តែ​ម្តងនា​ចុងខែ​នេះ ។​
 
   ​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា រហូតមកដល់​ថ្ងៃនេះ​នៅ​ពុំទាន់​មានការ​ឆ្លើយតប​នៅឡើយ ហើយក៏​ពុំទាន់​បាន​សង​រំ​លោះ​នោះដែរ ។ ចំពោះ​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​នាពេលខាងមុខ​នេះ គឺ​ផ្តាច់​តែ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​តែប៉ុណ្ណោះ ពុំ​ប៉ះ ពាល់​ដល់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​សាធារណៈ​នោះឡើយ ។​
​  
  ​ចំណែក​មន្ត្រី​មួយរូប​ដែល​បំរើ​ការងារ​នៅ​ទីស្នាក់ការ​ព្រំដែន​អន្តរជាតិ​បាវិតបានឱ្យដឹង ថា រឿង​ថ្លៃ​ជំពាក់​អគ្គិសនី​នោះ​ខាង​ទីស្នាក់ការ​បាន​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ ​ហើយ ប៉ុន្តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពុំទាន់​ទំលាក់​ប្រាក់​ដើម្បី​យក មក​ទូទាត់​ថ្លៃ​អគ្គិសនី​នោះទេ ។​
​  
  ​ពាក់ព័ន្ធ​និង​ករណីនេះ​ខាង​សាលាខេត្ត​ស្វាយរៀង​ក៏បាន​ធ្វើលិខិត​លេខ ១១ ល​.​ខ ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១១ គោរព​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​ថវិកា​ទូទាត់​សោហ៊ុយ​ប្រើប្រាស់​ ថាមពល​អគ្គិសនី ជូន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ផងដែរ ។ នៅក្នុង​លិខិត​លេខ ១១ ល​.​ខ របស់​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹង​ទៀតថា យោង​លិខិត​លេខ ១៤៥ អ​.​ក​.​ស្វរ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១០ របស់​អគ្គិសនី​ស្វាយរៀង និង​យោង​លិខិត​លេខ ៣៨ ល​.​ប​.​វ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១០ របស់​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ខេត្តស្វាយរៀង​នាពេល​ បច្ចុប្បន្ន​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី របស់​អគ្គិសនី​ស្វាយរៀង​ចាប់ពី​ខែមករា ឆ្នាំ​២០០៦ រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ​២០១០​នេះ​អស់​ទឹកប្រាក់​ចំនួន ៨៨២. ០៥០.០០០​រៀល ក្នុងនោះ​សាលាខេត្ត​បាន​យក​ថវិកា​រដ្ឋបាល​រប​ស់​សាលាខេត្ត​ធ្វើការ​ទូទាត់​ ជូន​ដល់​អគ្គិសនី​ស្វាយរៀង​ចំនួន ៤​លើក ស្មើនឹង​ទឹកប្រាក់​ចំនួន ១៥៩.៤៦៥.០០០​រៀល នៅ​ខ្វះ​បំណុល​ចំនួន ៧២២.៥៨៥.០០០​រៀល​ទៀត​ពុំទាន់​ទូទាត់ ។ 

    ​យ៉ាងណាក៏ដោយ​ខាង​អគ្គិសនី​ស្វាយរៀង​នឹង​ធ្វើការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​នាពេល​ឆាប់ៗ​ខាងមុខនេះ បើ​ពុំបាន​ធ្វើការ​ទូទាត់​សោហ៊ុយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នោះទេ ជាហេតុ​ធ្វើឱ្យ ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ប្រឈម​នឹង​ការ​ គ្មាន​អគ្គិសនី​ប្រើប្រាស់​នាពេល​ឆាប់ៗ​ខាងមុខនេះ ៕

ដោយ : ចន្រ្ទា CEN

No comments:

Post a Comment