Thursday, January 20, 2011

ក្រសួង​យុត្តិធម៌​បញ្ជា​ឲ្យ​ព្រះ​រាជ​អាជ្ញា​ស៊ើប​អង្កេត​ករណី​អតីត​ស្នង​ការ​ខេត្ត​រតនគីរី​ចេញ​ក្រៅ​ឃុំ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរ

ភ្នំពេញ ៖​ ថ្លែង​ពេល​ចប់​ពិធី​សំណេះសំណាល​នៅ​ក្នុង​សិក្ខាសាលា ស្ដីពី​តួនាទី​តុលាការ និង មជ្ឈត្ដករ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ នៅ​សណ្ឋាគារ ហ៊ីហ្វាម៉ារី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ ២០១១​នេះ ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ឲ្យ​ដឹង​ថា ក្រសួង​បាន​ចេញ​លិខិត​មួយ ដើម្បី​ឲ្យ​ព្រះ​រាជ​អាជ្ញា​ខេត្ត​រតនគីរី​តាម​ដាន​ករណី​អតីត​ស្នង ការ​រូប​នេះ ដែល​កំពុង​ជាប់​ទោស ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​នៅ​ក្រៅ​ឃុំ និង​បង្ក​គ្រោះថ្នាក់​ចរាចរ។
ឯកឧត្ដម បាន​បន្តទៀតថា កាលណា​មានបាតុភាព​បែបហ្នឹង វាមិនសូវ​ល្អទេ នោះ​វាជាការងារ របស់​ពន្ធនាគារ។ ឯកឧត្ដម បន្តថា«ខ្ញុំ​អត់​ដឹង​យ៉ាង​ម៉េច​ដែរ ឥឡូវ​កំពុង​ឲ្យ​អយ្យការ​ឆែក​រឿង​ហ្នឹង​ឡើង​វិញ យ៉ាងម៉េច​បាន​ជា​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ទៅ​ជា​មាន​គ្រោះថ្នាក់​បែបនេះ។ ឥឡូវ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ពី​ព្រះ​រាជ​អាជ្ញា នៅ​ខេត្ត​រតនគីរី​នៅ​ឡើយ​ទេ»។
ឯកឧត្ដម បានឲ្យដឹងផងដែរថា ឯកឧត្ដម​នឹងឲ្យ​ព្រះរាជអាជ្ញា​ខេត្តរតនៈគីរី សួរនាំ​ជា​ប្រចាំ ដើម្បីកុំឲ្យ​មានបាតុភាពបែបហ្នឹង​កើតឡើងតទៅទៀត។ ឆ្លើយតបទៅនឹងសំណួរ​របស់​អ្នកសារព័ត៌​មាន ឯកឧត្ដម អង្គ វង្សវឌ្ឍានា បានបញ្ជាក់ដែរ​ថា ការអនុញ្ញាត​ឲ្យអ្នកទោស​ចេញពី​ពន្ធនាគារ វាជា ការងារ​របស់​ក្រសួងមហាផ្ទៃ រឿងដាក់ពិន័យ ឬដាក់ទោស​យ៉ាងណា​វាជារឿង​របស់​ក្រសួងមហា​ផ្ទៃ។
គួរ​បញ្ជាក់ថា​អ្នក​ទោស​ម្នាក់​ដែល​ត្រូវ​តុលាការ​ចោទ​​​ប្រកាន់​ឲ្យ​ជាប់​ទោស​ជាង​១០​ ឆ្នាំ បាន​ចេញ ពី​ពន្ធនាគារ​ហើយ​ជិះ​រថយន្ត​បុក​មនុស្ស​៣​នាក់​ឲ្យ​រង​របួស​បាក់​ភ្លៅ​ ឆ្វេង​ទាំងអស់​ហើយ​រត់​គេច​ខ្លួន​រួច​ដោយ​​មាន​មនុស្ស​ម្នាក់​ជា​អ្ន​ក​ អន្តរាគមន៍។ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​បង្ក​ឡើង​ដោយ​អ្នក​ទោស​ដែល​ មិន​ទាន់​បំពេញ​នៅ​ក្នុង​គុក​ផង នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១៧​និង​៥០​នាទី ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ អនុវិទ្យាល័យ​អន្តេវាសិកដ្ឋាន​បាន​លុង ដែល​បង្ក​ឡើង​ដោយ​រថយ​​ន្ត​ម៉ាក​ថៃហ្គ័រ ពណ៌​ត្រី​ឆ្លូញ ពាក់ ស្លាក​លេខ ភ្នំពេញ 2F1672 បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់​បាក់​ភ្លៅ​ខាង​ឆ្វេង​ទាំង​៣​នាក់​ ហើយ​គ្រោះ​ថ្នាក់​នេះ​បង្ក​ឡើង​ដោយ​អ្នក​ទោស​ម្នាក់ ឈ្មោះ​យឿង បាលូង ហៅ​តា​ពូលូង អតីត​ស្នង​ការ​នគរបាល​ខេត្ត​រតនគីរី។
អ្នក​បើក​បរ​ម៉ូតូ​មាន​ឈ្មោះ​ថាំង ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខ​របរ​កម្មករ​សំណង់ និង​ឈ្មោះ​សំ កែវ ភេទប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​កម្មករ​សំណង់ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​អូរជុំ ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគីរី ​និង​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​ទៀត​ឈ្មោះ​ឆេង ងួន ភេទ​​ប្រុស អាយុ​៤០​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខ​របរ​រត់​ម៉ូតូ​ឌុប មាន​ទីលំនៅ​ភូមិ​មួយ សង្កាត់​ឡាបានសៀក ក្រុង​បានលុង​ ខេត្ត​រតនគីរី អ្នក​ទាំង​៣​ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​ខាង​ឆ្វេង​ដូច​គ្នា​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​បានលុង។
បងស្រី​គី ស៊ីថា និង​លោក​ដេន ធី ដែល​ត្រូវ​ជា​ពូ និង​ម្ដាយ​មីង​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ឲ្យ ដឹង​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មករា ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​រង​របួស​បាក់​ភ្លៅ​ខាង​ឆ្វេង​ទាំង អស់ ហើយ​របួស​មាន​សភាព​ធ្ងន់​ក៏​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ដោយ​សារ​តែ​រថយន្ត​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះយឿង បាលូង ហៅ​តា​ពូលូង ជា​អតីត​ស្នង​ការ​នគរបាល​ខេត្ត​រតនគីរី ត្រូវ​បាន​តុ លាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ខេត្ត​រតនៈគីរី ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់ កន្ទុយនាគ កាល​ពី​អំឡុង​ឆ្នាំ​២០០៤ ក្បែរ​ព្រំប្រទល់​ប្រទេស​ឡាវ។
តាម​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​យឿង​ បាលូង​នេះ​បាន​សុំ​មន្រ្តី​ពន្ធនាគារ​ដើម្បី ចេញ​មក​មើល​ចំការ​របស់​ខ្លួន ហើយ​ក៏​កើត​គ្រោះ​ថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​ម​នុស្ស​៣​នាក់​រង​របួស​ធ្ងន់ យ៉ាង​នេះ។
កម្ពុជា​ថ្មី​បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​លោក ងិន ណែល ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ​ផង​ដែរ តែ​មិន មាន​ការ​ឆ្លើយ​តប ដោយ​រវល់​និយាយ​ជាមួយ​ក្រុម​គ្រួសារ។

កោះកែវ

No comments:

Post a Comment