ក្រចេះ: ក្រុមហ៊ុន Kamad Hennu Venture មកពីប្រទេសឥណ្ឌា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០១១នេះ មានទីតាំងនៅស្រុកសំបូរ ខេត្តក្រចេះ ដែលជារោងចក្រផលិតស្ករសថាមពលអគ្គិសនី និង អេតាណុល ដោយមានចូលរួមរបស់លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, អ្នកវិនិយោគិនឥណ្ឌានិងក្រុមមន្ត្រីជាច្រើនរូបទៀត ។
លោកឧបនាយករដ្ឋមន្ត្រីគាត ឈន់ មានប្រសាសន៍ថា ការបើកការដ្ឋានសង់រោងចក្រផលិតស្ករសថាមពលអគ្គិសនី និង អេតាណុលនាពេលនេះ ជាសមិទ្ធផលថ្មីនឹងរួមចំណែកប្រកបដោយចីរភាពដល់កិច្ចអភិវឌ្ឍនិងលើក កំពស់ជីវភាពរបស់ប្រជាពលរដ្ឋ ហើយក៏បានប្រែក្លាយតំបន់នេះទៅជាមូលដ្ឋានផលិតកម្មមួយនៃផលិតផលស្ករស និងថាមពលអគ្គីសនី ។ លោកបានមានប្រសាសន៍ថា កម្ពុជាពិតជាមានសក្តានុពលដ៏ខ្លាំងក្លាលើការដាំដុះដំណាំអំពៅ សម្រាប់កែច្នៃជាស្ករសស្របគ្នាទៅនឹងការប្តេជ្ញាចិត្តក្នុងដំណើរ ឆ្ពោះទៅមុខរបស់កម្ពុជាលើការអភិវឌ្ឍវិស័យឯកជនដូចជាការជំរុញ លើកទឹកចិត្តដល់ការវិនិយោគ។
លោកបានមានប្រសាន៍បន្ថែមថា យើងទាំងអស់គ្នាពិតជាមានមោទនភាពចំពោះសមិទ្ធផលថ្មីនេះពីព្រោះថា កាលានុវត្តភាពថ្មីៗជាច្រើនលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនឹងកើតឡើង ព្រមគ្នា ក្នុងនោះមានការបង្កើនផលិតភាពជាតិការបង្កើតការងារថ្មីៗនិងការបង្កើត មុខរបរចិញ្ចឹមជីវិត។
លោកអាណាន់ ដាកកូម៉ា ប្រធានក្រុមហ៊ុន Kamad Hennu Ven ture បានមានប្រសាសន៍ថា ការដ្ឋាននេះនៅពេលសងសង់រួច រោងចក្រនឹងអាចផលិតស្ករសបានប្រមាណ ១០០.០០០ តោន ក្នុងមួយឆ្នាំ ។ ហើយរោងចក្រនេះក៏មានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ចំនួន ២៦ មេហ្គាវ៉ាត់ ជារៀងរាល់ម៉ោង និងផលិតចេញជាអេតាណុលបានចំនួន ៣៥.០០០ លីត្រ ក្នុងមួយថ្ងៃ ហើយនៅក្នុងរយះពេល ៥ ទៅ ៧ ឆ្នាំ ទៀតរោងចក្រនេះនឹងមានសមត្ថភាពផលិតកើនឡើងខ្ពស់ជាបន្តបន្ទាប់សំរាប់ បំពេញសេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន និង ប្រែក្លាយតំបន់នេះទៅជាតំបន់អភិវឌ្ឍនថ្មីមួយនៅភូមភាគនេះ ។
មកទល់ពេលនេះប្រទេសកម្ពុជាបាននិងកំពុងកសារោងចក្រស្ករអំពៅបាន ប្រមាណជា ៣កន្លែងហើយ មួយនៅកោះកុង កំពង់ស្ពឺ និងខេត្តក្រចេះ៕
ដោយ : បរិបូណ៍ CEN
No comments:
Post a Comment