ភ្នំពេញ: វិទ្យុអាស៊ីសេរី RFA ដែលមានមូលដ្ឋានធំនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់មួយ ចុះថ្ងៃទី១៩មករា ឆ្នាំ២០១១ ដើម្បីបញ្ជាក់ពីជំហរ ចំពោះរាល់សំណួរនានា ទាក់ទងនឹងការចាក់ផ្សាយព័ត៌មានរបស់ខ្លួន។ សេចក្តីប្រកាសរបស់វិទ្យុអាស៊ីសេរីនេះ ក៏ដើម្បីឆ្លើយតបចំពោះសេចក្តីថ្លែងការណ៍របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មាន ជាភាសាអង់គ្លេស ចេញផ្សាយពីទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដែលបានចែកចាយដល់ក្រុមអ្នកកាសែត នាព្រឹកថ្ងៃទី២០មករា ឆ្នាំ២០១១ វិទ្យុអាស៊ីសេរី បានបង្ហាញថា ក្នុងនាមជាអង្គភាពព័ត៌មានឯករាជ្យមួយ វិទ្យុអាស៊ីសេរី មិនយល់ព្រម ឬក៏មិនកាន់ជើងភាគីណា លើបញ្ហាអ្វីមួយ ដែលបានផ្សាយចេញនោះទេ។ ជំនួយមកវិញ បេសកកម្មរបស់វិទ្យុអាស៊ីសេរី គឺការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ដំណឹងមិនកាន់ជើងខាងណា និងផ្តល់វេទិកាឲ្យមានការបញ្ចេញមតិ ទស្សនៈ និងគំនិតយោបល់នានា។
សេចក្តីប្រកាសព័ត៌មានដដែល ក៏បានលើកឡើងថា រាល់សំណួរនានា ដែលទាក់ទងនឹងការរិះគន់ក្នុងការចាក់ផ្សាយនូវព័ត៌មាន គួរគប្បីតែសំដៅទៅកាន់បុគ្គល ដែលបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ មិនមែនសំដៅមកកាន់វិទ្យុអាស៊ីសេរីទេ។ ម្យ៉ាងវិញទៀត ខណៈដែលប្រទេសកម្ពុជា កំពុងតែបន្តជ្រោមជ្រែងបង្កើនឲ្យមានតម្លាភាព គឺរាជរដ្ឋាភិបាលកម្ពុជាគប្បីចងចាំថា សេរីភាពបញ្ចេញមតិ រាប់ទាំងក្រុមប្រឆាំង និងការរិះគន់លើមន្ត្រីគណបក្សកាន់អំណាច និងនយោបាយនានា គឺជាការបើកចំហរ និងសង្គមប្រជាធិបតេយ្យ។
ជាការកត់សម្គាល់ សេចក្តីប្រកាសរបស់វិទ្យុអាស៊ីសេរីខាងលើនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ជាចំហរ ដោយបានចាត់ទុកថា បទវិចារណកថារបស់វិទ្យុអាស៊ីសេរី ជាខេមរភាសា ចាក់ផ្សាយកាលពីថ្ងៃទី១៤មករា ឆ្នាំ២០១១ និងចាក់ផ្សាយឡើងវិញ នៅថ្ងៃទី១៧មករា ឆ្នាំ២០១១ បានបំភ្លៃ ដោយធ្វើការវាយប្រហារនយោបាយលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នោះគឺការស្រង់សម្តីរបស់ លោក ប្រេដ អាដាម របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលបានរិះគន់លើសម្តេច ហ៊ុន សែន ចំពោះការដែលសម្តេច បានធ្វើជានាយករដ្ឋមន្ត្រីយូរឆ្នាំ។ សម្តេច ហ៊ុន សែន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់តាំងពីថ្ងៃទី១៤មករា ឆ្នាំ១៩៨៥។
ក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋាភិបាលបានគូសបញ្ជាក់ថា ចំណុចសំខាន់ក្នុងអត្ថបទរបស់វិទ្យុអាស៊ីសេរីនោះ គឺមិនមែនដើម្បីអបអរសាទចំពោះការបំរើប្រទេសកម្ពុជាអស់រយៈពេល ២៦ ឆ្នាំ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែវាជាការប៉ុនប៉ងដកហូតសិទ្ធិអ្នកបោះឆ្នោត ដែលបានបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០០៨ និងជាការបំផ្លាញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាការលើកតម្កើងគណបក្សប្រឆាំងជាមួយនឹងការសម្លឹងឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ទៅវិញទេ។
សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ថា ជាមួយនឹងបទវិចារណកថា មានភាពរើសអើងប្រឆាំងដ៏ធ្ងន់ធ្ងរនោះ ក៏បានធ្វើឲ្យគេដឹងថា វិទ្យុអាស៊ីសេរី កំពុងធ្វើការប្រកាសនូវការចាប់ផ្តើមនៃរដូវកាលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់អាណត្តិក្រោយហើយ៕
ដោយ : លីហូវ CEN
No comments:
Post a Comment