Thursday, January 20, 2011

មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ឡើង​ជ្រញ់​ដោយ​សារ​មាត់​​ដាច​និយាយ​មិន​ពិត

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​សំ ច័ន្ទគា មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់​ឆ្នាំង​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​អញ្ជើញ​​ចូល​សវនា​ការ​តាម​បណ្តឹង​របស់​ក្រុម​ហ៊ុន​ខេ ឌី ស៊ី ក្នុង​បទ​ចោទ​ប្រកាន់​​ពី​បទ​បរិហា​កេរ្តិ៍​ ដែល​បាន​ផ្តល់​ព័ត៌​មាន​មិន​ពិត​ដល់​វិទ្យុ​អាស៊ី​សេរី​​យក​ទៅ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ក្នុង​អង្គ​សវនា​ការ​មាន​លោក​សាន សុផាត ចៅ​ក្រម​ជំរះ​ក្តី លោក​ហេង លុយ តំណាង​អយ្យ​ការ​ ព្រម​ទាំង​មេធាវី​ដើម​បណ្តឹង​មួយ​រូប មេធាវី​ចុង​ចំលើយ​២​រូប ព្រម​ទាំង​លោក​ថៃ ហ៊ី ភាគី​ដើម​បណ្តឹង​តំណាង​ក្រុម​ហ៊ុន​ខេ ឌី ស៊ី និង​លោក​សំ ច័ន្ទគា ភាគី​ចុង​ចំលើយ។ សវនា​ការ​នេះ​ក៏​បាន​ចូល​រួម​ពី​ក្រុម​អ្នក​សារ​ព័ត៌​មាន​ជាតិ​ជា​ច្រើន​រូប​ផង​ដែរ។
នេះ​ជា​លើក​ទី​១​ហើយ ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់​ឆ្នាំង​ត្រូវ​បាន​តុលា​ការ​កោះ​ហៅ​ចូល​សវនា​ការ​តាម​បណ្តឹង​ក្រុម​ហ៊ុន​ជា​ដើម​ចោទ។ អង្គ​សវនា​ការ​នេះ​បាន​ប្រព្រឹត្តិ​ទៅ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា ប៉ុន្តែ​ក្រោយ​ពី​ការ​ដេញ​ដោល​ចោទ​សួរ​រយៈ​ពេល​មួយ​ព្រឹក​នោះ លោក​ចៅ​ក្រម​បាន​ប្រកាស​ថា សាល​ក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ មករា ម៉ោង​៨​ព្រឹក​ខាង​មុខ​នេះ។
ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ថៃ ហ៊ី តំណាង​ឱ្យ​ក្រុម​ហ៊ុន​ខេ ឌី ស៊ី បាន​ចោទ​ប្រកាន់​លោក​សំ ច័ន្ទគា មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់​ឆ្នាំង​ ពី​បទ​បរិហា​កេរ្តិ៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ២០០៩ ដែល​បាន​រាយ​ការណ៍​​មួល​បង្កាច់​ទៅ​វិទ្យុ​អាស៊ី​សេរី​ថា ក្រុម​ហ៊ុន​បាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ទំនាស់​ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច។ ប៉ុន្តែ​ការ​ពិត ក្រុម​ហ៊ុន​មិន​បាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​នោះ​ទេ គឺ​ក្រុម​ហ៊ុន​គ្រាន់​តែ​យក​គ្រឿង​ចក្រ​ទៅ​កាយ​ប្រឡាយ​ចាស់​ជុំ​វិញ​ព្រំ​ដី​របស់​ខ្លួន​ឡើង​វិញ​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ណា​ឡើយ។ ចំណែក​ការ​កាយ​ប្រឡាយ​ចាស់តាម​ព្រំដី​របស់​ក្រុម​ហ៊ុន​នោះ ក៏​មាន​លិខិត​អនុ​ញ្ញាត​ពី​លោក​អភិ​បាល​ខេត្ត​យ៉ាង​ត្រឹម​ត្រូវ​ដែរ។
ចំណុច​នេះ​មេធាវី​ការ​ពារ​ចុង​ចោទ​បាន​ឆ្លើយ​តប​ថា លិខិត​នោះ​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ។ ប៉ុន្តែ​ភ្លាម​នោះ​លោក​ផាត់ ពៅសៀង មេធាវី​ដើម​បណ្តឹង​បាន​ឆ្លើយ​បំភ្លឺ​ថា មិន​មែន​មិន​បាន​ការ​ទេ។ សួរ​ថា អភិ​បាល​ខេត្ត​នេះ​នរណា​តែង​តាំង គឺ​ដោយ​ព្រះ​រាជ​ក្រឹត្យ ម៉េច​ថា​មិន​ផ្លូវ​ការ។ ក្រុម​ហ៊ុន​បាន​យក​គ្រឿង​ចក្រ​ទៅ​កាយ​ប្រឡាយ​ជុំ​វិញ​ដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន បើ​មិន​មែន​ស្រប​ច្បាប់​ទេ គ្មាន​នរណា​គេ​ហ៊ាន​ស៊ីញ៉េ​ឱ្យ​កាយ​ប្រឡាយ​នោះ​ដែរ។
លោក​មេធាវី​ដើម​បណ្តឹង​ក៏​បាន​បន្ថែម​ថា ពាក្យ​ថា​ ម្ចាស់​កម្ម​សិទ្ធិ​ គឺ​មាន​សិទ្ធិ​កាន់​កាប់​អាស្រ័យ​ផល។ ក្រុម​ហ៊ុន​បាន​ទិញ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍន៍ ឬ​លក់​ដូរ​បាន​អ្វី​ទាំង​អស់ ដោយ​សារ​មាន​ការ​តវ៉ា​ពី​​បុគ្គល​តែ​ប៉ុន្មាន​គ្រួសារ​នេះ​ មិន​មែន​ត្រឹម​តែ​ខាត​ក្រុម​ហ៊ុន​​នោះ​ទេ គឺ​ខាត​ដល់​ជាតិ​ទៀត​ផង ព្រោះ​គ្មាន​ការ​អភិ​វឌ្ឍន៍។ ដោយ​សារ​មានការ​តវ៉ា និង​ប្រឆាំង​​ពី​ជន​ខិល​ខូច​បែប​នេះ​ហើយ ទើប​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍន៍​បាន​អ្វី​ទាំង​អស់។ លើស​ពី​នេះ​ទៀត​មាន​ការ​ផ្សព្វ​ផ្សាយ​ថា ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ទៀត។ លោក​សួរ​ថា ទំនាស់​ឯណា? ក្រុម​ហ៊ុន​គ្រាន់​តែ​កាយ​ប្រឡាយ​​តាមព្រំ​ដី​របស់​ខ្លួន​សោះ​នោះ។ ដោយ​ហេតុ​ផល​នេះ​ហើយ​ទើប​​ក្រុម​ហ៊ុន​ប្តឹង​ពី​បទ​បរិហា​កេរ្តិ៍។
លោក​សំ ច័ន្ទគា បាន​ឆ្លើយ​តវ៉ា​ថា លោក​គ្មាន​កំហុស​ទេ ក្នុង​នាម​លោក​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ត្រូវ​តែ​រក​យុត្តិ​ធម៌​ឱ្យ​ប្រជា​ពល​រដ្ឋ​បែប​នេះ​ហើយ ថ្ងៃ​នោះ​ប្រជា​ពល​រដ្ឋ​ពិត​ជា​បាន​រាយ​ការណ៍​មក​លោក​ដែរ​ថា ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ គឺ​ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​លោក​តាម​ទូរ​ស័ព្ទ។ លោក​សាន សុផាត ចៅ​ក្រម​ជំនុំ​ជំរះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សំ ច័ន្ទគា ក្នុង​សវនា​ការ​នោះ​ថា «គ្រាន់​តែ​ឮ​សេចក្តី​រាយ​ការណ៍​តាម​ទូរ​ស័ព្ទ តែ​លោក​មិន​បាន​​ទៅ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ថ្ងៃ​នោះ​ទេ»។ ទោះ​ជា​យ៉ាង​ណា អង្គ​សវនា​ការ​បាន​ដេញ​ដោល​គ្នា​រហូត​ដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ដដែល ហើយ​ចុង​បញ្ចប់​បាន​បិទ​សវនា​ការ។ លោក​ចៅ​ក្រម​បាន​ប្រាប់​ដល់​អង្គ​សវនា​ការ​ថា នៅ​ថ្ងៃ​ទី​២៥ មករា ​វេលា​ម៉ោង​៨​ព្រឹក​នឹង​ប្រកាស​សាល​ក្រម​​លើ​សំណុំ​រឿង​នេះ។
ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ផ្តល់​បទ​សម្ភាសន៍​តាម​វិទ្យុ​អាស៊ី​សេរី​ថា បទ​បរិហា​កេរ្តិ៍​ត្រូវ​​មាន​ធាតុ​ផ្សំ​ចំនួន​៣។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះក៏​បាន​បក​ស្រាយ​ពី​ធាតុ​ផ្សំ​ទាំង​នោះ​ផង​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​ច្បាប់​ខ្មែរ​ដែល​បាន​តាម​ដាន​រឿង​នេះ​បាន​និយាយ​ថា ការ​បញ្ចេញ​មតិ​របស់​មន្ត្រី​រូប​នោះ គឺ​ពិត​ជា​ដើរ​លើស​មួយ​ជំហាន​ហើយ និង​លើស​តួនាទី​របស់​ខ្លួន​ ព្រោះ​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យើង​មិន​អាច​បញ្ចេញ​មតិ​អ្វី​បាន​នោះ​ទេ ព្រោះ​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រកាស​សាល​ក្រម​នៅ​​ឡើយ​ទេ។ ចំណែក​ក្រុម​អ្នក​សង្កេត​ការណ៍​និយាយ​ថា ព្រោះ​តែ​មេ​មាត់​ដាច​អាក្រក់​អីចឹង​បាន​ជា​កូន​ចៅ​អាក្រក់​តាម​ខូច​អស់។ ដូច្នេះ​ភាគី​ទាំង​សង​ខាង ឬ​អង្គ​ការ​​សង្គម​ស៊ីវិល​ទាំង​អស់​ត្រូវ​រង់ចាំ​សិន​ថា តើ​ការ​ប្រកាស​សាល​ក្រម​នោះ​មាន​យុត្តិ​ធម៌​ដែរ​ឬ​អត់?
ប្រភព​ដដែល​បាន​បន្ត​ថា យើង​គ្រាន់​តែ​ជា​អ្នក​សង្កេត​ការណ៍​ក្នុង​សវនា​ការ ថា​តើ​អង្គ​សវនា​ការ​មាន​សិទ្ធិ​ស្មើ​គ្នា​ឬ​អត់​រវាង​ភាគី​ដើម​បណ្តឹង និង​ចុង​ចំលើយ។ យើង​មិន​អាច​វែក​ញែក​ច្បាប់​មុន​ពេល​មាន​ការ​ប្រកាស​សាល​ក្រម​នោះ​ឡើយ។ កត្តា​នេះ​ហើយ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ ឬ​ស្មារតី​ផ្លូវ​ចិត្ត​នៃ​ការ​សំរេច​ក្តី​របស់​ចៅ​ក្រម​ដែល​ទទួល​បន្ទុក​​ក្នុង​រឿង​នេះ។
ទោះ​ជា​យ៉ាង​ណា ​ផ្ទៃ​ដី​ដែល​ក្រុម​ហ៊ុន​បាន​ទិញ​នៅ​ឆ្នាំ​២០០៧ គឺ​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ចំនួន​១០៥​ប័ណ្ណ ស្មើ​នឹង​៥១២​ហិកតា នៅ​ចំណុច​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច។ រហូត​មក​ដល់​ពេល​នេះ ដោយ​សារ​មាន​ការ​តវ៉ា​ពី​មនុស្ស​ខិល​ខូច​រំលោភ​បំពាន​មួយ​ក្តាប់​តូច ដែល​មិនមាន​ឯក​សារ​ច្បាស់​លាស់​ត្រឹម​ត្រូវ ឬ​លិខិត​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ដី​ធ្លី​នោះ ហើយ​ចង់​បាន​ដី​នោះ បាន​ធ្វើ​ការ​តវ៉ា​រហូត​មក​ដល់​ពេល​នេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​មិន​អាច​អភិ​វឌ្ឍន៍​អ្វី​បាន​ទាំង​អស់។
តំណាង​ក្រុម​ហ៊ុន​ខេ ឌី ស៊ី បាន​និយាយ​ឱ្យ​ដឹង​ថា នេះ​មិន​មែន​ខាត​តែ​ក្រុម​ហ៊ុន​ទេ គឺ​ខាត​ប្រយោជន៍​ជាតិ​ទៀត​ផង ព្រោះ​មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍន៍។ លើស​ពី​នេះ​ទៀត បើ​សិន​មិន​មាន​ការ​តវ៉ា​ពី​ជន​ខិល​ខូច​មួយ​ក្តាប់​តូច​ដែល​មាន​គំនិត «ឈ្នះ​បាន​ដី ចាញ់​បាន​ប្រាក់» នោះ​ទេ ម៉្លេះ​សម​ពេល​នេះ​ដី​នោះ​បាន​កើត​រោង​ចក្រ​យ៉ាង​ធំ​ដែល​អាច​ស្រូប​យក​កម្ម​ករ​រាប់​ពាន់​នាក់ ដែល​កត្តា​នេះ​បាន​ជួយ​សំរាល​បន្ទុក​រាជ​រដ្ឋា​ភិបាល ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​ផង​ដែរ។
តំណាង​ក្រុម​ហ៊ុន​ខេ ឌី ស៊ី បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា លោក​ច័ន្ទគា ភ័យ​ស្លន់​ស្លោ​ខ្លាំង​ណាស់ ក្រោយ​ពេល​បក​ស្រាយ​យ៉ាង​អាក្រក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ និង​ដឹង​ខ្លួន​ខុស​រួច​មក​ បាន​ទូរ​​ស័ព្ទ​ទំនាក់​ទំនង​មក​អង្វរ​តំណាង​ក្រុម​ហ៊ុន​ដើម្បី​សុំសំរួល និង​សារ​ភាព​កំហុស។ ប៉ុន្តែ​តំណាង​ក្រុម​ហ៊ុន​បាន​ប្រាប់​វិញ​ថា មិន​ចាំ​បាច់​មក «ប៉ាយ» ទេ ព្រោះ​អ្នក​ឯង​ដុត​ផ្ទះ​ក្រុម​ហ៊ុន​អស់​ទៅ​ហើយ មក​«ប៉ាយ»​ រក​​ខ្មោច​អី... ទុក​ឱ្យ​ច្បាប់​រក​យុត្តិ​ធម៌​តាម​កម្ម​ទៅ ដើម្បី​ជា​គំរូ​ដល់​អ្នក​ខូច​ដទៃ​ទៀត៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment