ភ្នំពេញ: គណៈប្រតិភូយោធាថៃមួយក្រុមបានចូលមកថ្វាយបង្គំនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២០មករានេះបន្ទាប់ពីទទួលការអនុញ្ញាតពី មេទ័ពកម្ពុជាប្រចាំទិសប្រាសាទព្រះវិហារតាមការស្នើសុំរបស់ពួកគេ។
លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អោយដឹងថា គណៈប្រតិភូយោធាថៃនោះមានសមាសភាពចំនួន៨នាក់ ដែលក្នុងនោះរួមមានអភិបាលខេត្តស៊ីសាកេតរបស់ថៃផង។ លោកខៀវ កាញារីទ្ធដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះបានមានប្រសាសន៍នៅរសៀលថ្ងៃព្រហស្បតិ៍ថាយើងអនុញ្ញាតអោយពួកគេ៨នាក់ជាមេៗ(យោធា) រួមទាំងចៅហ្វាយខេត្តស៊ីសាកេត។ ឥឡូវពួកគេចេញទៅវិញហើយ។
ទាហានថៃបានស្នើមកភាគីកម្ពុជាដើម្បីពួកគេបានចូលមកថ្វាយបង្គំនៅក្នុងវត្តកែវសិក្ខាគិរីស្វារៈដោយពួកគេក៏ចង់នាំជនស៊ីវិលមកផងដែរ ប៉ុន្តែ កម្ពុជាបានបដិសេធ។ តែទីបំផុត គេក៏បានអនុញ្ញាតឲ្យក្រុមយោធាថៃចូលក្នុងវត្ត។ ពួកគេចូលមកដល់ក្នុងវត្តតែមួយភ្លែតទេ ប្រហែល១០នាទី ហើយក៏ត្រឡប់ចេញទៅវិញដោយមានទាហានកម្ពុជានាំផ្លូវពួកគេរហូត។ក្រៅពីការថ្វាយបង្គំ ក្រុមទាហានថៃមិនបានពិភាក្សា និងលើកសំណើអ្វីនោះឡើយ។
ក្នុងពេលកន្លងមក មេបញ្ជាការកងទ័ពថៃធ្លាប់បានលើកសំណើមកខាងកម្ពុជា ដើម្បីបញ្ជូនទាហានថៃមកឈជើងនៅវត្តកែវសិក្ខាគិរីស្វារៈឡើងវិញ ប៉ុន្តែ កម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ។ បញ្ហានេះបានធ្វើអោយថៃបង្កើនកំលាំងទ័ពរបស់ពួកគេ ហើយយោធាកម្ពុជាបានស្ថិតនៅក្នុងភាពប្រុងជើងការខ្លាំង។ គេមិនដឹងថាថៃចង់ចូលមកទីនោះដើម្បីអិវីទេ៕
ដោយ : សម្បត្តិ CEN
No comments:
Post a Comment