កំពង់ចាម ៖ អគារមន្ទីរពេទ្យខេត្តកំពង់ចាម ដែលបំពាក់ទៅដោយឧបករណ៍បច្ចេកទេសពេទ្យដ៏ទំនើបៗ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនមានតម្លៃជាង១០ លានដុល្លារសហរដ្ឋអាមេរិកនោះ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២០ មករាក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយលោក ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលជាជំនួយឥតសំណងរបស់ជប៉ុនលើកទី ១ ដែលបាន សម្ពោធនៅក្នុងដើមឆ្នាំ២០១១នេះ ។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា អគារព្រមទាំងសម្ភារៈដ៏ទំនើបៗទាំងនេះជាផ្នែកមួយនៃជំនួយឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុន និងប្រទេសជប៉ុន ក្នុងចំណោមជំនួយជាច្រើនទៀតរបស់ជប៉ុន ដែលបានជួយចូលរួមក្នុងការស្តារ និង កសាងប្រទេសកម្ពុជាឡើងវិញក្រោយពីឆ្លងផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាសមិទ្ធផលមួយ យ៉ាងសំខាន់ឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងមូលដ្ឋាន ជាពិសេសនៅក្នុងខេត្តកំពង់ចាម ដែលជា ខេត្តមួយធំ និងមានប្រជាជនច្រើនជាងគេនោះ ។
ប្រជាពលរដ្ឋមានសុខភាពមាំមួន គឺជាកត្តាសារវន្ត នៃការបង្កើនសកម្មភាពផលិកម្មដែលជាតំរូវការចាំបាច់ សម្រាប់កំណើនសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ហើយនេះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ មន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ត្រូវយកចិត្តទុកដាក់ជាបឋមទៅលើការងារអប់រំសុខភាព ដែលជាកត្តាចម្បងមួយក្នុងការ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការអនុវត្តវិធានសុខភាពចាំបាច់នានា ដូចជាមានអនាម័យល្អក្នុងជីវភាពរស់ នៅប្រចាំថ្ងៃដើម្បីបង្ការជំងឺ ឬចៀសវាងជំងឺ ដូចពាក្យស្លោកដែលយើងធ្លាប់និយាយថា ការពារប្រសើរជាងព្យាបាលនោះ ។
ដើម្បីអន្តរាគមន៍នេះមានប្រសិទ្ធភាព ប្រជាពលរដ្ឋទាំងអស់ ពិសេស ប្រជាពលរដ្ឋដែលងាយប្រឈមមុខនឹងបញ្ហាសុខភាព ត្រូវតែទទួលបាននូវព័ត៌មានគ្រប់គ្រាន់ ដែលអាចជួយធ្វើឱ្យគេធ្វើការសម្រេចចិត្តត្រឹមត្រូវបានចំពោះមុខជម្រើសស្តីពីការថែទាំ សុខភាពនេះ ។
មូលដ្ឋានសុខាភិបាលសាធារណៈ ដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវតែអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពបំផុតនូវយន្តការចាំបាច់នានា ដើម្បីការពារប្រជាពលរដ្ឋក្រីក្រ និង គ្រួសារដែលមានប្រាក់ចំណូលទាបឱ្យចៀសផុតពីអន្ទាក់នៃភាពក្រីក្រ ហើយសម្រាប់ពេលខ្លី និង មធ្យមក្រសួងសុខាភិបាលក៏ដូចជាវិស័យសុខាភិបាលទាំងមូល ត្រូវខិតខំ ប្រឹងប្រែងកាត់បន្ថយជាអតិបរមា ឬដករបាំងហិរញ្ញវត្ថុចេញពីការទទួលយកសេវា ដើម្បីផ្តល់កាលានុវត្តនភាពដល់ប្រជាពលរដ្ឋ គ្រប់រូប ពិសេស ប្រជាពលរដ្ឋក្រីក្រមកប្រើប្រាស់សេវានៅពេលមានជំងឺដង្កាត់នោះ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងនៅក្នុងរបាយការណ៍ថា ការបំពេញបន្ថែមនូវអគារ ព្រមទាំងមានសម្ភារៈដ៏ទំនើបនេះ អាចជាមូលដ្ឋានដ៏សំខាន់មួយទៀត មិនត្រឹមតែលើកកម្ពស់គុណភាព និងលទ្ធភាពក្នុងការផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយទៅជាមូលដ្ឋានបណ្តុះបណ្តាលធនធានមនុស្សមួយយ៉ាងសំខាន់ដល់សិស្សនិស្សិតពេទ្យ របស់យើងនៅក្នុងតំបន់ និង អាចទទួលឱ្យនិស្សិតពីភ្នំពេញមកធ្វើកម្មសិក្សានៅទីនោះផងដែរ ។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា មន្ទីរពេទ្យខេត្តកំពង់ចាមបានសាងសង់ឡើងនៅក្នុងទសវត្សឆ្នាំ ១៩៣០ ដែលមានអាយុកាលប្រមាណ ៨០ ឆ្នាំមកហើយ ដែលអគារមួយចំនួននៃមន្ទីរពេទ្យនេះត្រូវខ្ទេចខ្ទាំ បែកបាក់ ដោយពេលវេលា ដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទាមទារឱ្យមានការសាងសង់អគារថ្មីៗដើម្បីជំនួសឡើងវិញជាបន្ទាន់ ។
លោក ម៉ាសាហ៊្វុមី គូរ៉ូគី ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងនៅក្នុងពិធីសម្ពោធអគារមន្ទីរពេទ្យនោះថា ប្រទេសជប៉ុនចាត់ទុកការថែទាំសុខភាព គឺជាសមាសធាតុដ៏សំខាន់មួយនៃតម្រូវការជាមូលដ្ឋានរបស់មនុស្ស ហើយយល់ថា ការកែលម្អធ្វើឱ្យប្រសើរឡើងនូវសេវាថែទាំសុខភាពនិងជួយលើកស្ទួយសន្តិសុខមនុស្សជាតិរបស់ប្រជាជន ។ លោកទូតមានប្រសាសន៍ថា សម្រាប់គម្រោងសាងសង់កែលម្អមន្ទីរពេទ្យខេត្តកំពង់ចាម រដ្ឋាភិបាលជប៉ុនបាន ផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៣៩ កោដិយ៉េន ប្រហាក់ប្រហែលស្មើនឹង ១២ លានដុល្លារ ដើម្បីលើកកម្ពស់ពង្រឹងសមត្ថភាពរបស់មន្ទីរពេទ្យនេះ ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែកដ៏រឹងមាំជាងគេនៅតំបន់ភាគបូព៌ារបស់កម្ពុជា ។
លោក ម៉ាសាហ៊្វុមី គូរ៉ូគី មានប្រសាសន៍ថា អគារថ្មីនេះបានសាងសង់ជំនួសអគារចាស់សម្រាប់សម្ភព/ព្យាបាល រោគស្ត្រី និង អគារវះកាត់-បន្ទប់វះកាត់-បន្ទប់សង្គ្រោះបន្ទាន់-បន្ទប់ថតឆ្លុះ និង ផ្តល់សម្ភារៈវេជ្ជសាស្ត្រដែលចាំបាច់ដើម្បី លើកស្ទួយធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មវេជ្ជសាស្ត្រ ។ លោកទូតមានប្រសាសន៍បន្តថា ខេត្តកំពង់ចាមជាខេត្ត មួយដែលមានប្រជាជនរស់នៅច្រើនជាងគេ ហើយក៏ជាចំណុចឆ្លងកាត់ទៅតំបន់ជនបទឆ្ងាយដាច់ស្រយាលនៅភាគខាងកើត ផងដែរ ។ ដោយហេតុនេះមន្ទីរពេទ្យកំពង់ចាមត្រូវបំពេញតួនាទីដ៏មានសារៈសំខាន់បំផុតមួយនៅក្នុងការផ្តល់សេវាសុខភាពដ៏ល្អដល់ប្រជាជននៅខេត្តកំពង់ចាម ក៏ដូចជាប្រជាជនដែលមកពីបណ្តាខេត្តជិតខាង ដែលរួមទាំងអស់មានប្រមាណ ជិត ២ លាននាក់ ។ លោក ម៉ាសាហ៊្វុមី គូរ៉ូគី មានប្រសាសន៍ថា ខ្ញុំសូមសំណូមពរដល់អ្នកគ្រប់គ្រង និងបុគ្គលិកមន្ទីរពេទ្យកំពង់ចាមទាំងអស់ សូមមេត្តាជួយថែរក្សាសម្ភារៈ បរិក្ខារទាំងនេះឱ្យបានស្ថិតនៅបានល្អ ដើម្បីឱ្យមន្ទីរពេទ្យអាច បន្តផ្តល់សេវាសុខាភិបាលដល់ប្រជាជន ជាគំរូមួយនៃមន្ទីរពេទ្យបង្អែកភូមិភាគនៅកម្ពុជានោះ៕
ស្នាយពល
No comments:
Post a Comment