ភ្នំពេញ ៖ លោកគួច ចំរើន ជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអភិ បាលខណ្ឌមានជ័យ បានចាត់វិធានការក្ដៅចំពោះរថយន្តដឹកខ្សាច់ ដែលមិនបានគោរពតាមលក្ខខណ្ឌ របស់ អាជ្ញាធរតម្រូវឲ្យរថយន្តដឹកខ្សាច់ទាំងនោះ គ្របបិទជិតលើខ្សាច់ ដើម្បីកុំឲ្យហ៊ុយធ្លាក់មកលើផ្លូវ បណ្ដាលឲ្យ ប៉ះពាល់ទៅលើសុខភាពរបស់អ្នកដំណើរ និងអ្នករស់នៅអមសងខាងផ្លូវទៀតផង។ ការចាត់វិធានការក្ដៅនេះ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយរថយន្តដឹកខ្សាច់ នៅលើស្ពានព្រះមុនីវង្សចាស់ កាល ពីព្រឹកថ្ងៃទី២៦ ខែមករានេះ ទើបអាជ្ញាធរចាត់វិធានការក្ដៅរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ ឃាត់បានរថយន្តចំនួន៣៧គ្រឿង យកមកអប់រំ ណែនាំ និងរៀបចំឲ្យមានរបៀបរៀបរយ។
យោងតាមប្រសាសន៍លោកឡុង ង៉ែត នាយកមន្ទីរសាលាខណ្ឌមានជ័យ បានឲ្យកម្ពុជាថ្មីដឹងថា ក្នុង យុទ្ធនាការចាប់ឃាត់រថយន្តដឹកខ្សាច់ ក្នុងរយៈពេល២ម៉ោង កម្លាំងអាជ្ញាធរខណ្ឌមានជ័យ រួមមាននគរបាល និងអាវុធហត្ថ និងអាជ្ញាធរសង្កាត់ពាក់ព័ន្ធ បានចេញធ្វើសកម្មភាពគ្រប់ច្រកល្ហកដើម្បីទប់ស្កាត់រាល់បទល្មើស ក្នុងនោះមានរថយន្តដឹកខ្សាច់មួយចំនួនគ្មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មពីសាលារាជធានីភ្នំពេញ ហើយ រថយន្តខ្លះទៀតបើកបរក្នុងម៉ោងហាមឃាត់។ ជាក់ស្ដែងដូចករណីគ្រោះថ្នាក់ចរាចរលើស្ពានព្រះមុនីវង្សចាស់ នៅព្រឹកថ្ងៃទី២៦ ខែមករានេះ នៅចន្លោះម៉ោងដែលមន្រ្តីរាជការចេញទៅធ្វើការងារ។ ចំពោះវិធានការចុះឃាត់រថយន្តដឹកខ្សាច់ឆ្លងកាត់ទឹកដីខណ្ឌមានជ័យ គឺអាជ្ញាធរនឹងត្រូវរឹតបន្តឹងចាប់ពីថ្ងៃនេះតទៅ ដើម្បីកាត់ បន្ថយការគ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយរថយន្តដឹកខ្សាច់ ពិសេសគឺកំពប់ខ្សាច់នៅលើដងផ្លូវ ដែល បណ្ដាលឲ្យហ៊ុយប៉ះពាល់ ដល់អ្នកធ្វើដំណើរនិងអ្នករស់នៅក្បែរខាង៕
នរា
No comments:
Post a Comment