Wednesday, January 26, 2011
មនុស្សជាងដប់ម៉ឺននាក់នឹងមកចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយរបស់ អ.វ.ត.ក នៅឆ្នាំ២០១១
ភ្នំពេញ: កម្មវិធីផ្សព្វផ្សាយដែលរៀបចំដោយផ្នែកកិច្ចការសាធារណៈនៃអ.វ.ត.កនឹងមានសន្ទុះខ្លាំងក្លាជាងមុន សម្រាប់ឆ្នាំ២០១១នេះ ហើយចំនួនអ្នកចូលរួមត្រូវបានរំពឹងថានឹងកើនដល់ជាងដប់ម៉ឺននាក់។ ការកើនឡើងនេះគឺដោយសារកំណើននៃអ្នកចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា។ជាងនេះទៅទៀតដោយសារអង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការសាធារណៈទៅលើសំណុំរឿង០០២ហើយអង្គជំនុំជម្រះតុលាការកំពូលក៏នឹងបើកសវនាការសាធារណៈទៅលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១នៅក្នុង សប្តាហ៍ទី៤នៃខែមីនា ក្នុងឆ្នាំ២០១១នេះដែរ។
ដោយគិតត្រឹមចុងឆ្នាំ២០១០ តួលេខនៃអ្នកចូលរួមដំណើរទស្សនកិច្ចសិក្សានិងអ្នកចូលរួមស្តាប់ សវនាការសាធារណៈនៅ អ.វ.ត.ក គឺ ៦៧.០០០នាក់។ ដោយសារសំណូមពរដ៏ច្រើនលើសលុបដែល ផ្នែកកិច្ចការសាធារណៈបានទទួលពីប្រជាជន ដែលចង់មកចូលរួមក្នុងដំណើរការរបស់ អ.វ.ត.ក តួលេខក្នុងឆ្នាំ២០១១ត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង១០ម៉ឺននាក់។
កាលវិភាគនៃដំណើរទស្សនកិច្ចសិក្សាត្រូវបានរក្សា២ដងក្នុងមួយសប្តាហ៍ដដែលប៉ុន្តែអ្នកចូលរួមមានចំនួនកើនឡើងហើយផ្នែកកិច្ចការសាធារណៈបានទទួលសំណូមពរកាន់តែច្រើនឡើងៗពីប្រជាជននៅ តាមបណ្តាខេត្ត និងពីវិទ្យាល័យ-សាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។
គ្រាន់តែក្នុងអំឡុងពេលបីសប្តាហ៍ដំបូងនៃខែមករាឆ្នាំ២០១១នេះ មានអ្នកចូលរួមចំនួន ២.៨៧០នាក់ មកពីខេត្តក្រុងចំនួន៧ ក្នុងនោះ ៤៥០នាក់ គឺជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិង វិទ្យាសាស្ត្រសេដ្ឋកិច្ច។
ដោយឡែកដំណើរទស្សកិច្ចសិក្សាសម្រាប់និស្សិតច្បាប់ចំនួន៤៥០នាក់នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករានេះ ។ ក្រុមនិស្សិតដែលសិក្សា ឆ្នាំទី១ដល់ឆ្នាំទី៣ បានទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងពីព្រឹក បន្ទាប់មកធ្វើ ដំណើរទៅទីតាំង អ.វ.ត.ក ដែលនៅទីនោះ និស្សិតបានទស្សនាខ្សែភាពយន្តឯកសារស្តីអំពីដំណើរការ រឿងក្តីនៅ អ.វ.ត.ក និងជួបជាមួយមន្ត្រីតំណាងការិយាល័យនីមួយៗ មានការិយាល័យសហព្រះរាជ អាជ្ញា ការិយាល័យសហចៅក្រម ស៊ើបអង្កេត ការិយាល័យគាំពារការការពារក្តី និងផ្នែកកិច្ចការ សាធារណៈ។ និស្សិតបានស្តាប់បទឧទ្ទេសនាមអំពីការបង្កើតឲ្យមាន អ.វ.ត.ក និងមូលហេតុនៃការ ចូលរួមរបស់អន្តរជាតិនៅក្នុងដំណើរការនេះ អំពីតួនាទីនិងភារកិច្ចរបស់ការិយាល័យសហព្រះរាជ អាជ្ញា និងតួនាទីនិងតម្រូវការឲ្យមានការិយាល័យគាំពារការការពារក្តី។ នៅរសៀលថ្ងៃដែដល និស្សិត បានបញ្ចប់ដំណើរទស្សនកិច្ចដោយការទស្សនាវាលពិឃាតជើងឯក។
ប្អូនប្រុស សារ័ត្ន ណាវុធ ដែលរៀននៅឆ្នាំទី៣ បានឲ្យដឹងថា “ខ្ញុំបានរៀនសូត្រច្រើនអំពី ដំណើរទស្សនកិច្ចសិក្សានៅពេលនេះ ជាពិសេសនៅពេលបានស្តាប់បទឧទ្ទេសនាមរបស់មន្ត្រីតុលាការ ខ្មែរក្រហម។ ខ្ញុំបានយល់ដឹងអំពីនីតិវិធីច្បាប់ក្នុងដំណើរការក្តីប្រកបដោយយុត្តិធម៌ អំពីការគោរពសិទ្ធិ ចុងចោទ អំពីវិធាននៃការសម្រេចចិត្តរបស់ចៅក្រមនៅក្នុងអង្គជំនុំជម្រះនីមួយៗនៃ អ.វ.ត.ក ហើយ តាមរយៈការអានសាលក្រម ឌុច ខ្ញុំបានយល់អំពីរេបៀបសរសេរសាលក្រមលម្អិតនិងពិស្តារ។”
មានយោបល់មិនខុសគ្នាប៉ុន្មានប្អូនស្រី លឹម ហ្កិចទៀង ដែលរៀនឆ្នាំទី៣ដែរនិងមានបំណង ក្លាយជាមេធាវីនាពេលអនាគតបានបញ្ជាក់បន្ថែមថា“អ្វីដែលខ្ញុំបានរៀនសូត្រពីដំណើរទស្សនកិច្ចសិក្សានេះ មានសារសំខាន់ណាស់សម្រាប់ខ្ញុំជានិស្សិតច្បាប់ ដើម្បីឲ្យខ្ញុំមានចំណេះដឹងក្នុងវិស័យច្បាប់កាន់តែ ទូលំទូលាយនិងអាចប្រើប្រាស់ចំណេះដឹងទាំងនេះនៅពេលខ្ញុំបញ្ចប់ការសិក្សានិងចេញបម្រើការងារ។”
កម្មវិធីទស្សកិច្ចសិក្សារបស់អ.វ.ត.កត្រូវបានដឹងយ៉ាងទូលំទូលាយទូទាំងប្រទេសតាមរយៈការ និយាយពីមាត់មួយទៅមាត់មួយរបស់អ្នកដែលបានមកចូលរួមតាមរយៈវិទ្យុ ទូរទស្សន៍ និងសារព័ត៌ មាននានាហើយមានសំណូមពរជាបន្តបន្ទាប់ឲ្យផ្នែកកិច្ចការសាធារណៈរៀបចំដំណើរទស្សនកិច្ចសម្រាប់តំបន់ដដែលប៉ុន្តែសម្រាប់អ្នកដែលមិនធ្លាប់បានចូលរួមដែលធ្វើឲ្យកម្មវិធីនេះមានការទទួលស្គាល់កាន់តែច្រើនឡើង។
ឆែ លី អ្នកស្ម័គ្រចិត្តនៅអង្គការ យូណាយធីត ស្តេត ភីសខប (United States Peace Corps)ដែលង្រៀននៅវិទ្យាល័យ ហ៊ុនសែន វាលរេញ ក្រុងព្រះសីហនុ ដែលបានចូលរួមដំណើរ ទស្សនកិច្ចសិក្សារបស់អ.វ.ត.កកាលពីថ្ងៃទី២០ខែមករាថ្មីៗនេះបានសម្តែងក្តីកោតសរសើរអំពីកម្មវិធីនេះ ថាបានផ្តល់ឧិកាសដ៏ប្រពៃដល់ប្រជាជនកម្ពុជាក្នុងការយល់ដឹងអំពីដំណើរការថ្មីៗទាក់ទងនឹងប្រវត្តិ សាស្ត្រនៃរបបខ្មែរក្រហម និងបានសំណូមពរឲ្យផ្នែកកិច្ចការសាធារណៈរៀបចំដំណើរទស្សនកិច្ច សិក្សាមួយសម្រាប់សិស្ស ៣០០នាក់ នៃវិទ្យាល័យ ហ៊ុនសែន វាលរេញ។ នៅក្នុងសារអេឡិកត្រូនិក មួយដែលផ្ញើរជូនផ្នែកកិច្ចការសាធារណៈបួនថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់គាត់ ឆែ លី បានលើក ឡើងថា “ខ្ញុំជឿជាក់ថា កម្មវិធីទស្សនកិច្ចសិក្សារបស់ អ.វ.ត.ក គឺជាឧិកាសដ៍ពិសេសសម្រាប់ ប្រជាជនខ្មែរ។ ខ្ញុំយល់ថា កម្មវិធីនេះផ្តល់ឧិកាសដ៏ប្រពៃដល់ប្រជាជនខ្មែរឲ្យយល់ដឹងប្រសើរជាងមុន អំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម។”
នៅក្នុងលិខិតដដែល លី បានបន្ថែមថា “ខ្ញុំមានការកោតស្ញប់ស្ញែងចំពោះកម្មវិធីនេះ និងចង់ឲ្យ បទពិសោធន៍ដែលខ្ញុំទទួលបានក្លាយជាការអប់រំមួយ។ ខ្ញុំចង់ឲ្យសិស្សរបស់ខ្ញុំទទួលបានបទពិសោធន៍ ដូចគ្នាអំពីតុលាការខ្មែរក្រហម។ យុវសិស្សទាំងនេះគឺជាអនាគតនៃកម្ពុជា ដូច្នេះខ្ញុំជឿជាក់ថាពួកគេ មានចំណែកក្នុងការថែរក្សាការចងចាំអំពីប្រវត្តិសាស្ត្រដ៏ជូរចត់នេះ និងធ្វើដំណើរឆ្ពោះទៅអនាគត ប្រកបដោយការយល់ដឹងនិងតាមផ្លូវគតិយុត្តិ។” សំណូមពររបស់ ឆែ លី ត្រូវបានទទួលយក ហើយ ដំណើរទស្សនកិច្ចសិក្សាមួយសម្រាប់សិស្ស៣០០នាក់នៃវិទ្យាល័យ ហ៊ុនសែន វាលរេញ នឹងត្រូវបាន រៀបចំនាពេលឆាប់ៗខាងមុខនេះ។
សម្រាប់សប្តាហ៍ចុងក្រោយនៃខែមករានេះផ្នែកកិច្ចការសាធារណៈនឹងទទួលសមាជិកឃុំសង្កាត់ចំនួន៤០០នាក់ មកពី២៤ខេត្តក្រុង ទូទាំង ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខាងមុខនេះ។ ហើយនៅថ្ងៃ ទី៣១ អង្គជំនុំជម្រះសាលាដំបូងនឹងបើកសវនាការសាធារណៈចំនួនពីរ ទាក់ទិននឹង សំណើសុំនៅ ក្រៅឃុំរបស់ជនជាប់ចោទពីររូបគឺ នួនជា និង ខៀវ សំផន។ ប្រជាជនកម្ពុជាចំនួន ជាង៧០០នាក់ នៅតាមបណ្តាខេត្ត រួមទាំងសាធារណជន មកពីអង្គការក្រៅរដ្ឋាភិបាល និងសិស្សនិស្សិតមកពីវិទ្យាល័យសាកលវិទ្យាល័យនានា កំពុងត្រៀមខ្លួនរង់ចាំចូលរួមស្តាប់ សវនាការនេះ៕
ដោយ : កល្យាណ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment