ឧត្តរមានជយ័: ប្រភពពីខេត្តព្រះវិហារឱ្យដឹងថា កងកម្លាំងថៃ បានបង្កើ់នចំនួននិងប្រុងជើងការខ្ពស់ជាងសព្វមួយដង បន្ទាប់ពីមានករណីខ្មាន់កាំភ្លើងថៃបាញ់សម្លាប់និងចាប់ពលរដ្ឋខ្មែរ ស៊ីឈ្នួលកាប់ឈើក្រញូងនៅព្រំដែនខ្លួន កាលពីថ្ងៃទី២៣ និង២៤ ខែមករា។
កងកម្លាំងឈុតខ្មៅកងរយ២៣០២ បានបង្កើនចំនួននិងពង្រាយបន្ថែមពី៣០ទៅ៥០នាក់ទៅជិត១០០នាក់នៅចំនុចគោលដៅព្រំដែនមួយចំនួនក្នុងស្រុកឃុនហាននិងស្រុកខាន់តាឡាក់ខេត្តស៊ីសាកេត ដែលឈមនិងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនិងស្រុកជាំក្សាន្តខេត្តព្រះវិហារ។
វត្តមានកម្លាំងទាំងនោះទំនងជាប្រុងប្រយ័ត្នកុំអោយពលរដ្ឋខ្មែរឆ្លងចូលកាប់ឈើក្រញូងបន្តទៀតនិងបង្កក្រែងកងកម្លាំងកម្ពុជាព្យាយាមអោយភាគីថៃពន្យល់ពីមូលហេតុរំលោភសិទ្ធិមនុស្សថ្មីៗទៀតដែលខ្មាន់កាំភ្លើងថៃបានបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់និងចាប់ខ្លួនឃុំឃាំង៣នាក់។
លោក តូច រ៉ា ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិជាំក្សាន្ត ស្រុកអន្លង់វែង បានឱ្យដឹងថាៈ ពលរដ្ឋខ្មែរម្នាក់ដែលខ្មាន់កាំភ្លើងថៃបាញ់សម្លាប់ត្រូវគេទុកសពនៅមន្ទីរពេទ្យស្រុកខាន់តាឡាក់។ ឯពលរដ្ឋ៣នាក់ទៀតដែលត្រូវចាប់ខ្លួនក៏ឃុំបណ្ដោះនៅស្រុកនោះនៅឡើយដែរ ។ តែគេបានប្រកាសរកគ្រួសារសពដើម្បីទៅទទួលសពដែរ។
កាលពីម៉ោង៥ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០១១ ពលរដ្ឋខ្មែរយ៉ាងតិច១៩នាក់ដែលស៊ីឈ្នួលកាប់ឈើក្រញូងដោយឆ្លងកាត់លើខ្នងជួរភ្នំដងរែកខ័ណ្ឌចែកព្រំដែនរួចចូលក្នុងព្រៃនៃទឹកដីថៃ ភូមិសាស្ត្រខ្សែស្របទី៥០ក្បែរភ្នំអូរជប់ម្លូរ ភូមិ-ឃុំរលាយ ស្រុកឃុនហាន ហើយត្រូវខ្មាន់កាំភ្លើងថៃព័ទ្ធស្ទាក់បាញ់បែកខ្ញែកពេញព្រៃ។
មេខ្យល់នាំពលករខ្មែរទាំងនោះ មានអនុសេនីយ៍ឯក រិទ្ធី ជាយោធានៅវិស្វកម្មកងពលធំលេខ៣និងម្នាក់ទៀតជាយោធាដែរ ឈ្មោះ ប៉ុល តាប់ ។ តែប្រភពខ្លះ អនុសេនីយ៍ឯកនោះ ឈ្មោះ ង៉ែត ង៉ន ដែលពួកគេស្នាក់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ។
ក្នុងពេលនោះខ្មាន់កាំភ្លើងថៃចាប់ពលរដ្ឋខ្មែរបាន៣នាក់មាន ១.ឈ្មោះ ដុក ដាំ ភេទប្រុស អាយុ៣០ឆ្នាំ។ ២.ឈ្មោះ ផន ផាន ភេទប្រុស អាយុ៣០ឆ្នាំ និង៣.ឈ្មោះហៀម ថាន់ ភេទប្រុស អាយុ៣៦ឆ្នាំ។ ពួកគេជាជនចំនូលស្រុកថ្មី មកស្នាក់នៅជើងជួរភ្នំដងរែក ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។មានពលរដ្ឋម្នាក់បានបាត់ខ្លួនមួយយប់លុះថ្ងៃបន្ទាប់បានវិលវិញដូចពលរដ្ឋ១៦រូបផ្សេងទៀតដែរ៕
ដោយ : សុផុន
No comments:
Post a Comment