ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគដាំកៅស៊ូវៀតណាមចំនួន១០ចំណុះឲ្យសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមនៅកម្ពុជាបានធ្វើការវិនិយោគដាំដុះកៅស៊ូនៅកម្ពុជាបានជិត២៦០០០ហិកតាហើយ។នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារដាំដុះកៅស៊ូឆ្នាំ២០១០របស់លោកឧកញ៉ា ឡេង ឬទ្ធី ប្រធានការិយាល័យតំណាងសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមប្រចំាកម្ពុជា។
ថ្លែងអោយដឹងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដាំដុះកៅស៊ូឆ្នាំ២០១០របស់សម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមប្រចាំនៅកម្ពុជានៅសណ្ឋាគារភ្នំពេញរសៀលថ្ងៃទី២៥ខែមករាឆ្នាំ២០១១ក្រោមអធិបតីភាពលោក TRAN NGOC THUAN អគ្គនាយកសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមនិងមានអញ្ជើញចូលរួមពីលោក ង៉ូ អាញ់យុង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក គៀង វ៉ាង រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាលោកអភិបាលរងខេត្តតំណាងឲ្យអាជ្ញាធរដែនដីកម្ពុជាផងដែរ។
លោកឧកញ៉ា ឡេង ឬទ្ធីបានបញ្ជាក់ថាក្នុងចំណោមផ្ទៃដីដែលដាំបានជិត ២៦០០០ហិតាក្នុងនោះផ្ទៃដីដាំថ្មីឆ្នាំ២០១០ចំនួនជាង ១៥៥៨៦ហិតានិងកំពុងដំណើរការថែទាំជាង ១០៣៧៨ហិតា។ការអនុវត្តន៏នូវគម្រោងផែនការដាំដុះកៅស៊ូចំនួន១០ម៉ឺនហិតាតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសទាំង២វៀតណាមនិងកម្ពុជាសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាមបានចាប់ផ្ដើមលើផ្ទៃដីស្ថិតក្រោមរូបភាពពីរគឺ ការផ្ទេរសិទ្ធគ្រប់គ្រងនិងដីសម្បទានចំនួន ៩៥១៧៨ហិតាស្ថិតនៅក្នុងខេត្តក្រចេះ កំពង់ធំ រតនគីរី ស្ទឹងត្រែង។
លោក គៀងវ៉ាង រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវៀតណាមទាំងអស់ដែលកំពុងអភិវឌ្ឍន៍កៅស៊ូនៅកម្ពុជាបានល្អប្រសើរហើយសង្ឃឹមថានិងទទួលលទ្ធផលល្អ។លោកក៏សំណូមពរដល់ក្រុមហ៊ុនវៀតណាមបន្តជួយកសាងជម្រកស្នាក់នៅសាលារៀនមន្ទីរពេទ្យ វត្តអារាម ដែលប្រជាពលរដ្ឋកម្ពុជាកំពុងធ្វើកម្មករដើម្បីជួយដល់ការរស់នៅក្នុងក្រុមហ៊ុនជាដៃគូរដ៏ល្អនិងសុំជួយផ្ដល់នូវបច្ចេកទេសនិងកូនដើមកៅស៊ូបច្ចេកទេសដាំដុះថែរក្សាឲ្យបានដល់ប្រជាពលរដ្ឋកម្ពុជាបានល្អផងដែរ។
សុង យោ
No comments:
Post a Comment