Wednesday, January 26, 2011

ព្រឹទ្ធ​សភា​បារាំង​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើ​ប្រាស់​ភាសា​បារាំង​នា​ពេល​បច្ចុប្បន្ន

លោក​ជំទាវ​កា​ទីរីន តាស្កា ​(Catherine Tasca) អនុប្រធាន​ព្រឹទ្ធ​សភា​បារាំង​និង​ជា​ប្រធាន​ក្រុម​មិត្ត​ភាព​បារាំង​កម្ពុជា​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រើ​ប្រាស់​ភាសា​​បារាំង​នា​ពេល​បច្ចុប្បន្ន​ដែល​ស្នើ​សុំ​អោយ​កម្ពុជា​ពិនិត្យ​និង​ពង្រឹង​ការ​សិក្សា​ភាសា​បារាំង​នៅ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ត្រូវ​អោយ​អ្នក​ចេះ​ភាសា​បារាំង​ពី​មុន​បន្ត​ពង្រីក​បន្ថែម​ទៀត​។
នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរ​សម​ជា​មួយ​លោក​ ងួន​ ញ៉ិល​ប្រធាន​រដ្ឋសភា​ស្ដី​ទី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មករា​ឆ្នាំ​២០១១​នៅ​វិមាន​រដ្ឋសភា​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​ដឹក​នាំ​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​លោក​ជំទាវ​បាន​សម្ដែង​នូវ​ការ​រីក​រាយ​ដោយ​បាន​ឃើញ​ពី​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​កម្ពុជា​ទាំង​លើ​ផ្នែក​នយោបាយ​និង​សេដ្ឋ​កិច្ច​ហើយ​តាម​រយៈ​នេះ​នៅ​ពេល​លោក​ជំទាវ​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ប្រទេស​វិញ​លោក​ជំទាវ​និង​ជម្រាប​ជូន​អ្នក​វិនិយោគ​បារាំង​អំពី​ភាព​ជាក់​ស្ដែង​។
លោក​ជំទាវ​បាន​ជម្រាប​ជូន​ពី​ដំណើរ​ការ​មួយ​ចំនួន​របស់​ព្រឹទ្ធ​សភា​បារាំង​ដែល​កំពុង​អនុវត្តន៍​ក្នុង​ពេល​កន្លង​មក​និង​កំពុង​បន្ត​អនុវត្តន៍​ប្រកប​ដោយ​ភាព​រីក​ចំរើន​ហើយ​តាម​រយៈ​នេះ​ស្ថាប័ន​ព្រឹទ្ធ​សភា​បារាំង​និង​ត្រៀម​ខ្លួន​ជួយ​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា​ធ្វើ​អោយ​ស្ថាប័ន​នេះ​កាន់​តែ​ទទួល​បាន​ការ​រីក​ចំរើន​។
លោក​ ងួន​ ញ៉ិល​ប្រធាន​រដ្ឋសភា​ស្ដី​ទី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​លោក​ជំទាវ​ព្រម​ទាំង​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​ដែល​បាន​ទទួល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។វត្ត​មាន​របស់​គណ​ប្រតិភូ​ព្រឹទ្ធសភា​បារាំង​នៅ​កម្ពុជា​នា​ពេល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ទំនាក់​ទំនង​សាមគ្គី​ភាព​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​ពីរ​កម្ពុជា​ បារាំង​៕
សុងយោ

No comments:

Post a Comment