Wednesday, January 26, 2011

ផ្ទាំង​ថ្ម​ដែល​ចារឹក​អក្សរ​ថា​ទាហាន​ថៃ​ឈ្លានពាន​ត្រូវ​បាន​វាយ​កម្ទេចចោល​

 ភ្នំពេញ​: មិនមែន​គ្រាន់តែ​កែសម្រួល​ទេ តែ​​ស្លាក​សញ្ញា​ថ្ម “ទីនេះ​ទាហាន​ថៃ​ចូល​ឈ្លានពាន​ថ្ងៃទី​១៥ កក្កដា ២០០៨” ​និង​ស្លាក​សញ្ញា​ថ្មី​មួយទៀត​សរសេរថា “​ទី​នេះ​ជា​ទី​កដី​កម្ពុជា​” នៅមុខ​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​​របស់​កម្ពុជា​នោះ ត្រូវ​បាន​វាយ​កម្ទេចចោល​ទាំងស្រុង​នៅ​រសៀល​ថ្ងៃទី​២៦ មករា ២០១១​។​

​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ​បាន​ចុះផ្សាយ​រូបថត​នៃ​ការ​វាយកម្ទេច​ផ្ទាំង​ថ្ម​ចារឹក​នោះ​​ដោយ​ដាក់​ចំណងជើង​ថា ​“​ស្លាក​សញ្ញា​ត្រូវ​បាន​កម្ទេច​ចោល​” ​។ បាងកក​ប៉ុស្តិ៍​រាយការណ៍​ថា​​កងកម្លាំង​កម្ពុជា​បាន​វាយកម្ទេច​ផ្ទាំង​ថ្ម​បង្កជម្លោះ​នោះ​ចោល​ដោយសារ​ភាគី​ទាំងពីរ​ព្រមព្រៀង​គ្នា​ថា​គ្មាន​ការ​ដាក់​តាំង​ស្លាក​សញ្ញា​អ្វី​ទាំងអស់​នៅក្នុង​តំបន់​ជម្លោះ​។​

​ប្រភព​ពី​ជាយដែន​ឱ្យដឹងថា ស្លាក​សញ្ញា​ថ្ម​​មួយ​ផ្សេង​ទៀត​របស់​ទាហាន​ថៃ​ដែល​មានន័យថា “​ទំហំ​ដី​៤,៦​គីឡូម៉ែត្រ ជា​ទឹកដី​ថៃ​” ​ដែល​តាំងនៅ​ចំណុច​សំបុក​ឃ្មុំ​នោះ ក៏​ត្រូវបាន​រុះរើ​ចេញ​វិញ​ផង​ដែរ​។ ចំណែក​ទាហាន​ថៃ ដែល​ចូល​មក​ឈរ​ជើង​នៅ​ ចំណុច​សំបុក​ឃ្មុំ​ទល់មុខ​ប្រាសាទ​ព្រះវិហារ​កាលពី​ព្រឹក​មិញ​នោះ ត្រូវបាន​ដកចេញ​ទៅ​វិញ​អស់ហើយ​។​

​ការរុះរើ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី មេទ័ព​នៃ​ភាគី​ទាំង​២ ​កម្ពុជា​-​ថៃ បាន​ជួប​ចរចា​គ្នានៅក្នុង​បរិវេណ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​នេះ​ដើម្បី​ពិភាក្សា​ដោះស្រាយ​ការរុះរើ​ស្លាក​សញ្ញា​ថ្ម​ចារឹក​ទាំង​២​ភាគី​នោះ​ចេញ​។​

​ក្រោយ​ជំនួប​នោះ ភាគី​កម្ពុជា​យល់ព្រម​រុះរើ​ស្លាក​ថ្ម​ចារឹក​របស់ខ្លួន​ចេញ​ទាំង ​២ ចំណែក​ភាគី​ថៃ​ក៏​យល់ព្រម​រុះរើ​ស្លាក​ថ្ម​របស់​ពួកគេ​ចេញ​វិញ​ផង​ដែរ រីឯ​កងទ័ព​ថៃ​ជាច្រើន​រយ​នាក់​ត្រូវបាន​ដកចេញ​ពី​តំបន់​សំបុក​ឃ្មុំ​អស់ហើយ​៕

ដោយ : សម្បត្តិ

No comments:

Post a Comment