Wednesday, January 26, 2011
រឿងក្តីគ្រួសារត្រកូលខូវ ប្រកាសសាលក្រមថ្ងៃទី១៥ កុម្ភៈ
ភ្នំពេញ: សវនាការ៦លើកលើសំណុំរឿងគ្រួសារត្រកូលខូវត្រូវបានបញ្ចប់ទាំងស្រុងហើយនៅថ្ងៃទី២៦មករានេះ។ ប៉ុន្តែ សាលក្រមនឹងត្រូវគេប្រកាសនៅថ្ងៃទី១៥កុម្ភៈខាងមុខ។
ជនជាប់ចោទ៥នាក់ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ឋនាគារព្រៃសអស់រយៈ ពេលជាង៦ខែ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុនលើភរិយា និងកូនលោក ស៊ុន ចាន់ថុល បានសំណូមពរ សុំឱ្យតុលាការលើកលែងការ ចោទប្រកាន់ ព្រោះពួកគេពុំបានប្រព្រឹត្តដូចការចោទប្រកាន់នេះទេ។
ប៉ុន្តែតំណាង អយ្យការនិង មេធាវីតំណាងដើមបណ្តឹងនៅតែសុំឱ្យតុលាការធ្វើការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ដដែល ដូច្នេះតុលាការបានសម្រេចលើកពេលប្រកាសសាលក្រម ដើម្បីសម្រេចជោគវាសនាជនជាប់ចោទទាំង៥នាក់នេះ នៅរសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១១ ខាងមុខនេះវិញ។
ជនជាប់ចោទទាំង៥នាក់នោះមានឈ្មោះ ចាន់ សុខា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអ្នកបម្រើផ្ទាល់ខ្លួននៅផ្ទះ លោកខូវ ជឺលី ឈ្មោះនាង ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ អ្នកបម្រើនៅផ្ទះលោកស៊ុន ចាន់ថុល,ឈ្មោះខន ឡាក់ ហៅ សុខ ឡាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនខូវ ជឺលី ,ឈ្មោះយាន សុធារិទ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនខូវ ជឺលី បានត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១០ និងខែកក្កដា ឆ្នាំ២០១០។
ជនជាប់ចោទទាំង៥នាក់បានត្រូវតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ឋនាគារក្រោមការចោទប្រកាន់ ពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ នៅចំណុចភូមិគ្រឹះលេខ១បេ ផ្លូវន័រប្រ៊ិជ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទីបំផុតទៅរឿងនេះមានលក្ខណៈស្មុគស្មាញខ្លាំងណាស់។ ជនជាប់ចោទទាំងអស់បានអះអាងថាលោកស៊ុន ចាន់ថុល ជាអ្នករៀបចំ ហើយឱ្យប៉ូលិសជាអ្នកកត់ត្រា មិនតែប៉ុណ្ណោះ ការសាកសួរចម្លើយលើចាន់ សុខា និងនាង ស៊ីណាត គឺធ្វើឡើងក្នុងផ្ទះលោកស៊ុន ចាន់ថុល ដោយពេលនោះ ខាងប៉ូលិសបាននាំកូនប្រុស និងបងប្អូនចាន់ សុខា មកផ្ទះលោកស៊ុន ចាន់ថុលថែមទៀត ហើយប្រើពាក្យថា “ស្រលាញ់កូននិង គ្រួសារឫអត់” តើពាក្យនេះជាការលួងលោមឫគំរាមកំហែងដើម្បីឱ្យចាន់ សុខា ឆ្លើយដាក់ បន្ទុកលើខ្លួនឯង?
ម្យ៉ាងវិញទៀតឈ្មោះចាន់ សុខា បានប្រាប់ទៅសាច់ញាតិថា “ជារឿងមិនពិតគឺជាការប្រឌិតទាំងអស់ ដូចពាក្យថា ស្វាស៊ីបាយលាបមាត់ពពែអីញ្ចឹងដែរ”។ ប៉ុន្តែ មេធាវីការពារដើមបណ្តឹងនៅតែរក្សាការចោទប្រកាន់ដដែលដោយអះអាងថាពិតជាមានគម្រោងសម្លាប់កូនក្តីរបស់ខ្លួនមែន។
យ៉ាងណាក៏ដោយ គេរង់ចាំមើលការសម្រេចរបស់តុលាការនៅថ្ងៃទី១៥កុម្ភៈខាងមុខ៕
ដោយ : បញ្ញាវ័ន្ត
Subscribe to:
Post Comments (Atom)
No comments:
New comments are not allowed.