តាមដំណឹងថា មេទ័ពខ្មែរនៅទិសប្រាសាទព្រះវិហារបានធ្វើសម្បទានមួយ លើកទៀត គឺសុខចិត្ដកែខ្លឹមសារសិលាចារឹកនៅវត្ដកែវសិក្ខាគីរីស្វរៈ បន្ទាប់ពីភាគី ថៃតវ៉ាប៉ុន្មានថ្ងៃមកនេះ ។ សម្បទាននេះអាចធ្វើឱ្យក្រុមមេទ័ពថៃស្ងប់ចិត្ដ និងក៏ជា ផ្នែកមួយជួយសម្រួលស្ថានការណ៍ព្រំដែនរវាងប្រទេសទាំងពីរឱ្យស្ងប់ស្ងាត់វិញដែរ។
សិលាចារឹកនៅវត្ដកែវសិក្ខាគីរីស្វរៈនោះ មេទ័ពកម្ពុជាបានដាក់តាំងជា អនុស្សាវរីយ៍នៃការឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី១៥ កក្កដា ២០០៨ ហើយដកទៅវិញនៅវេលាម៉ោង៨:៣០ នាទី ថ្ងៃទី ១ ធ្នូ ២០១០ ។ ប៉ុន្ដែក្រោយពី កងទ័ពខ្មែរអនុញ្ញាតឱ្យមន្ដ្រីយោធានិងអភិបាលខេត្ដស៊ីសាកេតចូលមកថ្វាយបង្គំ ព្រះរតនត្រៃកាលពីសបា្ដហ៍មុន ក្រុមនេះបានឃើញសិលាចារឹកនេះហើយទាម ទារដាច់អហង្ការឱ្យភាគីខ្មែរដកចេញ ពុំនោះសោតពួកគេនឹងចារឹកលើផ្ទាំងសិលា មួយផ្សេង យកមកតាំងនៅក្នុងវត្ដនេះដែរ ឬក៏ពួកគេនឹងចូលមករុះរើសិលាចារឹក ខ្មែរនោះចេញ ។
ស្ថានភាពបែបនេះអាចឈានដល់ការបង្ហូរឈាមគ្នាមួយលើកទៀត បើសិនជា ពុំមានសម្របសម្រួលណាមួយ ឬនិយាយឱ្យចំគឺ កម្ពុជាមិនធ្វើសម្បទានដើម្បី រម្ងាប់អារម្មណ៍ពួកសៀមឈ្លានពានទេ ។ អាស្រ័យហេតុនេះបានជាភាគីកម្ពុជា សុខចិត្ដកែប្រែខ្លឹមសារសិលាចារឹកនោះចេញ ដោយដាក់ជាថ្មីថា “ទីនេះជាទឹកដី កម្ពុជា” ជាជំនួសវិញ ។ ទោះបីជាសម្បទានរបស់កម្ពុជាពេលនេះបានរងការរិះ គន់និងមិនសូវសប្បាយចិត្ដពីអ្នកជាតិនិយមខ្មែរខ្លះក៏ដោយ ក៏វិធានការប្រកប ដោយឥរិយាបថទន់ភ្លន់ ដែលអាចសម្រាលស្ថានការណ៍ដោយបញ្ចៀសសង្គ្រាម រាំងជល់នៅព្រំប្រទល់នោះ ជាឥរិយាបថថ្លៃថ្នូរនិងបង្ហាញនូវការយោគយល់ដ៏ ជ្រាលជ្រៅរបស់មេដឹកនាំខ្មែរ ក៏ដូចជាមេទ័ពខ្មែរក្នុងបំណងរស់នៅដោយសុខដុម រមនាជាមួយប្រទេសជិតខាងមួយនេះ ។
ការយោគយល់របស់កម្ពុជាមានលំនាំប្រហាក់ប្រហែលនឹងអនុសាសន៍ របស់សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ដែលមិនអនុញ្ញាតឱ្យចល័តកងទ័ពកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃដែរ នៅពេលថៃមានវិបត្ដិផ្ទៃក្នុងយ៉ាងធំកាល ពីឆ្នាំកន្លងមកនេះ ។ អត្ដចរិយាដ៏ថ្លៃថ្នូរប្រកបដោយសុច្ឆន្ទៈរបស់មេដឹកនាំខ្មែរពី លើដល់ក្រោមបែបនេះ គឺបានបង្ហាញនូវគំនិតស្នេហាសន្ដិភាព ចង់រួមរស់ក្នុង សន្ដិសុខយ៉ាងពិតប្រាកដជាមួយបណ្ដាប្រទេស ។ ឧទាហរណ៍ជាក់ស្ដែងនៅពេលថៃ លើកទ័ពគគ្រឹកគគ្រេងចូលមករំលោភបំពានចូលទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះ វិហារ ពិសេសនៅជញ្ជ្រំជើងកាន់កាប់ក្នុងវត្ដកែវសិក្ខាគីរីស្វរៈអស់រយៈពេលជាង ២ឆ្នាំមុននេះ ខាងកម្ពុជានៅតែបន្ដនយោបាយចរចាដោយសន្ដិវិធីជាមួយពួក ឈ្លានពាន រហូតដល់កម្លាំងថៃឈ្លានពានដកត្រឡប់ក្រោយវិញដោយសន្ដិវិធី។ ជា ពិសេសបានសម្រួលកងទ័ពថៃនៅក្នុងវត្ដកែវសិក្ខាគីរីស្វរៈឱ្យចេញទៅវិញយ៉ាង សុខសាន្ដពីម៉ោង៨:៣០នាទីព្រឹកថ្ងៃទី ១ ធ្នូ ២០១០ ដោយមិនបានប្រើអាវុធ ១ គ្រាប់ឡើយ ។
យើងទាំងអស់គ្នាជាខ្មែរបានដឹងឮរាល់ថ្ងៃនេះថា ក្រុមជាតិនិយមជ្រុលសៀម មួយក្ដាប់ (ក្រុមអាវលឿង) នៅតែចិញ្ចឹមគំនិតឈ្លានពានមកលើកម្ពុជានៅឡើយ ជាក់ស្ដែងកាលពីថ្ងៃម្សិល ក្នុងបាតុកម្មនៅវិមានរដ្ឋាភិបាលថៃ ក្រុមអាវលឿង ដែលដឹកនាំដោយឧត្ដមសេនីយ៍ចំឡង ស្រីមឿង បានទាមទាររដ្ឋាភិបាលអាប់ភីស៊ីត ឱ្យដោះស្រាយនូវការតវ៉ាទាមទាររបស់ពួកគេចំនួន៣ចំណុចគឺ ១-ថៃដកខ្លួនពី សមាជិកយូណេស្កូ, ២-លុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ រវាងថៃនឹងកម្ពុជា និង ៣-បណ្ដេញប្រជាជនកម្ពុជាចេញពីលើផ្ទៃដី៤,៥ គីឡូម៉ែត្រ ក្រឡា ដែលសៀមអាវលឿងប្រកាសថាជាដីរបស់គេនោះ ។ ប្រមុខរដ្ឋាភិបាលក្រុង បាងកក ពេលនេះកំពុងឈឺក្បាលយ៉ាងខ្លាំងនឹងពួកអាវលឿងនេះ ។
គួរបញ្ជាក់ទៀតថា នៅក្រុងបាងកកពេលនេះមានរលកបាតុកម្មពីរក្រុម (អាវ ក្រហមនិងអាវលឿង) ធ្វើឡើងបន្ដបន្ទាប់គ្នា ហើយព្យាយាមដាក់សម្ពាធឱ្យនាយក រដ្ឋមន្ដ្រីអាប់ភីស៊ីត ដោះស្រាយនូវសំណូមពរលំបាកៗជាច្រើន ធ្វើឱ្យស្ថានការណ៍ នយោបាយនៅទីនោះ កំពុងឆ្ពោះទៅរកសភាពវឹកវរក្រឡាប់ចាក់ខ្លាំងឡើងៗ ។ ស្ថានភាពនយោបាយដ៏ជ្រួលច្របល់នៅបាងកកនេះ ទោះយ៉ាងណាក៏មានពាក់ ព័ន្ធនឹងបញ្ហាកម្ពុជាដែរ ដូចដែលក្រុមអាវលឿងបានទាមទារ៣ចំណុចដូចពោល ខាងលើស្រាប់ ។
អាស្រ័យហេតុនេះ ការបន្ទន់ឥរិយាបថរបស់កងទ័ពនៅប្រាសាទព្រះវិហារដែល សុខចិត្ដកែប្រែខ្លឹមសារនៃផ្ទាំងសិលាចារឹកវិញនៅវត្ដកែវសិក្ខាគីរីស្វរៈនោះ ជា មធ្យោបាយបន្សាបជម្លោះនិងសម្រាលស្ថានការណ៍នៅព្រំដែននៃប្រទេសទាំងពីរឱ្យ ស្ងប់ស្ងាត់តាមបំណងប្រាថ្នារបស់ជាតិទាំងមូល ។ យើងយល់ស្របជាមួយគំនិតដ៏ ឈ្លាសវៃរបស់មេទ័ពខ្មែរទាំងអស់នោះ ដែលចេះប្រើយុទ្ធវិធីយក “ទឹករំលត់ភ្លើង” ជាជាងយក “សាំងចាក់លើភ្លើង” ពីព្រោះភ្លើងស្នេហាជាតិដ៏លេលារបស់ក្រុម វង្វេងសាវតារសៀមអាវលឿងនេះ បើសិនខ្មែរយើងមិនឈ្លាសវៃដោះស្រាយសម្រប ស្ថានការណ៍ទេ នុ៎ះកម្ទេចភ្លើងតូចនេះ អាចនឹងក្លាយជាភ្លើងសង្គ្រាមដ៏ធំដែលបង្ក មហន្ដរាយដល់ជាតិនិងប្រជាពលរដ្ឋយ៉ាងដំណំបាន ។ ដូច្នេះ យើងអាចនិយាយបាន ថា សម្បទានរបស់កងទ័ពកម្ពុជាចំពោះភាគីថៃមួយលើកទៀតនេះ ជាកាយវិការ សន្ដិនិយមដ៏ឧត្ដុង្គឧត្ដម គួរឱ្យកោតសរសើរក្រៃលែង៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment