Thursday, December 30, 2010

បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីឆ្នាំ២០១០មាន៣១៨លើក របាយការណ៍ថាមានការថយចុះ៧៥លើកបើធៀបនឹងឆ្នាំ២០០៩

បទល្មើស​​ព្រហ្ម​ទណ្ឌ​​នៅ​ក្នុង​រាជធានីភ្នំពេញ​ រយៈ​​ពេល​​មួ​យ​ឆ្នាំ​ គិត​ដល់​ថ្ងៃ​ទី​១៧ ធ្នូ ២០១០ បាន​កើត​ឡើង​ចំនួន​៣១៨​លើក ថយ​ចុះ​ជាង​ឆ្នាំ​កន្លង​មក​ចំនួន​៧៥​លើក ស្មើ​នឹង​១៩,០៨%​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤៤​នាក់​ របួស​៩៣​នាក់ ។ នេះជា​តួលេខ​បង្ហាញ​ដោយ​​របាយ​ការណ៍​របស់​ការិយាល័យ​កណ្តាល​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ដែល​កោះ​សន្តិភាព​ទទួល​បាន​ ។​ តាមការ​ត្រួតពិនិត្យ​​សភាពការណ៍​ក្នុង​ឆ្នាំ​២០១០ បទល្មើស​​ព្រហ្មទណ្ឌ​​​មាន​ការ​ថយ​ចុះ​​ទាំងបទ​ល្មើស​​មជ្ឈិម​និងបទ​ល្មើស​​ឧក្រិដ្ឋ​ ។ បទ​ល្មើស​​​ឧក្រិដ្ឋ​​​មាន​ចំនួន​១២៧​លើក ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩ ថយ​ចុះ​មួយ​លើក​ បទ​ល្មើស​មជ្ឈិម​​មាន​ចំនួន​១៩១​លើក​ ថយ​ចុះ​៧៤​លើក ។ ប្រភពព័ត៌​មាន​ដ​ដែល​បង្ហាញ​ថា បទ​ល្មើស​ឧក្រិដ្ឋ​​ក្នុង​ឆ្នាំ​២០១០ កើត​ឡើង​១២៧​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៤៤​នាក់​ របួស​២១​នាក់ ​។​​ កំហែង​យក ​(ប្លន់) ​កើត​ឡើង​៦៥​លើក ក្នុង​នោះ​​មាន​កំហែង​យក​ដោយ​ប្រើ​ប្រាស់​អាវុធ​៤១​លើក និង​កំហែង​យក​ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​​​ផ្សេងៗ​២៤​លើក ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់ របួស​១៧​ នាក់ ។
ឃាតកម្ម​​ដោយ​ចេតនា​​កើត​ឡើង​៣៣​លើក​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣៣​នាក់ របួស​៤​នាក់ ក្នុង​នោះ​ករណី​បាញ់​ប្រហារ​តាម​ផ្លូវ​សាធា​រណៈ​១២​លើក សម្លាប់​នៅ​ក្នុង​ផ្ទះសំណាក់​៧​លើក និង​វាយ​កាប់​ចាក់​សម្លាប់​តាម​ផ្លូវ​សាធា​រណៈ​១៤លើក ។ មូល​ហេតុ​គឺផ្តើម​ចេញ​​​ពីគំនុំ​ទំនាស់​​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ទំនាស់​របស់​ក្មេង​ទំនើង​ឈាន​ទៅ​វាយ​កាប់​សម្លាប់​គ្នា ​។​ ចំណែក​បទល្មើស​មជ្ឈិម​​​កើត​ឡើង​១៩១​លើក បើ​ប្រៀបធៀប​ឆ្នាំ​២០០៩ ថយ​ចុះ​​៧៤​លើក ក្នុង​នោះ​មាន​​លួច (គ្មាន​ស្ថានទម្ងន់)​ ចំនួន​៧៥​លើក ឆក់ ​(កំហែង​យកគ្មាន​​ស្ថានទម្ងន់​) ចំនួន​​៤៤​លើក អំពើ​ហិង្សា ​(ទំនាស់) ​ចំនួន​៥៣​លើក ករណី​ផ្ទុះអាវុធ​ចំនួន​១៥​លើក ដាក់​ថ្នាំ​សណ្តំ​ចំនួន​២​លើក និង​ឆបោក​ចំនួន​២លើក ។ ដោយឡែក​ បទ​ល្មើស​រំលោភ​​សេពសន្ថវៈ​​កើត​ឡើង​២៩​លើក ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សមាសភាព​យុវជន​លួង​លោម​ជន​រងគ្រោះ​យក​ទៅ​រំលោភ​នៅ​ផ្ទះ​សំណាក់​ ឬតាម​គោល​ដៅ​ដែល​ណាត់​ជួប ។ សមត្ថ​កិច្ច​ស្រាវ​ជ្រាវបង្ក្រាប​​​​បាន​២៨​ករណី ឃាត់​ខ្លួន​២៨​នាក់ ។​
យោងតាម​​របាយការណ៍​បូក​សរុប​សភាព​ការណ៍​ការងារ​រក្សា​សន្តិសុខ​ សណ្តា​ប់​ធ្នាប់​​សង្គម​ដដែល​​ បាន​វាយ​តម្លៃ​សភាពការណ៍​បទ​ល្មើស​ព្រហ្មទណ្ឌ​ជារួម​ត្រូវ​បាន​​កាត់​បន្ថយ​ឱ្យ​ថយ​ចុះ​ទាំង​បទ​​ល្មើស​​ឧក្រិដ្ឋ​​ ទាំង​បទ​ល្មើស​មជ្ឈិម​។ ក្នុង​នោះ​បទ​ល្មើស​​កំហែង​យកដោយ​មាន​ប្រដាប់​អាវុធ​ ដែល​ជា​កង្វល់​និង​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ ករណី​លួច​គ្មាន​ស្ថាន​ទម្ងន់​​ដូចជា​ឆក់ លួច គាស់​ផ្ទះ​នៅតាម​មូល​ដ្ឋាន ត្រូវ​បាន​ទប់​ស្កាត់​ និង​កាត់​បន្ថយ​ស្ថិត​ក្នុង​កំរិត​មួយ​ដែល​អាច​ទទួល​យក​បាន​ ។ ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ខែ​វិច្ឆិកា​ ២០១០ បទ​ល្មើស​កំហែង​យក​ឬប្លន់​ ឃាតកម្ម​​ បាន​កំរើក​ឡើង​វិញ គួរ​ឱ្យ​​កត់​សំគាល់​ទាំង​បរិមាណ​និង​សកម្មភាព​ដែល​មិនធ្លាប់​កើត​មាន​ក្នុង​​រយៈពេល​កន្លងមក​នៅ​រាជធានីភ្នំពេញ ។​ តែសភាព​ការណ៍​នេះមិន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​រាជ​ធានីភ្នំពេញ​ឡើយ ដោយ​សារ​សមត្ថ​កិច្ច​​បាន​​ម្ចាស់ការ​សហ​ការ​ស៊ើប​អង្កេត​ ស្រាវជ្រាវ​បង្ក្រាប​​​ជន​ល្មើស​​ជា​មេខ្លោង និង​បក្សពួក កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ​​ផ្តន្ទាទោស​តាម​ច្បាប់​បាន​ទាន់​ពេល​ ទ្រោលភាព​ការណ៍​ទាំង​នោះ​ឱ្យ​មានការ​ស្ងប់ស្ងាត់​​​ជា​ប្រក្រតី​​ឡើងវិញ​បាន​ឆាប់​រហ័ស ៕
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment