នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា នៅថ្ងៃទី៣០ ធ្នូ បានទាមទារឱ្យមានការដោះលែងពលរដ្ឋថៃទាំង៧នាក់ជាបន្ទាន់ដែលក្នុងនោះមានម្នាក់ជាសមាជិកគណបក្សរបស់លោកត្រូវបានចាប់ខ្លួនដោយកងទ័ពកម្ពុជានៅតំបន់ក្បែរព្រំដែនរវាងប្រទេសថៃ-កម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ កន្លងមក ។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានដកស្រង់សំដីលោកអាប់ភីស៊ីត ថា កម្ពុជា ត្រូវតែដោះលែងពលរដ្ឋថៃទាំង៧នាក់នោះជាបន្ទាន់ ហើយមិនគួរយកករណីនេះឡើងតុលាការនោះទេ ពីព្រោះវាធ្វើឱ្យបញ្ហាដែលមានស្រាប់រវាងប្រទេសទាំង២ កាន់តែមានសភាពតានតឹងឡើង ។ លោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីក្រសួងការបរទេសនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា នៅថ្ងៃនេះ (៣០ ធ្នូ) ដើម្បីជួបចរចា និងពិភាក្សាជាមួយសមភាគីកម្ពុជា ស្តីអំពីបញ្ហាចាប់ខ្លួនពលរដ្ឋថៃទាំង៧នាក់នោះ ។
លោកស៊ូថេប ធឿកសូបាន់ បានថ្លែងក្នុងបញ្ហានេះផងដែរថា រូបលោក និងលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត បានទាក់ទងទៅរដ្ឋាភិបាលកម្ពុជា ក្រោយពីទទួលបានដំណឹងអំពីការចាប់ខ្លួនពលរដ្ឋថៃ៧នាក់នោះ ដើម្បីឱ្យមានការដោះលែង ប៉ុន្តែកម្ពុជាបានបដិសេធមិនទទួលយកសំណើរបស់លោកឡើយ ។ លោកស៊ូថេប បានអះអាងបញ្ចាក់ថា រដ្ឋាភិបាលលោកអាប់ភីស៊ីត នឹងព្យាយាមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយពលរដ្ឋថៃទាំង៧នាក់នោះ ឱ្យបានមកកាន់ប្រទេសថៃវិញ។
គួររំលឹកឡើងវិញ ទាក់ទិននឹងបញ្ហានេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សមត្ថកិច្ចការពារព្រំដែន និងអាជ្ញាធរដែនដី ត្រូវតែនាំជនជាតិថៃ៧នាក់ ជាក្រុមអាវលឿង ដែលចាប់បាននៅឯព្រំដែនក្នុងទឹកដីកម្ពុជានោះឡើងតុលាការឱ្យខាងតែបាន ព្រោះជាកំហុសរបស់ពួកគេហ៊ានរំលោភអធិបតេយ្យភាពរបស់កម្ពុជា ។ ការចាប់បានក្រុមអាវលឿងជនជាតិថៃ៧នាក់ ក្នុងនោះមានសមាជិកសភា២នាក់ផង ត្រូវបានសម្តេចតេជោហ៊ុន សែន សង្កត់ធ្ងន់ថា រឿងប្រព្រឹត្តខុសច្បាប់លុកលុយទឹកដីគេនេះ បើទោះជាមានអន្តរាគមន៍សុំឱ្យដោះលែងសមាជិកសភាថៃ២នាក់នោះក៏ដោយ ក៏យើងមិនអាចជួយបានដែរ ព្រោះពួកគេយករឿងខុសមកជាមួយ...។ ពិតមែនតែអ្នកឯងជាសមាជិកសភាថៃ...ប៉ុន្តែសមាជិកសភាថៃ មានអភ័យឯកសិទ្ធិតែនៅក្នុងទឹកដីថៃប៉ុណ្ណោះ អ្នកឯងគ្មានអភ័យឯកសិទ្ធិនៅក្នុងទឹកដីកម្ពុជាទេ...អ្នកឯងចូលក្នុងទឹកដីកម្ពុជាខុសច្បាប់ នាំរឿងខុសច្បាប់មកជាមួយទៀត ដូច្នេះបន្ទុកកាន់តែធ្ងន់ហើយ...ត្រូវតែឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការជំនុំជំរះតាមនីតិវិធី ។
No comments:
Post a Comment