ដោយមិនអស់ចិត្តនឹងជំហររបស់ហ្វ៊ុនស៊ិនប៉ិច លោក ឈឹម សៀកឡេង ព្រឹទ្ធបុរសគណបក្ស នរោត្តម រណឫទ្ធិ និងជាអ្នកស្មោះស្ម័គ្រនឹង សម្តេចក្រុមព្រះ បានដាក់លិខិតមួយថ្មីទៀតទៅកាន់ លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចដើម្បីឲ្យមានការបង្រួបបង្រួមអ្នករាជានិយម បង្កើតជាគណបក្ស ហ្វ៊ុនស៊ិនប៉ិច ៨១ តាមសេណារីយ៉ូ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
ក្នុងលិខិតចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ដែលទើបតែចែកចាយដល់អ្នកកាសែត នាថ្ងៃ ទី៣០ ខែធ្នូ ឆ្នាំ២០១០ លោក ឈឹម សៀកឡេង បានជម្រាបលោក កែវ ពុទ្ធរស្មី ថាលោកនៅតែមាន សុទិដ្ឋិនិយមក្នុងការបន្តការចរចាបង្កើតគណបក្សរាជានិយមថ្មីមួយគឺ ហ្វ៊ុនស៊ិនប៉ិច ៨១។
លោក ឈឹម សៀកឡេង បានគូសបញ្ជាក់ថា ការលើកឡើងដូច្នេះ ដោយ លោកយោងតាមស្មារតី នៃជំនួបរវាងលោកប្រធាន កែវ ពុទ្ធរស្មី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិហើយនឹងជាមួយ ថ្នាក់ដឹកនាំមួយចំនួនទៀត នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ និងសមាជវិសាមញ្ញ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១០ ដែលបានសម្រេចជាឯកច្ឆ័ន្ទ គាំទ្រសំណើរបស់សម្តេចក្រុមព្រះដើម្បីបង្កើតគណបក្ស រាជានិយមថ្មីមួយ ដែលមានឈ្មោះថា ហ្វ៊ុនស៊ិនប៉ិច ៨១ ដែលមានព្រះអង្គជាព្រះប្រធាន។
ជាថ្មីម្តងទៀត ព្រឹទ្ធបុរសគណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង បានគូស បញ្ជាក់បន្ថែមថា លោកនៅតែមានសង្ឃឹមដ៏មុតមាំក្នុងការបង្រួបបង្រួមអ្នករាជានិយមអ្នក សីហនុនិយម ក្រោមដំបូលគណបក្សរាជានិយមតែមួយដូចដែលមូលដ្ឋានរាជានិយមប្រាថ្នា ចង់បាន។
សូមបញ្ជាក់ថា លិខិតរបស់លោក ឈឹម សៀកឡេងខាងលើនេះ បានធ្វើឡើងក្រោយពីគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានច្រានចោលបំណងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិក្នុងការបង្រួបបង្រួម គណបក្សរាជានិយមបងប្អូនសត្រូវរវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១០។ គឺមួយថ្ងៃក្រោយពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិវិលត្រឡប់ ចូលឆាកនយោបាយជាថ្មីឡើងវិញ។
លោកញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការហ្វ៊ុនស៊ិនប៉ិចធ្លាប់មានប្រសាសន៍ថាលោកគ្មានជំនឿលើ សមត្ថភាព បង្រួបបង្រួមរបស់សម្តេច ក្រុមព្រះទេ ហើយក៏មិនគាំទ្រឲ្យមានការបង្កើត គណបក្សហ្វ៊ុនស៊ិនប៉ិច ៨១អ្វីនោះដែរ៕
No comments:
Post a Comment