កាដូធំៗចំនួន៣ បានផុសឡើងនៅលើដែនដីសុវណ្ណភូមិ គឺជាចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះប្រជា ពលរដ្ឋខ្មែរប្រមាណ១៤លាននាក់ ត្រូវបានប្រកាសឲ្យដឹងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកាដូធំទាំង៣នោះ គឺ ផ្លូវ ស្ពាន និងទំនប់វារីអគ្គីសនី។
ពិតមែនថា រាជរដ្ឋាភិបាលបច្ចុប្បន្នប្រកាន់យកគោលនយោបាយតាមរបៀប «យុទ្ធសាស្ត្រជំហានគីង្គក់» ដែលក្រុមប្រឆាំងតែងតែប្រមាថថា យឺត រខេករខាក មិនលឿនរហ័សមែនពិត ប៉ុន្តែ ក្នុងការបោះ មួយជំហានៗរបស់សម្តេចតេជោ គឺមានទម្ងន់មហាសាល ពោរពេញដោយថាមពលនិងបាននាំមកនូវសារៈប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងន័យជំហានគីង្គក់ក្នុងសម័យតេជោ គឺប្រដូចទៅនឹងជំហាននៃការរីកចំរើន និងការអភិវឌ្ឍដែលប្រកបដោយចីរភាព។
ពលរដ្ឋខ្មែរដែលបានហែលឆ្លងនូវមហាសោកនាដ្ឋកម្មនៃការកាប់សម្លាប់ ធ្វើការធ្ងន់ បង្អត់អាហារ ដោយបនប្រល័យពូជសាសន៍ ប៉ុល ពត គឺមិនអាចបំភ្លេចបានឡើយពីទុក្ខលំបាកវេទនា នៃរបបវាលពិឃាតនោះ ពីព្រោះក្រុមទមិឡអត់សាសនាទាំងនោះបានបំផ្លាញអស់គ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន ផ្សារ មន្ទីរពេទ្យ វត្តអារាម សំណង់អាគារ សហគ្រាស និងមន្ទីរស្ថាប័នជាតិធំៗ រួមទាំងស្ថាប័នព្រះមហាក្សត្រផង(និយាយដោយឡែក គ្រាន់តែនៅទីក្រុងភ្នំពេញ គឺស្ងាត់ជ្រងំដូចទីរហោស្ថាន)។
ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ ១៩៧៩ កម្ពុជាបានចាប់ផ្តើមពីចំនុចសូន្យនិងបានខិតខំស្តារ កសាង អភិវឌ្ឍប្រទេស ការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពទឹកដី បំផ្លាញអស់នូវអង្គការចាត់តាំងខ្មែរក្រហមនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ‑ឈ្នះ រហូតធានាបាននូវស្ថេរភាពនយោបាយ សុខសន្តិភាព និងមានឱកាសគ្រប់គ្រាន់ដើម្បីការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលជាច្រើនដែលបានកើតឡើងនៅក្រោយសង្រ្គាមវិនាសកម្មនាទសវត្សឆ្នាំ១៩៧០ បាននាំឲ្យកម្ពុជាប្រែមុខមាត់ថ្មី និងបានស្ទុះទៅមុខយ៉ាងលឿន ជាជំនួសកន្លែងដែលរងការខ្ទេចខ្ទាំ វិនាសហិនហោច មកជាមានស្ពាន ផ្លូវ សាលារៀន ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អាគារខ្ពស់ៗ នៅតាមទីក្រុង និងរហូតដល់ជនបទ ក៏ដូចជាអាគារពាណិជ្ជកម្ម បច្ចេកវិទ្យាថ្មីៗ អ្នកវិនិយោគមកបណ្តាក់ទុន និងភ្ញៀវទេចរណ៍រាប់លាននាក់ចូលមកទស្សនាក្នុងមួយឆ្នាំៗ ដោយបាននាំមកនូវថវិកាយ៉ាងច្រើនសម្រាប់កំណើនសេដ្ឋកិច្ចជាតិ។
ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនិងបរទេសមានឱកាសប្រកបរបរទទួលទានតាមរបៀបទីផ្សារសេរីប្រកបដោយភាពសុខដុមនីយកម្មពេញលេញ ។បន្ថែមពីលើនេះរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមួយបណ្តាប្រទេសនានា និងបាននាំមកនូវទំនុកចិត្តជាមួយនិងការផ្តល់នូវប្រាក់កម្ចីសម្រាប់ការអភិឌ្ឍរាប់លានដុល្លារកើនឡើងជារៀងរាល់ឆ្នាំ ។
ជាភស្តុតាង ក្នុងឆ្នាំចុងក្រោយនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានដាក់សម្ពោធឲ្យប្រើប្រាស់នូវសំណង់អាគារ ការដ្ឋានសាងសង់ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រពន្ធ័ធារាស្ត្រ ជារួមហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ទាំងនេះគឺកើតចេញពី« ទស្សនៈសាមគ្គីជាតិជាធ្លុងមួយ» និងបានខិតខំពង្រឹងនិតិរដ្ឋ ដោយការគោរព និងអនុវត្តច្បាប់ ស្របតាមគោលការណ៏ប្រជាធិបតេយ្យសេរីពហុបក្ស ។ ដូច្នេះ កាដូធំទាំង៣ របស់រាជរដ្ឋាភិបាល មាន ផ្លូវ ស្ពាន និងបណ្តាញអគ្គីសនីសម្រាប់ឆ្នាំ២០១១ គឺជាកាដូនៃក្តីសង្ឃឹម ជាកាដូដែលនឹងជួយសម្រួលដល់ការលើកកម្ពស់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋឲ្យបានប្រសើរឡើងថែមមួយកម្រិតទៀត ផ្ទុយពីការរិះគន់របស់ពួកបក្សប្រឆាំងជ្រុលនិយមមួយក្រុមតូចដែលមានជំនាញពូកែខាងថា ខាងនាំគ្នាប្រព្រឹត្តបំពានច្បាប់ ហើយទម្លាក់កំហុសមកឲ្យរាជរដ្ឋាភិបាលនៅពេលមានពួកគេរងនូវចំណាត់ការតាមប្រព័ន្ធតុលាការ ។ ដូច្នេះ គណបក្សប្រឆាំងពុំមានកាដូអ្វីជូនប្រជាពលរដ្ឋខ្មែរនោះឡើយ គឺពួកគេពុំបានប្រើប្រាស់ឱកាសសម្រាប់រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិទេ ។ ផ្ទុយទៅវិញសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវមោទនភាពជូនជាតិដោយផ្តល់នូវកាដូដែលអតីតកាលពុំធ្លាប់មាន ដែលកាដូទី១ គឺ ការស្ថាបនាផ្លូវក្រាលកៅស៊ូថ្មីនៅស្រុកបន្ទាយអំពិលទៅកាន់ប្រាសាទតាមាន់នាជើងភ្នំដងរែក ដែលទីនោះធ្លាប់តែជាតំបន់ស្នូរគ្រាប់កាំភ្លើង ឥឡូវក្លាយជាតំបន់សន្តិភាពយ៉ាងពេញលេញ។ កាដូទី២ គឺ ការបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីកម្លាំងថាមពល ៣៣៨ ម៉េហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទឹកប្រាក់ជិត៥០០លានដុល្លារ បន្ថែមពីលើគម្រោងវារីអគ្គីសនីចំនួន៧កន្លែងផ្សេងទៀត និងអគ្គីសនី១កន្លែងដែលដើរដោយធ្យូងថ្ម ក្រៅពីនេះវារីអគ្គីសនី១២គម្រោងទៀតកំពុងសិក្សា និងកាដូទី៣ គឺការបើកការដ្ឋានសង់ស្ពានអាកាសទី២ ស្ថិតនៅចំនុចប្រសព្វស្តុបពេទ្យលោកសង្ឃ ដែលមានទឹកប្រាក់ជិត៩លានដុល្លារសហរដ្ឋអាមេរិក ក្រៅពីនេះ សម្តេចតេជោ ក៏បានប្រកាសអំពីគម្រោងសាងសង់ស្ពានអាកាសទី៣នៅក្នុងទីក្រុងភ្នំពេញផងដែរ។ ជារួម កាដូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរដ្ឋាភិបាលដែលមាននូវឆន្ទៈខ្ពស់ ការទទួលខុសត្រូវឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋដែលបានផ្តល់ទំនុកចិត្តតាមរយៈសម្លេងឆ្នោតគាំទ្រក្នុងអណត្តិទី៤នេះ ។ ដូច្នេះ នៅឆ្នាំ២០១១ ខាងមុខ តាមរយៈសមិទ្ធផលថ្មីនៃកាដូការទាំង៣ បន្ថែមពីលើសមិទ្ធផលដែលមានដ៏ច្រើនសន្ធឹកសន្ធាប់ គឺនឹងត្រូវបានលើកកម្ពស់នូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលចាត់ទុកថាជាកាដូលើដែនដីសន្តិភាពក្នុងសម័យតេជោ ដ៏មានអត្ថន័យបំផុត៕
អានន្ទ
No comments:
Post a Comment