លោកជំទាវ រ៉ូឡា រីឆាដសុន (Laura Richardson) សមាជិកសភាជាន់ទាបរបស់សហ រដ្ឋមន្រ្តី បានថ្លែងប្រាប់លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០នេះថា លោកស្រីនឹងយកទុក្ខលំ បាកដែលកម្ពុជាពិបាកក្នុងការសងបំណុល ទៅពិភាក្សាជាមួយតំណាងរាស្រ្តភាគច្រើនក្នុងសភាអា មេរិក ដើម្បីធ្វើការអនុម័តការលើកលែងបំណុល ក្នុងសម័យសង្រ្គាមជំនាន់លន់ នល់។
យោងតាមលោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និងលោកស្រី រ៉ូឡា រីឆាដសុន តំណាងរាស្រ្តសភាជាន់ទាប ក្នុងរដ្ឋកាលីហ្វូនីញ៉ា សហរដ្ឋអាមេរិក គឺបានផ្ដោតលើគោលការណ៍ជាច្រើនរវាងកម្ពុជា និង អាមេរិកមានដូចជា ៖ កម្ពុជានិងសហរដ្ឋអាមេរិកកាន់តែមាន ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ជាពិសេសគឺដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកមកកម្ពុជាថ្មីៗនេះ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន ក្នុងការទំនាក់ទំនងការទូត និងសហប្រតិបត្តិការរវាង ប្រទេសទាំង២មានភាពល្អប្រសើរ។ កិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរឈរលើគោលការណ៍ អភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា មានដូចជាវិស័យសង្គមកិច្ច អប់រំ សុខាភិបាល ការដោះមីន និងវិស័យជាច្រើនទៀត។
យោងតាមលោកកុយ គួង ក៏បានឲ្យដឹងដែរថា លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ក៏បាន ជម្រាបជូនតំណាងរាស្រ្តសភាអាមេរិកដែរថា កម្ពុជាជាប្រទេសមួយដែលរងគ្រោះដោយសារការជួញដូរមនុស្ស ក៏ដូចជាការជួញដូរគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា។ ការជួញដូរមនុស្សត្រូវបាន មេខ្យល់មកបោកបញ្ឆោតប្រជាពលរដ្ឋឲ្យទៅធ្វើការនៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដោយខុស ច្បាប់ និងសន្យាថានឹងទទួលបានប្រាក់ខែខ្ពស់។ ប៉ុន្តែការពិតប្រជាពលរដ្ឋខ្មែរទាំងនោះបានប្រឈម មុខនឹងការចាប់ដាក់ពន្ធនាគារផ្សេងៗនៅប្រទេសទាំងនោះ។
ដោយឡែកបញ្ហាអនុគ្រោះពន្ធនាំចូល ជាសម្ភារៈ និងទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះ លោកឧបនាយករដ្ឋមន្រ្តីបានសំណូមពរទៅលោកស្រីតំណាងរាស្រ្ត ជួយជំរុញឲ្យច្បាប់ពាណិជ្ជកម្ម អនុគ្រោះពន្ធរាល់ទំនិញទាំងឡាយដែលចូលទៅកាន់សហរដ្ឋអាមេរិក។
យោងតាមប្រសាសន៍លោកកុយ គួង ដដែលបានឲ្យដឹងដែរថា លោកឧបនាយករដ្ឋមន្រ្តី បានពន្យល់លោកស្រីតំណាងរាស្រ្តអំពីបញ្ហាផលពិបាក ដែលកម្ពុជាត្រូវសងបំណុងទៅសហរដ្ឋអា មេរិក ក្នុងអំឡុងពេលដែលកម្ពុជាជំពាក់ក្នុងសម័យលន់ នល់ គឺសរុបទៅមានតម្លៃពិតមានចំនួន១៦២លានដុល្លារអាមេរិក ប៉ុន្តែបើទូទាត់ទាំងការប្រាក់ជាបន្តបន្ទាប់នោះ មានរហូតដល់ទៅប្រហែល ជា៤០០លានដុល្លារអាមេរិក។ លោកឧបនាយករដ្ឋមន្រ្តីបានធ្វើការពន្យល់លោកស្រីតំណាងរាស្រ្ត រូបនោះថា បំណុលនោះគឺជំពាក់ក្នុងសម័យសង្រ្គាម ហើយរបបនោះត្រូវបានបញ្ចប់ តែនាំមកវិញនូវរបបខ្មែរក្រហម ដែលធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ដល់ចំណុចសូន្យ គឺមិនត្រឹមតែសម្លាប់មនុស្សនោះទេ ថែមទាំងបំផ្លាញទ្រព្យសម្បត្តិគ្មានសល់អ្វីថែមទៀតផង។
គោលបំណងរបស់កម្ពុជាស្នើដោយត្រង់ទៅកាន់សហរដ្ឋអាមេរិកតាមរយៈតំណាងរាស្រ្តសភាជាន់ទាបថា «យើងចង់បង្វែរបំណុលខ្លះទៅអភិវឌ្ឍន៍ ឬក៏លុបបំណុលចោលទាំងស្រុង ឬលុបមួយចំនួន ឬក៏ធ្វើយ៉ាងណាឲ្យកម្ពុជាយើងអាចទទួលយកបាននោះ ជាពិសេសគឺ ផលវិបាកដែលកម្ពុជាមិនអាចសងបំណុលទាំងនោះបាន»។
ជាការឆ្លើយតប លោកស្រីរ៉ូឡា រីឆាដសុន (Laura Richardson) តំណាងរាស្រ្តសភាជាន់ទាប បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបំណុលដែលកម្ពុជាស្នើសុំឲ្យលើកលែងនោះលោកស្រីបានធ្វើការជាមួយតំណាងរាស្រ្តដទៃទៀត ដើម្បីធ្វើយ៉ាងម៉េចជួយដោះស្រាយបញ្ហាបំណុលនេះ ហើយ លោកស្រីពេលត្រឡប់ទៅអាមេរិកវិញ នឹងធ្វើការពន្យល់ជាមួយតំណាងរាស្រ្តអាមេរិកភាគច្រើន ដើម្បីឲ្យយល់អំពីបញ្ហានេះ ពីព្រោះការដោះស្រាយបញ្ហាបំណុលនេះគឺត្រូវការឲ្យមានច្បាប់ដែលបានអនុម័តចេញពីរដ្ឋសភា។ នេះបើតាមការឲ្យដឹងតាមរយៈលោកកុយ គួង ក្រោយពីជំនួបនោះរួចមក។
លោកស្រីតំណាងរាស្រ្តបានបញ្ជាក់ទៀតថា កន្លងមកលោកស្រីហ៊ីល ឡារីគ្លីនតុន រដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក បានមកដល់កម្ពុជាពិភាក្សាករណីលើកលែងបំណុលទាំងនោះ ហើយក៏បានបង្កើតក្រុមការងារមួយនឹងធ្វើការបញ្ជូនមកកម្ពុជា។ ឥឡូវនេះក្រុមការងារកំពុងដំណើរជាធម្មតា អំពីករណីបំណុលទាំងនេះ
No comments:
Post a Comment