លទ្ធផលពិភាក្សាបន្ទាន់មួយរវាងលោកកាស៊ីត ភិរម្យ និងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៣០ ធ្នូ ២០១០ ដោយប្រើពេលអស់ជាង១ម៉ោងនោះ បានបង្ហាញថា ការជួយរំដោះពលរដ្ឋថៃ៧នាក់ ឱ្យរួចផុតពីដៃតុលាការកម្ពុជារបស់ប្រមុខការទូតថៃត្រូវទទួលបរាជ័យហើយ ដោយសារថា រឿងនេះជាធ្លាក់ទៅក្នុងដៃតុលាការ ដូច្នេះទុកឱ្យតុលាការជាអ្នកចាត់ការតាមនីតិវិធីចុះ ។ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានមានប្រសាសន៍ក្រោយជំនួបជាមួយលោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីការបរទេសថៃថា លោកកាស៊ីត ភិរម្យ ពិតជាបានពិភាក្សាបន្ទាន់ជាមួយរូបលោកស្តីពីមធ្យោបាយដោះលែងពលរដ្ឋថៃទាំង៧នាក់នោះប្រាកដមែន ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាមិនអាចជួយបានទេ ដោយសារតែសំណុំរឿងនោះបានធ្លាក់ដល់ដៃតុលាការបាត់ទៅហើយ រដ្ឋាភិបាលមិនអាចលូកដៃចូលក្នុងកិច្ចការតុលាការបានទេ... តុលាការថៃឯករាជ្យ រីឯតុលាការកម្ពុជាក៏ឯករាជ្យដែរ ។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បញ្ជាក់ថា ភាគីទាំង២កម្ពុជា-ថៃបានយល់ឃើញដូចគ្នាថា កិច្ចការនេះគួរទុកឱ្យតុលាការចាត់ការទៅតាមនីតិវិធីរបស់គេមួយរយៈចុះ រង់ចាំមើលថា តើវាដល់ដំណាក់កាលណាខ្លះ? មិនតែប៉ុណ្ណោះលោកឧបនាយករដ្ឋមន្ត្រីបានប្រាប់លោកកាស៊ីត ភិរម្យ ថា ជនជាតិថៃទាំង៧នាក់ ដែលកំលាំងការពារព្រំដែនកម្ពុជាចាប់ខ្លួននោះ គឺចាប់នៅក្នុងទឹកដីកម្ពុជា ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលពួកគេចូលដោយគ្មានការអនុញ្ញាត និងខុសច្បាប់ ។
លោកកាស៊ីត ភិរម្យ បានសំដែងការសោកស្តាយថា រូបលោកក៏មិនបានដឹងថា ពលរដ្ឋថៃទាំង៧នាក់នោះចូលមកក្នុងទឹកដីកម្ពុជានោះដែរហើយប្រសិនបើពួកគេបានចូលមកក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ គ្មានការអនុញ្ញាតមែននោះ គឺវាពិបាកហើយ។ គេបានដឹងតាំងពីដំបូងមកម៉្លេះថា ដំណើរប្រញាប់មកកាន់ប្រទេសកម្ពុជារបស់លោកកាស៊ីត ភិរម្យ បែបនេះ ត្រូវបានអ្នកតាមដានក្នុងប្រទេសកម្ពុជាយល់ឃើញថា គ្មានអ្វីក្រៅពីមកពិភាក្សាសំរួលសុំឱ្យមានការដោះលែងពលរដ្ឋថៃ៧នាក់ ដែលអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួននោះទេ ព្រោះនេះជាព្រឹត្តិការណ៍ដ៏ក្តៅកក្រើករវាងកម្ពុជា-ថៃ ដែលទើបកើតឡើងថ្មីៗនេះ ប៉ុន្តែទំនងកាស៊ីត ភិរម្យ មិនទទួលបានជោគជ័យទេ ក្នុងបេសកកម្មរំដោះមនុស្សថៃ៧នាក់នេះ ព្រោះវីរៈ ខ្វាមឃីត ក្នុងចំណោម៧នាក់នោះ ធ្វើខុសម្តងហើយម្តងទៀត និងអ្នកខ្លះសមាជិកសភា តែបែរជាមិនយល់ច្បាប់...ឥឡូវពួកគេបរាជ័យមែន ៕
No comments:
Post a Comment