Thursday, December 30, 2010

ថៃ​ទទួល​ស្គាល់​ថា​ជនជាតិ​ថៃ រួមទាំង​សមាជិក​សភា​ផង កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា​នៅឡើយ


Y2mxowu3ymZjezmjuxod 
មន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​របាយការណ៍​សារព័ត៌មាន​ដែល​ថា​កម្ពុជា​បាន​ដោះលែង​សមាជិក​សភា​ថៃ​ម្នាក់​រួម​ទាំង​ជនជាតិ​ថៃ​៦​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ពុធ​ក្នុងពេល​ពួក​គេ​ចុះ​មក​ត្រួតពិនិត្យ​តំបន់​មាន​ជម្លោះ​មួយ​នៅក្នុង​ទឹកដី​កម្ពុជា​។​
​លោក​ផានិ​ច វី​គិត​ស្រេត សមាជិក​សភា​ម្នាក់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ស្ថិត​ចំណោម​ក្រុម​មនុស្ស​៧​នាក់​ដែល​ត្រូវ​ទាហាន​កម្ពុជា​ចាប់​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​តំបន់​ជម្លោះ​មួយ​នៅ​ស្រុក​អារញ្ញ​ក្នុង​ខេត្ត​ស្រះកែវ នេះ​បើ​តាម​ការអះអាង​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​លោក​ថា​នី ថង​ផាក​ឌី​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​កាលពី​រសៀល​ថ្ងៃ​ពុធ​បាន​និយាយថា​ជនជាតិ​ថៃ​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​ត្រូវបាន​ដោះលែង​ហើយ តែ​នាយក​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយថា​ពួក​មន្ត្រី​បាន​ចរចា​គ្នា​ជាមួយ​ភាគី​ថៃ​អំពី​ករណី​នេះ​ហើយ​“​យើង​មិន​ទាន់​ដោះលែង​ពួកគេ​នៅឡើយ​ទេ​”​។​
​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយ​រូប​បាន​និយាយថា​ក្រុម​នេះ​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​“​ការឆ្លង​ចូល​ទឹកដី​កម្ពុជា​ក្រោម​ច្បាប់​អន្តោប្រវេសន៍​។​ពួកគេ​បាន​ចូល​ក្នុង​ទឹកដី​កម្ពុជា​”​។​
​លោក​ផានិ​ច ជា​ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​កា​ស៊ីត ភារម្យ​មុនពេល​លោក​ឈ្នះ​ការបោះ​ឆ្នោត​បំពេញ​កៅអី​សភា​នៅ​ទំនេរ​ប្រចាំ​ក្រុង​បាងកក​កាលពី​ខែ​មុន ។​លោក​បាន​ចុះទៅពិនិត្យ​តំបន់​ព្រំដែន​ក្រោយ​ពួក​អ្នកភូមិ​ថៃ​ប្តឹង​ថា​ទាហាន​កម្ពុជា​កាន់កាប់​តំបន់​នោះ​។​យោង​តាម​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចំរុះ​ថៃ ការចុះ​មក​ត្រួតពិនិត្យ​នេះ​មិន​មាន​ការបញ្ជា​អោយ​ធ្វើ​ដូច្នេះ​ទេ​។​
​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ផងដែរ​គឺ​លោក វីរៈ សំ​ក្វាម​ឃី​ត អតីត​មេដឹកនាំ​ក្រុម​អាវ​លឿង​និង​ជា​មេដឹកនាំ​ក្រុម​“​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​”​ដែល​បាន​ធ្វើ​ការប្រឆាំង​តវ៉ា​រឿង​ប្រាសាទ​ព្រះវិហារ​ជា​ហូរហែរ​។​
​អ្នកនាំពាក្យ​ក្រុម​អាវ​លឿង​លោក​ផាន​ថេប​បាន​និយាយ​ថា​ការចាប់ខ្លួន​នេះ​“​ច្បាស់​ណាស់​”​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ទឹកដី​ថៃ​និង​បាន​ស្នើ​អោយ​កម្ពុជា​សុំទោស​ចំពោះ​ឧបទ្ទវហេតុ​នេះ​។​អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយថា​“​កម្ពុជា​បាន​ព្យាយាម​ឈ្លានពាន​យើង​និង​កាន់កាប់​ទឹកដី​របស់​យើង​”​។​
​តែ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍន៍​ជនបទ​ថា​“​ពួកគេ​ចូល​មក​វាស់វែង​ទឹកដី​ថៃ​នៅ​ក្នុង​ទឹកដី​កម្ពុជា​។​ដូច្នេះ​កម្ពុជា​មាន​សិទិ្ធ​ចាប់ខ្លួន​ពួកគេ​”​។​
​សម្តេច​បាន​បញ្ជាក់​ថា​ជ​ន​ជាតិ​ថៃ​ទាំង​៧​នាក់​ត្រូវបាន​នាំខ្លួន​ពី​ខេត្ត​បន្ទាយមានជ័យ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ទទួល​ការចោទប្រកាន់​និង​រង់ចាំ​សវនាការ​។​
​សម្តេច​បាន​និយាយថា​“​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ហើយ​បើ​តុលាការ​ចោទប្រកាន់​ពួក​គេ ពួកគេ​នឹង​ជាប់គុក​នៅ​ព្រៃ​ស​”​។​
​តែ​ទោះជា​យ៉ាងណា​សម្តេច​បាន​មានប្រសាសន៍ថា​ឧបទ្ទវហេតុ​នេះ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ទេ​ដោយ​សម្តេច​មានប្រសាសន៍​ថា​“​ខ្ញុំ​សង្ឃឹម​នាយករដ្ឋមន្ត្រី​អាប់​ភិស៊ី​ត នឹង​យោគយល់​អំពី​ប្រព័ន្ធ​ច្បាប់​កម្ពុជា​”​និង​ថា​ការចាប់ខ្លួន​នេះ​“​មិន​ជា​ការ​សងសឹក​”​ចំពោះ​ថៃ​ទេ​។​
​ក្នុងពេល​ជាមួយគ្នា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​បាន​និយាយថា​លោក​អាប់​ភិស៊ី​ត​បាន​ដឹង​អំពី​ឧបទ្ទវហេតុ​នេះ​និង​កំពុង​ព្យាយាម​សម្របសម្រួល​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​សភាពការណ៍​។​លោក​ផានី​តាន់ វ៉ាត​តា​ណា​យ៉ាក​ន បាន​និយាយថា​“​ឥឡូវ​វា​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា​រវាង​មន្ត្រី​មូលដ្ឋាន​រវាង​ប្រទេស​ទាំង​២​ដើម្បី​ដោះ​លែង​ប្រជាជន​របស់​យើង​”​។

No comments:

Post a Comment