លោកទ្រី ណារិន អភិបាលក្រុងប៉ោយប៉ែតបានប្រាប់កម្ពុជាថ្មីថា ក្រោយពីមានការ ចាប់ខ្លួនជនជាតិថៃ៧នាក់ សភាពការណ៍នៅព្រំដែន មានការប្រែប្រួលដោយសារតែ ភាគីថៃបាន ដាក់កម្លាំងកងទ័ពពង្រឹងនៅតាមព្រំដែនបន្ថែម។
លោកទ្រី ណារិន បាននិយាយថា នៅច្រកប៉ោយប៉ែត ដំណើរការចេញចូលជាធម្មតា ប៉ុន្តែនៅ ចំណុចរបៀងឃុំអូរបីជាន់ ស្រុកអូរជ្រៅ មានការតានតឹង ហើយច្រកចំនួន៣នោះត្រូវបានបិទ។ ប៉ុន្តែ ភាគីថៃបានប្រាប់មកភាគីកម្ពុជាថា កម្លាំងដែលគេបន្ថែមពិតជាមានមែន ហើយការថែមនោះដើម្បី ទប់ស្កាត់ក្រុមអាវលឿងកុំឲ្យចូលមកធ្វើបាតុកម្មនៅព្រំដែនតែប៉ុណ្ណោះ។ លោកបានបន្តថា ប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលត្រូវបានប្រកាសជាសាធារណៈភ្លាមៗចាប់តាំងពីល្ងាចថ្ងៃទី ២៩ ខែធ្នូមកម្ល៉េះ ដើម្បីឲ្យគាត់បញ្ឈប់ការចូលទៅក្នុងទឹកដីថៃដោយខុសច្បាប់។
ដោយសារមានការណែនាំពីថ្នាក់ដឹកនាំខាងលើ អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានចាត់កម្លាំង ពន្យល់ប្រជាពលរដ្ឋនៅតាមព្រំដែនទាំងអស់ ដើម្បីឲ្យគាត់ប្រុងប្រយ័ត្ននៅពេលពួកគាត់ឆ្លង តាមព្រំដែនទៅកាន់ប្រទេសថៃ។
ដោយឡែកច្រកព្រំដែនបឹងត្រកួននៅក្នុងស្រុកថ្មពួក ខេត្តសៀមរាប ឯណោះវិញ តាមធម្មតា ព្រំដែននេះបានបើកឲ្យចេញចូលពីម៉ោង៧ព្រឹកឡើងទៅ ប៉ុន្តែនៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ ព្រំដែន ត្រូវបានបើកនៅម៉ោង៩ ដោយភាគីថៃជាអ្នកបិទព្រំដែននេះ។ ប៉ុន្តែលោកទ្រី ណារិន បានបញ្ជាក់ជា ចុងក្រោយថា សភាពការនៅច្រកប៉ោយប៉ែតឥឡូវមានសភាពជាធម្មតាទេ។ ចំណែកនៅច្រកអូរបីជាន់ខាងកងទ័ពជាអ្នកគ្រប់គ្រងលោកមិនបានដឹងថាយ៉ាងណានៅឡើយទេ៕
No comments:
Post a Comment