រាជធានីភ្នំពេញ ៖ ជនជាតិថៃ៧នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ធ្នូ ២០១០ នោះ ត្រូវបានសំរេចបញ្ជូនទៅដាក់គុកព្រៃ.សដោយគ្មានការទើសទាល់ បន្ទាប់ពីបែងចែកពួកគេ ទៅកាន់បន្ទប់សាកសួរ ដោយមានព្រះរាជអាជ្ញារងជាច្រើននាក់ធ្វើការសាកសួរជុំវិញការចូលលុកលុយទឹកដីកម្ពុជាដោយខុសច្បាប់ ។ នៅក្នុងបន្ទប់សាកសួរដាច់ដោយឡែកពីគ្នាគេសង្កេតឃើញមានព្រះរាជអាជ្ញារងម្នាក់ ជនជាប់ចោទជាតិថៃ២នាក់ និងអ្នកបកប្រែម្នាក់ សំរាប់ឆ្លើយតបនិងបំភ្លឺ ជុំវិញការចោទសួររបស់ព្រះរាជអាជ្ញារង ។ អង្គភាពដែលគ្រប់គ្រងជនជាតិថៃ៧នាក់នេះ បានសហការគ្នារហូតដល់ទៅ៣ អង្គភាពឯណោះ គឺនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងនាយកដ្ឋានតម្រួតបទបញ្ជា។
ពួកថៃទាំង៧នាក់នោះត្រូវបានព្រះរាជអាជ្ញារងសុខ រឿន ធ្វើការចោទប្រកាន់រួចហើយ និងបានប្រគល់ទៅឱ្យចៅក្រមលោកស្រីចាំង ស៊ី ណាត ចាត់ការបន្ត ហើយបន្ទាប់មកលោកស្រីចៅក្រម បានចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ននៅគុកព្រៃ.ស ។ ពួកថៃទាំង៧នាក់ត្រូវបានចោទប្រកាន់បទល្មើស២ករណីគឺទី១-ឆ្លងចូលដែនដីទីតាំងយោធាតាមមាត្រា៤៧៣ និងទី២-អន្តោប្រវេសន៍ខុសច្បាប់តាមមាត្រាទី២៩ ។ ពួកគេអាចជាប់ឃុំនៅគុកព្រៃ.ស អ្នកខ្លះពី៦ខែទៅ១ឆ្នាំ និងអ្នកខ្លះពី៣ទៅ៦ខែ ព្រមទាំងពិន័យជាប្រាក់ពី១លានទៅ២លានរៀល មុនពេលបណ្តេញចេញពីប្រទេសកម្ពុជា ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ បានឱ្យដឹងផងដែរថា បន្ទាប់ពីចាប់ខ្លួនជនជាតិថៃ៧នាក់កាលពីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ នៅឯព្រំដែនអូរបីជាន់ ក្នុងទឹកដីកម្ពុជារួចមក ពួកគេត្រូវបានបញ្ជូនមកឃុំខ្លួននៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃកាលពីវេលាជិតពាក់កណ្តាលអធ្រាត្រ...ហើយព្រឹកនេះ (ថ្ងៃទី៣០ ធ្នូ ២០១០) ត្រូវបញ្ជូនទៅកាន់តុលាការដើម្បីសំរេចទៅតាមនីតិវិធី ។ នៅឯសាលាដំបូងរាជធានីភ្នំពេញឯណោះវិញ ព្រឹកថ្ងៃទី៣០ ធ្នូ ២០១០ នេះដែរ គេឃើញក្រុមអ្នកកាសែតច្រើនកុះកររង់ចាំជាស្រេច ដើម្បីថតរូបជនជាតិថៃ៧នាក់ និងស្តាប់ការសំរេចរបស់តុលាការ ខណៈសមត្ថកិច្ចបានបញ្ជូនពួកថៃ៧នាក់នោះ ទៅដល់តុលាការភ្លាមៗ។
សូមបញ្ជាក់ថា ក្រុមជ្រុលនិយមអាវលឿង សៀម៧នាក់នេះមានស្រី២ ប្រុស៥ ត្រូវបានកំលាំងសមត្ថកិច្ចជួរមុខបន្ទាត់ព្រំដែនភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅធ្វើការឃាត់ខ្លួន ខណៈពេលគេបានចូលមកធ្វើការវាស់វែងក្នុង
ទឹកដីកម្ពុជាដោយខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០។ ក្រៅពីការឃាត់ខ្លួនក្រុមជ្រុលនិយមមួយក្រុមនេះ កំលាំងការពារព្រំដែនជួរមុខ ដកហូតបានម៉ាស៊ីនថតចំនួន៤គ្រឿង និងសំភារមួយចំនួន ។ ពួកគេទាំង៧នាក់បានលួចចូលមកទឹកដីកម្ពុជា នៅចំណុចបង្គោលឡាក់លេខ៤៦ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លងហួសចូលមកទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត និងផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ឬអាជ្ញាធរខ្មែរឡើយ ៕

No comments:
New comments are not allowed.