ជនជាតិសៀម៧នាក់ ក្នុងនោះមានប្រុស៥នាក់ និងស្រី២នាក់ ត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ចព្រំដែនកម្ពុជាដែលក្នុងចំណោមនោះមានអ្នកតំណាងរាស្ត្រក្រុងបាងកករបស់គណបក្សប្រជាធិបតេយ្យ លោកប៉ានិច វីគិតសេត ផងដែរ។ ក្រៅពីនេះជនម្នាក់ទៀតដែលធ្លាប់ទៅជំទាស់ស្រែកទាមទារដី៤,៦គីឡូម៉ែត្រការ៉េនៅផ្ទះក្រហមទល់មុខតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ គឺវីរ៉ាស៊ុម ខ្វាមឃីត ជាមេដឹកនាំអាវលឿងជ្រុលនិយមដែលប្រជាពលរដ្ឋហៅថា «អាវរៈក្បាលតូច» ក៏ត្រូវចាប់ខ្លួនដែរ រួមជាមួយពួកជ្រុលនិយមអាវលឿង និងអ្នកកាសែត។ ការចាប់ខ្លួននេះ ខណៈពួកគេបានចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៩ ធ្នូ ហើយត្រូវសមត្ថកិច្ចកម្ពុជាការពារបន្ទាត់ព្រំដែនជួរមុខនៅភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅចាប់ខ្លួន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឱ្យដឹងថា ថ្ងៃនេះកម្ពុជាចាប់ជនជាតិថៃចំនួន៧នាក់ ដែលជាក្រុមអាវលឿង ក្នុងនោះមានតំណាងរាស្ត្រ និងអ្នកកាសែតមួយចំនួនផង។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះនារសៀលថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅសាលសន្និសីទចតុមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជនទាំងនោះត្រូវយកមកភ្នំពេញ ទោះបីមានអន្តរាគមន៍សុំឱ្យដោះលែងអ្នកតំណាងរាស្ត្រនោះក៏ដោយ។ សម្តេចបានមានប្រសាសន៍ថា៖"ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា តំណាងរាស្ត្រ២រូបនេះមកជាមួយនឹងសំណុំរឿង បើដោះលែង២នាក់ទុក៥នាក់ទៀត គឺវាខុសរឿង។ តំណាងរាស្ត្រមានអភ័យឯកសិទ្ធិតែក្នុងដីថៃទេ តែបើចូលដីខ្មែរហើយសុំទោស អត់ទេ ស្អីបណ្តាញស្នេហាជាតិទាមទារកេរម៉ែ។ បើដីលោកឯង លោកឯងធ្វើតាមចិត្តចុះ តែដីកម្ពុជា កម្ពុជាត្រូវធ្វើសកម្មភាពតាមផ្លូវច្បាប់។ លើកនេះរដ្ឋមន្ត្រីយុត្តិធម៌ត្រូវធ្វើការ លើកមុនខ្ញុំបាននិយាយសំរួលជាមួយកាស៊ីត ភិរម្យ និងនិយាយជាមួយអគ្គបញ្ជាការជើងគោកថៃ។ ខ្ញុំថា ពីថ្ងៃនេះទៅយើងគួរសំរួលគ្នា ប្រជាពលរដ្ឋដែលរស់នៅតាមទល់ដែនមិនដឹងថាកន្លែងណាជាទល់ដែនទេ មានការច្រឡំចូលទៅវិញទៅមក ភាន់ច្រឡំ ខាងណាចាប់បានបញ្ជូនឱ្យគ្នាទៅវិញមកដើម្បីចៀសវាងតាមផ្លូវតុលាការ ដូចជាករណីដែលបានដោះលែង៣នាក់កន្លងទៅ។ ប៉ុន្តែរឿងនេះសម្តេចតេជោសង្កត់ធ្ងន់ថា បណ្តាញអ្នកស្នេហាជាតិថៃគេមកវាស់ដីថៃនៅក្នុងដីខ្មែរ ដូច្នេះខ្មែរមានសិទ្ធិចាប់។ ម្តងនេះគឺកាត់ទោសតាមច្បាប់ គ្មានលើកលែងទេ សូមឱ្យស្គាល់រសជាតិម្តង"។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរិះគន់ថា៖ "ធ្វើអ្នកតំណាងរាស្ត្រ បើមិនដឹងទេគួរតែជាប់គុកអុីចឹងដែរ។ តំណាងរាស្ត្រខ្មែរទៅវាស់ដីគេក្នុងដីវៀតណាមប្រយ័ត្នគេចាប់សម្តេចអត់ដឹងទេ។ តុលាការក្រុងភ្នំពេញគេធ្វើការចោទប្រកាន់ ពេលមកដល់គេទុកនៅកន្លែងអន្តោប្រវេសន៍ តាមលោកឧបនាយករដ្ឋមន្ត្រីរាយការណ៍ឱ្យខ្ញុំ រួចហើយបញ្ជូនទៅតុលាការ តុលាការចាប់ផ្តើមចោទប្រកាន់យ៉ាងណាជានីតិវិធីរបស់តុលាការ ពេលចោទប្រកាន់រួចព្រៃស។ អ្នកឯងខ្លាំងអី លេងគ្នាម្តង អ្នកឯងចេះការពារដីម៉ែ ចេះទាមទារដីម៉ែ ចុះខ្ញុំមិនចេះទាមទារដីម៉ែទេឬ?
សម្តេចតេជោមានប្រសាសន៍បន្តថា៖ "ខ្ញុំគិតថា នាយករដ្ឋមន្ត្រីអាប់ភីស៊ីត នឹងយល់ដល់ប្រព័ន្ធច្បាប់របស់កម្ពុជា ដែលមិនអាចមានអ្នកណាមួយរំលោភបានទេ។ ការចាប់ខ្លួនជនទាំង៧នាក់នេះគឺមិនរីករាលដាលក្លាយទៅជាជម្លោះការទូតសាជាថ្មីរវាងកម្ពុជា និងថៃទេ។ ព្រោះអំពើខុសច្បាប់បែបនេះ ទោះបីមានអន្តរាគមន៍យ៉ាងណាក្តី ក៏ត្រូវយកច្បាប់មកដោះស្រាយដែរ។ បើតំណាងរាស្ត្រខ្មែរចូលដីថៃថ្ងៃក្រោយចាប់ចុះ ព្រោះធ្វើតំណាងរាស្ត្រហើយមិនស្គាល់ទល់ដែនឱ្យគេចាប់ទៅ"។ ការចាប់ខ្លួនពួកជ្រុលនិយមសៀមមួយដំបរស្វានេះបានធ្វើឱ្យមានការឆោឡោនៅឯក្រុងបាងកក ហើយបណ្តាញព័ត៌មានសៀមក៏បានផ្សាយដោយលំអៀងពីហេតុការណ៍នេះ ដោយចោទថា កងទ័ពកម្ពុជាបានចូលចាប់ពួកគេ ខណៈពេលពួកគេបាននាំគ្នាមកកាន់ស្រុកអារញ្ញ ខេត្តស្រះកែវ ចុះទៅពិនិត្យ និងធ្វើអង្កេតថា តើមានពលរដ្ឋកម្ពុជាលួចឆ្លងកាត់ព្រំដែនចូលទឹកដីសៀម ឬក៏អត់ ហើយពេលកំពុងត្រួតពិនិត្យតាមព្រំដែននោះក៏ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជា។ នេះជាការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅព្រឹកថ្ងៃទី២៩ ធ្នូ ។
កាសែតដដែលនេះក៏បានដកស្រង់សំដីលោកកាស៊ីត ភិរម្យ រដ្ឋមន្ត្រីការបរទេសថៃបានថ្លែងថា លោកនឹងបញ្ជូនតំណាងរបស់លោកមកកាន់ប្រទេសកម្ពុជាដើម្បីចរចា និងពិភាក្សាជាមួយកម្ពុជាក្រោយពីលោកទទួលបានព័ត៌មានថា ពលរដ្ឋថៃ៧នាក់ត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជា។ ផ្ទុយពីការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ដែលផ្សាយថា ពួកជ្រុលនិយមសៀមទាំង៧នាក់មកតាមដានពីព័ត៌មានថា ពលរដ្ឋខ្មែរលួចឆ្លងកាត់ព្រំដែនស្រាប់តែកាសែតឌឹណេហ្សិនបានដកស្រង់សំដីលោកប៉ានិច វីគីតសាត ដែលជាអ្នកតំណាងរាស្ត្រត្រូវចាប់ខ្លួននិយាយថា ខ្លួនបានទទួលរបាយការណ៍ថា កងទ័ពកម្ពុជាបានឆ្លងកាត់ព្រំដែនចូលក្នុងភូមិ Ban Nong Jan សង្កាត់ Khok Soon ខេត្តស្រះកែវ ហើយលោកក៏បានចុះមកពិនិត្យជាមួយសមាជិក៦នាក់ទៀតក៏ត្រូវទាហានកម្ពុជាចាប់ខ្លួន។ យោងតាមព័ត៌មានខាងលើរបស់កាសែតសៀមដែលបានផ្សាយក្នុងវ៉េបសាយរបស់ខ្លួននោះវាខុសពីការពិតទាំងស្រុង ព្រោះកងទ័ពកម្ពុជាមិនដែលទៅរំលោភចូលដីសៀមសូម្បីតែ១មីល្លីម៉ែត្រ ហើយក៏វាមិនមែនជាការពិតថែមទៀតផងដែលកងទ័ពកម្ពុជាចូលទៅចាប់ខ្លួនពួកគេ ។
- សេចក្តីរាយការណ៍ពីចំណុចចាប់ខ្លួន
អ្នករាយការណ៍ព័ត៌មានកោះសន្តិភាពពីចំណុចចាប់ខ្លួនឱ្យដឹងថា ក្រុមជ្រុលនិយមអាវលឿងសៀមមួយក្តាប់តូចនោះត្រូវសមត្ថកិច្ចជួរមុខបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅឃាត់ខ្លួន ខណៈពួកគេចូលមកទឹកដីកម្ពុជា ដោយខុសច្បាប់កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៩ ធ្នូ ។ ក្រុមអាវលឿងនេះគឺដឹកនាំដោយឈ្មោះវីរ៉ាស៊ុមខ្វាមឃីត ឬហៅវរៈក្បាលតូចជាមេបក្សអាវលឿងសៀម ព្រមទាំង៦នាក់ផ្សេងទៀត គឺ១-ឈ្មោះតាយ ណែ ភេទប្រុស អាយុ៣៤ឆ្នាំ, ២-ឈ្មោះផាន លីតវិគិតសែត ភេទប្រុសអាយុ៤៧ឆ្នាំ ជាសមាជិកសភាភូថែនរ៉ាត់សាដន ក្រុងថេប របស់គណបក្សប្រជាធិបតេយ្យ, ៣-ឈ្មោះកត់ថុនផនឈឺឆាក់សេរី ភេទប្រុស អាយុ៤៦ឆ្នាំ ៤-ឈ្មោះសៈរៈលីត មុនស្រ៊ី ភេទស្រី អាយុ៤៨ឆ្នាំ , ៥-ឈ្មោះ ឡាតទ្រី ភិផាកណាផៃបួន ភេទស្រី អាយុ៥០ឆ្នាំ ៦-ឈ្មោះ លឿ ទ្រីសែមឌីន លើតបុត ភេទប្រុស អាយុ៥៧ឆ្នាំ ជាលេខាធិការបក្សអាវលឿង។ ក្រៅពី ការឃាត់ខ្លួនក្រុមជ្រុលនិយមសៀមនេះ កំលាំងជួរមុខកម្ពុជាដកហូតម៉ាស៊ីនថតចំនួន៤គ្រឿង មានតូច២គ្រឿង និងឌីជីថល២គ្រឿង សៀវភៅសរសេរចំនួន៤ក្បាល និងទូរស័ព្ទចំនួន៥គ្រឿង។ តាមសមត្ថកិច្ចនៅទីនោះឱ្យដឹងថា មុនពេលឃាត់ខ្លួនជនទាំង៧នាក់ គឺពួកគេបានលួចចូលមកទឹកដីកម្ពុជានៅចំណុចបង្គោលឡាក់លេខ៤៦ស្ថិតនៅក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺបានឆ្លងហួសបង្គោលឡាក់ចូលជ្រៅមកទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត ឬផ្តល់ព័ត៌មានណាមួយឱ្យកងទ័ពកម្ពុជាដឹងមុនឡើយ។
ប្រភពដដែលនេះបន្តថា ពួកគេបានមកលួចថតរូបភាពតាមចិត្តក្នុងទឹកដីកម្ពុជា។ ទោះបីជាបែបណាក្តី បើតាមសមត្ថកិច្ចនៅទីនោះប្រាប់ថា ក្រោយការឃាត់ខ្លួនក្រុមអាវលឿងទាំងនេះគេឃើញកំលាំងឈុតខ្មៅថៃបានលុកលុយចូលមកតំបន់សប្រដាប់ដោយអាវុធគ្រប់ដៃធ្វើឱ្យកំលាំងកម្ពុជាកងល្បាតវរការពារព្រំដែនលេខ៥០៣ និងកំលាំងប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ និងយោធាដែលនៅចំណុចនោះបានត្រៀមកំលាំងការពារបូរណភាពទឹកដីភ្លាមដែរ ។ តាមការកត់សំគាល់ ក្រោយការឃាត់ខ្លួននោះ គេឃើញក្រុមតំរួតសៀមមួយក្រុមបានចូលមកដល់ប៉ុស្តិ៍ឈរជើងរបស់យោធាកម្ពុជានៅភូមិជោគជ័យ ដើម្បីដោះស្រាយសុំក្រុមអាវលឿងទាំង៧នាក់យកត្រឡប់ទៅវិញ ។
ក្រុមអាវលឿងសៀមក្រោយការឃាត់ខ្លួនត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍ឈរជើងរបស់កងល្បាតការពារព្រំដែនលេខ៥០៣ នៅលើទំនប់អាងទឹកអតីតណងចាន់ចាស់ បច្ចុប្បន្នជាភូមិជោគជ័យ ។ ពេលសមត្ថកិច្ចជួរមុខកម្ពុជា សួរនាំពួកគេឆ្លើយថា មកមើលបង្គោលសីមាព្រំដែនលេខ៤៦ ។ សមត្ថកិច្ចប្រាប់ថា ក្រុមដែលឃាត់ខ្លួននេះ កន្លងមកក៏ធ្លាប់បានឃាត់ខ្លួនផងដែរ ។ ខណៈកំលាំងរបស់យើងកំពុងសួរនាំនៅប៉ុស្តិ៍ឈរជើងលើទំនប់នោះ គេឃើញក្រុមការងាររាជការនិងកំលាំងទាហាន និងតម្រួតថៃចូលមកដោះស្រាយជួបជាមួយក្រុមដែលត្រូវឃាត់ខ្លួនផងដែរ ។
ក្រុមអាវលឿងទាំងនេះ ខណៈអ្នកយកព័ត៌មានកោះសន្តិភាពព្យាយាមសុំការបំភ្លឺត្រូវបានមន្ត្រីយោធានៅប៉ុស្តិ៍ច្រកចេញភូមិជោគជ័យ ហាមឃាត់មិនឱ្យយកព័ត៌មានទេ ហើយព្យាយាមសុំថតរូបក្រុមអាវលឿងនៅលើទំនប់ប៉ុស្តិ៍ឈរជើងរបស់កងល្បាត៥០៣ ក៏ត្រូវគេហាមឃាត់ដែរ ប៉ុន្តែអ្នកយកព័ត៌មានថៃ បែរជាមានវត្តមានយកព័ត៌មានជាមួយពួកមន្ត្រីថៃតាមអំពើចិត្តទៅវិញ ។ តាមមន្ត្រីជាន់ខ្ពស់ព្រំដែនមួយរូបប្រាប់ថា ពួកអាវលឿងទាំង៧នាក់នេះនឹងបញ្ជូនទៅភ្នំពេញ ក្រោយការសួរនាំរួចរាល់ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment