ជនជ្រុលនិយមថៃដែលសមត្ថកិច្ចព្រំដែនខ្មែរចាប់កាលពីថ្ងៃទី២៩ធ្នូម្សិលមិញត្រូវបានចោទប្រកាន់ ដោយព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញពិរករណីគឺ ទី១ពីបទចូលក្នុងដីខ្មែរខុសច្បាប់ និងទី២ ពីបទចូលក្នុងតំបន់យោធាក្នុងបំណងទុច្ចរិត។
នេះបើតាមឲ្យដឹងពីលោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាការរាជធានីភ្នំពេញ។ បើយោងតាមច្បាប់កម្ពុជាបទចោទប្រកាន់ទី១ អាចប្រឈមនឹងការកាត់ទោសពី៣ខែទៅ៦ខែ រីឯបទចោទទី២ប្រឈមនឹងការផ្តន្ទាទោសពី៦ខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី១លានទៅ២លានរៀល។
ជនជាតិថៃទាំង៧នាក់នេះត្រូវបានប៉ូលិសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបញ្ជូនទៅតុលាការនៅ ព្រឹកថ្ងៃទី៣០ធ្នូនេះដើម្បីសាកសួរនិងចោទប្រកាន់។
ប្រភពពីតុលាការឲ្យដឹងថា ពេលមកដល់តុលាការជនទាំង៧នាក់មិនព្រមឆ្លើយនឹងសំណួរ របស់តុលាការទេ រហូតទាល់តែឯកអគ្គរាជទូតថៃមកដល់បានព្រមនិយាយ។ នេះជាមូលហេតុ ដែលនាំឲ្យការសាកសួរបានអូសបន្លាយពេលយ៉ាងយូរ។
ជនជាតិថៃទាំង៧នាក់នោះដែលក្នុងនោះមានស្រីពីរនាក់រួមមាន១.លោកផាន់លីត វីឃីតសេត អាយុ ៤៧ឆ្នាំ ជាសមាជិកសភា, ២.លោកកាត់ផុនថាក់ ឈឺឆាក់សាវី អាយុ៤១ឆ្នាំជាសមាជិកសភា (ក្រុមអាវលឿង), ៣.លោកចាយណៃ អាយុ៣៤ ជាអ្នកថតរូប, ៤.លោកស្រី សារ៉ាក់លីត អាយុ៤៨ ឆ្នាំ, ៥.លោកស្រីទ្រីសែនឌិនឡឺតអាយុ៥៧ឆ្នាំជាលេខាបក្ស (ក្រុមអាវលឿង),៦.លោកវីរ:ស៊ុម ខ្លាមឃិត អាយុ៥៣ឆ្នាំ (ខាងក្រុមអាវលឿង),និង៧, លោកណូទ្រីកិនផាណាសាប៊ូនអាយុ៥០ឆ្នាំ។
ឯកអគ្គរាជទូតថៃប្រចាំរាជធានីភ្នំពេញលោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏បានមកចូលអង្កេតមើលដំណើរការសាកសួរជនជាតិថៃទាំងនោះនៅឯតុលាការផងដែរនៅព្រឹកមិញនេះ។
គួររំលឹកថា កងការពារព្រំដែនកម្ពុជាលេខ៥០៣ប្រចាំស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបានចាប់ឃាត់ជនជាតិថៃ៧នាក់ ដែលក្នុងនោះរួមមានសមាជិកសភា២រូបផង បន្ទាប់ពីកងយោធា កម្ពុជាបានចាត់ទុកថា ជនជាតិថៃទាំងនោះកំពុងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជាដោយខុសច្បាប់។
ប្រភពពីព្រំដែនស្រុកអូជ្រៅបានបញ្ជាក់អោយដឹងថាការចាប់ខ្លួននោះត្រូវបានធ្វើនៅម៉ោង១០ព្រឹក ថ្ងៃពុធទី២៩ធ្នូ នៅពេលដែលជនជាតិថៃទាំង៧នាក់នោះ កំពុងថតវីដេអូនិងផ្តិតរូបថតនៅចំនុច បង្គោលព្រំដែនលេខ៤៦ នៅក្នុងភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។
ទីតាំងនេះ នៅទល់មុខភូមិណងចាន់ ស្រុកគោកធ្យូង ខេត្តស្រះកែវ។ ជនជាតិថៃទាំងនោះត្រូវបាន បញ្ជូនមកភ្នំពេញកាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment