ជនជាតិថៃ៧នាក់ជាក្រុមបាតុករអាវលឿងដែលទាហានការពារព្រំដែនកម្ពុជាចាប់ឃាត់ខ្លួននៅក្នុងទឹកដីកម្ពុជា ខណៈពួកគេចូលមកវាស់វែងលុកលុយនោះត្រូវបានបញ្ជូនមកកាន់រាជធានីភ្នំពេញហើយដើម្បីប្រគល់ឱ្យរដ្ឋាភិបាលចាត់ការតាមផ្លូវច្បាប់។ ជនជាតិសៀម៧នាក់នេះត្រូវបានបញ្ជូនពីព្រំដែនអូរបីជាន់ មកកាន់ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ រួចហើយបញ្ជូនបន្តមកកាន់រាជធានីភ្នំពេញតាមរយៈរថយន្តរបស់ស្នងការដ្ឋានខេត្តកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ធ្នូ ២០១០ ដោយយោងតាមចំណាត់ការរបស់ថ្នាក់លើ... ពួកសៀមទាំង៧នាក់នេះតាមប្រភពព័ត៌មានថា មានសមាជិកសភា២នាក់ផងដែរ ហើយពួកគេទំនងនឹងមកដល់ភ្នំពេញនៅវេលាពាក់កណ្តាលអធ្រាត្រថ្ងៃដដែល រង់ចាំការជំនុំជំរះឆាប់ៗនេះ។ មុននេះបន្តិច សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា សមត្ថកិច្ចការពារព្រំដែន និងអាជ្ញាធរដែនដី ត្រូវតែនាំជនជាតិថៃ៧នាក់ ជាក្រុមអាវលឿង ដែលចាប់បាននៅឯព្រំដែនក្នុងទឹកដីកម្ពុជានោះឡើងតុលាការឱ្យខាងតែបាន ព្រោះជាកំហុសរបស់ពួកគេហ៊ានរំលោភអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់បន្ទុកបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០១០ និងលើកទិសដៅឆ្នាំ២០១១ កាលពីរសៀលថ្ងៃទី២៩ ធ្នូ ២០១០ នៅសាលសន្និសីទចតុមុខ ដោយមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការជាតិ-អន្តរជាតិ មន្ត្រីស្ថានទូតចូលរួមយ៉ាងច្រើនកុះករ ។ ការចាប់បានក្រុមអាវលឿងជនជាតិថៃ៧នាក់ ក្នុងនោះមានសមាជិកសភា២នាក់ផង ត្រូវបានសម្តេចតេជោហ៊ុន សែន សង្កត់ធ្ងន់ថា រឿងប្រព្រឹត្តខុសច្បាប់លុកលុយទឹកដីគេនេះ បើទោះជាមានអន្តរាគមន៍សុំឱ្យដោះលែងសមាជិកសភាថៃ២នាក់នោះក៏ដោយ ក៏យើងមិនអាចជួយបានដែរ ព្រោះពួកគេយករឿងខុសមកជាមួយ...។ សម្តេចតេជោលើកឡើងថា បើដោះលែង២នាក់ តើ៥នាក់ទៀតគិតយ៉ាងម៉េច? ព្រោះពួកគេបង្កកំហុសដូចគ្នា...។
សម្តេចនាយករដ្ឋមន្ត្រីខ្មែរ ដែលធ្លាប់ព្រមានដោយពាក្យសំដីថា អ្នកឯងហ៊ានចូលយើងបាញ់! អ្នកឯកចង់ងាប់ចូលម៉ោ! កាលជម្លោះនៅឯតំបន់ព្រំដែនវាលឥន្ទ្រី និងភ្នំទ្រព្យនោះ ឥឡូវបានបញ្ជាក់ថា ពិតមែនតែអ្នកឯងជាសមាជិកសភាថៃ...ប៉ុន្តែសមាជិកសភាថៃ មានអភ័យឯកសិទ្ធិតែនៅក្នុងទឹកដីថៃប៉ុណ្ណោះ អ្នកឯងគ្មានអភ័យឯកសិទ្ធិនៅក្នុងទឹកដីកម្ពុជាទេ...អ្នកឯងចូលក្នុងទឹកដីកម្ពុជាខុសច្បាប់ នាំរឿងខុសច្បាប់មកជាមួយទៀត ដូច្នេះបន្ទុកកាន់តែធ្ងន់ហើយ...ត្រូវតែឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការជំនុំជំរះតាមនីតិវិធី ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃ៧នាក់ រួមទាំងសមាជិកសភា២នាក់ផងនោះ ដែលពួកគេមកវាស់វែងដីគ្មានការអនុញ្ញាត គ្មានកិច្ចសហការក្នុងទឹកដីប្រទេសកម្ពុជានេះ វាមិនបង្កឱ្យមានភាពកករល្អក់ផ្នែកទំនាក់ទំនង និងការទូតអ្វីនោះទេ គឺកម្ពុជាអនុវត្តច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា ក្រុមជ្រុលនិយមអាវលឿង សៀម៧នាក់នេះមានស្រី២ ប្រុស៥ ត្រូវបានកំលាំងសមត្ថកិច្ចជួរមុខបន្ទាត់ព្រំដែនភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅធ្វើការឃាត់ខ្លួន ខណៈពេលគេបានចូលមកធ្វើការវាស់វែងក្នុងទឹកដីកម្ពុជាដោយខុសច្បាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ ធ្នូ ២០១០ ។ ក្រុមអាវលឿងមួយក្រុមនេះគឺដឹកនាំដោយឈ្មោះវីរៈ ស៊ុមខ្វាមឃីត ហៅវិរៈក្បាលតូច មេក្រុមអាវលឿងសៀម ព្រមទាំង៦នាក់ផ្សេងទៀត ហើយក្នុងចំណោមនេះមានសមាជិកសភា២នាក់ផងដែរ ។ ចំណែកអ្នករួមដំណើរបង្ករឿង៦នាក់ទៀត គឺ១-ឈ្មោះតាយ ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះផាន លីតវិគីតសែត ភេទប្រុស អាយុ៤៧ឆ្នាំ ជាសមាជិកសភាភូថៃរ៉ាត់សាដន ក្រុងថែប ៣-ឈ្មោះកត់ផុនផនឈឺឆាក់សេរីមុនស្រ៊ី ភេទស្រី អាយុ៤៨ឆ្នាំ ៥-ឈ្មោះឡាត ទ្រីភិផាកណាផៃ ភេទស្រី អាយុ៥០ឆ្នាំ ៦-ឈ្មោះលឿ ទ្រីសែមឌីន លើតបុត ភេទប្រុស អាយុ៥៧ឆ្នាំ ជាលេខាធិការបក្សអាវលឿង ។ ក្រៅពីការឃាត់ខ្លួនក្រុមជ្រុលនិយមមួយក្រុមនេះ កំលាំងការពារព្រំដែនជួរមុខ ដកហូតបានម៉ាស៊ីនថតចំនួន៤គ្រឿង និងសំភារមួយចំនួន ។ ពួកគេទាំង៧នាក់បានលួចចូលមកទឹកដីកម្ពុជា នៅចំណុចបង្គោលឡាក់លេខ៤៦ ស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺឆ្លងហួសចូលមកទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាត និងផ្តល់ព័ត៌មានឱ្យសមត្ថកិច្ច ឬអាជ្ញាធរខ្មែរឡើយ
No comments:
Post a Comment