រាជធានីភ្នំពេញ ៖ លោកអ៊ាង សុផល្លែតជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី២៩ ខែមករា នៅភូមិគ្រឹះក្បែរវិមានឯករាជ្យ លោក YANG QINGCAI ប្រធានការិយាល័យសំរបសំរួលអភិវឌ្ឍកសិកម្មខេត្ត JILIANG និងជាប្រធានសមាគមកសិឧស្សាហកម្ម និងជាអតីតអភិបាលរងខេត្ត JILIANG បានជំរាបសម្តេចតេជោនាយក រដ្ឋមន្រ្តីថា ដំណើរទស្សនកិច្ចរបស់ប្រតិភូរបស់ លោកមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេល នេះគឺដើម្បីសហការជាមួយកម្ពុជាទៅលើបញ្ហាស្រូវ។
លោក YANG បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ប្រតិភូដែលមានវត្តមានទាំងអស់នៅទីនេះគឺមានក្រុមហ៊ុនមួយដែលមាន ជំនាញលើការទិញស្រូវ កែច្នៃផលិតផលស្រូវ និងមានបទពិសោធន៍លើវិស័យកសិកម្ម ប្រព័ន្ធធារាសាស្រ្តក្នុងបំណងនាំមកនូវបទពិសោធន៍ ដែលប្រទេសចិនឆ្លងកាត់រយ:ពេល៣០ឆ្នាំក្នុងការអភិវឌ្ឍលើវិស័យកសិកម្មមកចូលរួមចំណែកវិនិយោគនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ។ លោកស្នើសុំការសិក្សាពីសម្តេច តេជោនាយករដ្ឋមន្រ្តីលើវិស័យកសិកម្ម។ ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានស្វាគមន៍ ហើយក៏ជំរាបជូនប្រតិភូថាវិស័យកសិកម្មគឺជាវិស័យអាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ហើយជាវិស័យ មួយជួយកម្ពុជាឲ្យមានកំណើនសេដ្ឋកិច្ចផង និងជួយដល់កម្ពុជាឲ្យបានឆ្លងផុតអំពីវិបត្តិហិរញ្ញវត្ថុពិភពលោកកន្លងមកផង។ វិស័យកសិកម្មជួយដល់កម្ពុជាកាត់បន្ថយភាពក្រីក្របានជាង១%ក្នុងមួយឆ្នាំ។
សម្តេចតេជោថ្លែងថា វិស័យកសិកម្មនៅព្រះ រាជាណាចក្រកម្ពុជានៅពេលនេះមានភាពទន់ ខ្សោយគឺដោយសារកង្វះខាតលើវិស័យធា រាសាស្រ្ត ប្រព័ន្ធស្រោចស្រពដើម្បីជាកត្តាជំរុញឲ្យមានការដាំដុះនិងមានផលកាន់តែខ្លាំងឡើង។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីស្នើឲ្យក្រុមហ៊ុនពិចារណាដាក់ទុនវិនិយោគលើវិស័យកសិកម្ម។ សម្តេចមានប្រសាសន៍ថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលមានមាសពុំមានក្រដាសខ្ចប់ នោះគឺកម្ពុជានៅសល់ស្រូវដែលអាចនាំចេញបាន ហើយសូមឲ្យប្រតិភូទាំងមូលចូលរួមជាជំហានដំបូងវិនិយោគនៅកម្ពុជាទៅលើការប្រមូលទិញនិងការកែច្នៃអង្ករស្រូវដើម្បីនាំចេញ ដែលជាកត្តាចាំបាច់របស់កម្ពុជានៅពេលនេះ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment