ខេត្តក្រចេះ ៖ សិស្សកំរិតបឋមសិក្សានៅតំបន់ដាច់ស្រយាលចំនួន៤ឃុំ ក្នុងស្រុកចិត្របុរីបានទទួលសំលៀកបំពាក់ និងសំភារសិក្សាក្នុងម្នាក់មួយឈុត ពីតំណាងមន្ដ្រីអង្គការសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា ហៅកាត់ថា កាដុក (KAFDOC) ដោយមានការគាំទ្រពីអង្គការអូស្ដ្រាលីសង្គ្រោះកុមារហៅកាត់ថា«SCA»។
កាលពីព្រឹកថ្ងៃទី២៧ មករា មន្ដ្រីតំណាងការិយាល័យអប់រំស្រុក លោកឈឺន រឹទ្ធ មន្ដ្រីរបស់អង្គការកាដុក ព្រមទាំងលោកមេឃុំ ក្នុងឃុំគោលដៅទាំង៤ រួមមាន ឃុំថ្មី ឃុំកន្ទួត ឃុំថ្មអណ្ដើក និងឃុំដា ក្នុងស្រុកចិត្របុរី បានចែកឯកសណ្ឋានសិស្សចំនួន៨២៨សំរាប់ សំពៀត៨២៨ ប៊ិចខៀវ និងប៊ិចក្រហមចំនួន៣៣១២ដើម និងសៀវភៅសរសេរចំនួន២.៤៨៤ក្បាល បន្ទាត់ និងជរ័លុប រួមទាំងខ្មៅដៃចំនួន៨២៨ដើមជូនដល់សិស្សកំរិតបឋមសិក្សាចំនួន៨២៨នាក់ដោយក្នុងម្នាក់ៗទទួលបានសំភារ១ឈុត។
លោកឈឺន រឹទ្ធ មន្ដ្រីសំរបសំរួលកម្មវិធីទូទៅរបស់អង្គការប្រាប់កោះសន្ដិភាពថា ការចុះចែកជូនសំភារសិក្សាដល់សិស្សកំរិតបឋមសិក្សានេះជាវគ្គទី៣ និងគំរោងចុងក្រោយ ដែលបានចាប់ផ្ដើមតាំងពីខែមីនា ឆ្នាំ២០១០ រហូតខែមីនា ឆ្នាំ២០១១ ។ គំរោងនេះ គឺផ្ដល់ជូនតែឃុំគោលដៅទាំងបួនក្នុងស្រុកចិត្របុរី ព្រោះឃុំគោលដៅទាំងបួននេះ ជាឃុំដែលស្ថិតនៅតំបន់ដាច់ស្រយាលពីទីប្រជុំជន ហើយក៏មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ។
មន្ដ្រីអង្គការកាដុកដដែលបានបន្ថែមទៀតថា អង្គការ និងដៃគូជំនួយបានលើកគំរោងនេះឡើង ក្នុងគោលបំណងជំរុញឱ្យកុមារគ្រប់គ្នាទៅសាលារៀន ជាពិសេសកុមារី ព្រមទាំងជួយលើកស្ទួយដល់សិទ្ធិកុមារ ជាពិសេសគាំទ្រដល់ការពង្រឹងជីវភាពទៅលើគ្រួសារកុមារក្រីក្រ ព្រមទាំងពង្រឹងសមត្ថភាពសហគមន៍ ។ សិស្សដែលទទួលបានសំភារសិក្សាទាំងចំនួន៨២៨នាក់នោះជាកុមារដែលងាយរងគ្រោះដោយការបោះបង់ការសិក្សា ។
មន្ដ្រីអង្គការកាដុកដដែលបានបន្ថែមទៀតថា អង្គការ និងដៃគូជំនួយបានលើកគំរោងនេះឡើង ក្នុងគោលបំណងជំរុញឱ្យកុមារគ្រប់គ្នាទៅសាលារៀន ជាពិសេសកុមារី ព្រមទាំងជួយលើកស្ទួយដល់សិទ្ធិកុមារ ជាពិសេសគាំទ្រដល់ការពង្រឹងជីវភាពទៅលើគ្រួសារកុមារក្រីក្រ ព្រមទាំងពង្រឹងសមត្ថភាពសហគមន៍ ។ សិស្សដែលទទួលបានសំភារសិក្សាទាំងចំនួន៨២៨នាក់នោះជាកុមារដែលងាយរងគ្រោះដោយការបោះបង់ការសិក្សា ។
លោកឈឺន រឹទ្ធ បានប្រៀបធៀបថា បន្ទាប់ពីមានគំរោងផ្ដល់ជូនសំភារសិក្សាដល់សិស្សជាច្រើនវគ្គកន្លងមក គឺកំរិតនៃការចូលរៀនរបស់សិស្សក្នុងឃុំគោលដៅទាំងបួននេះ មានអត្រាកើតឡើងពី៥០ទៅ៧០ភាគរយ បើប្រៀបធៀបកាលពីកន្លងទៅអត្រាសិស្សចូលរៀនមានតែ៣០ភាគរយប៉ុណ្ណោះ ។ ក្រៅពីផ្ដល់សំភារសិក្សាជូនដល់សិស្សទាំងជិត១ពាន់នាក់បានផ្ដល់ជូនកម្មវិធីអភិវឌ្ឍន៍លើវិស័យកសិកម្មដោយមានការរៀបចំធនាគារស្រូវសំរាប់សហគមន៍ ផ្ដល់អណ្ដូងទឹក និងបង្គន់អនាម័យតាមសាលារៀន និងសហគមន៍ជូនដល់ឃុំគោលដៅទាំងបួនក្នុងស្រុកចិត្របុរីនេះបន្ថែមទៀត។ លោកបានឱ្យដឹងថា សំភារនិងសំលៀកបំពាក់ដែលចែកចាយនេះមានតំលៃជាប្រាក់ជាង៨ពាន់ដុល្លារ។
នៅក្នុងឱកាសនៃការចុះចែកជូនសំភារសិក្សាដល់សិស្សទាំងអស់នាព្រឹកនោះលោកឈឺន រឹទ្ធ មន្ដ្រីសំរបសំរួលកម្មវិធីទូទៅរបស់អង្គការសមាគមខ្មែរ ដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជាបានសំណូមពរដល់អាណាព្យាបាលសិស្ស និងអាជ្ញាធរមូលដ្ឋានត្រូវជំរុញការចូលរៀនរបស់កុមារ ព្រមទាំងលើកស្ទួយដល់សិទ្ធិរបស់ពួកគេឱ្យស្របទៅតាមគោលការណ៍ទាំង៤យ៉ាងស្ដីពីសិទ្ធិកុមារ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment