Sunday, January 30, 2011

ពលរដ្ឋ​​៤៦០​នាក់​គ្រោងនឹង​​​ចូលរួម​ស្តាប់​​​សវនាការ​​មុនអង្គ​សេចក្តី​​របស់នួន ជា និង​ខៀវ សំផន សុំនៅ​ក្រៅឃុំ


រាជធានីភ្នំពេញ ៖ ​មន្ត្រីសាលា​ក្តី​​បាន​ឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​ប្រមាណ​​៤៦០​នាក់ ​​បានស្នើ​សុំ​​​មក​សាលា​ក្តី​​ ដើម្បីចូលរួម​ស្តាប់​​សវនាការ​​មុន​អង្គ​សេចក្តី​​ជាសាធារណៈលើពាក្យ​​ស្នើសុំ​​បន្ទាន់​ឱ្យ​ដោះ​លែង​នួន ជា អតីត​​ប្រធាន​សភា​តំណាង​​​ប្រជា​ជន និងលោក​ខៀវ​ សំផន ​អតីត​ប្រធាន​​គណៈ​​ប្រធានរដ្ឋ​​នៃ​​របបកម្ពុជា​​ប្រជាធិប​តេយ្យ​​ស្ថិតនៅ​​ក្រៅឃុំ ​​ដែលត្រូវចាប់ផ្តើម​​​​នៅ​​វេលា​ម៉ោង​​​​៩​និង​​៣០នាទី​​ព្រឹក​​ថ្ងៃទី​៣១ មករា ​២០១១ ។
លោកឌឹម ​សុវណ្ណារុំ​ មន្ត្រី​​អ្នក​នាំពាក្យ​នៃ​​សាលាក្តី​ខ្មែរក្រហម​​បានថ្លែង​​ថា ​នួន ជា​អាយុ​​​៨៥​ឆ្នាំ ​អតីត​​ប្រធានសភា​តំណាង​ប្រជាជន​​ និង​លោក​ខៀវ​ សំផន ​អាយុ​​​៧៨​ឆ្នាំ ​អតីត​ប្រធាន​គណៈ​ប្រធានរដ្ឋ​​នៃ​របបកម្ពុជា​ប្រជាធិប​តេយ្យ​​​​នឹង​ត្រូវ​​អនុញ្ញាត​​ឱ្យ​​​​អ្នក​ចូលរួម​ស្តាប់​​​សវនាការ​​​​មុន​អង្គ​សេចក្តី​​របស់ពួក​គេ​មកពីខេត្ត​​កណ្តាល ​កំពង់ស្ពឺ ​កំពង់ចាម កំពត ដែល​រួម​មាន​​ក្រុម​និស្សិត, អ្នកស្រាវជ្រាវ​​ជាតិ និង​អន្តរជាតិ ​។ ក្នុង​​​​ពេលសវនាការ​​នឹង​មានការ​ផ្សាយ​​​បន្តផ្ទាល់​​តាម​រយៈ​ទូរទស្សន៍​​​ CTN ផងដែរ ។ ​មន្ត្រី​សាលាក្តី​​​ខ្មែ​រ​ក្រហម​​​ឱ្យដឹង​ទៀត​ថា ​អង្គជំនុំ​ជម្រះ​​​របស់​សាលា​ដំបូងនៃតុលាការ​​​ខ្មែរក្រហមលើកនេះ​​​គឺ​សាកសួរ​ផ្ទាល់មាត់​​​រួចហើយ​​ធ្វើ​ការសន្និដ្ឋាន​​​សំរេច​​តែម្តង។
ក្នុង​​សេចក្តីប្រកាស​ព័ត៌មាន​​ចុះថ្ងៃទី​​​២៤ មករា ​២០១១ បានបង្ហាញ​ថា លោកនួន ជា​​នឹងបើក​សវនាការ​​​​វេលាម៉ោង​​​៩​និង​​៣០នាទី ។ ចំណែក​​នៅ​វេលាម៉ោង​​១និង​​​៣០នាទីរសៀល​ថ្ងៃដដែល​ ​ជាសវនា​កា​រ​​​​របស់លោកខៀវ សំផន ។​ លោក​ឌឹម សុវណ្ណារុំ ​អ្នកនាំពាក្យ​​សាលាក្តី​​បាន​ឱ្យ​​ដឹង​ថា ​សវនាការ​​មុនអង្គ​សេចក្តី​​ទៅលើ​​​​អតីត​មេ​ខ្មែរ​ក្រហម​​​ លោកនួន ជា ​និង​លោក​ខៀវ​ សំផន​​ អំពី​ការ​​សុំ​ឱ្យ​​ស្ថិតនៅ​​ក្រៅឃុំ​នេះ គឺ​ធ្វើ​ឡើង​​​បន្ទាប់ពី​​​ក្រុមមេធាវី​​​ការពារ​​ជនជាប់ចោទ​​​​ដាក់​ពាក្យ​​ស្នើសុំ​​ទៅសាលាក្តី​ និង​យល់​ថា ការ​បន្ត​ឃុំ​ខ្លួនអតីតមេ​ខ្មែរក្រហម​​​ថ្នាក់ខ្ពស់​​បំផុត​​ទាំង​​ពីរ​នាក់នេះ​ហួស​រយៈ​ពេល​កំណត់​ហើយ ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment