ភ្នំពេញ: ឆ្នេរសមុទ្រកម្ពុជាបានជាប់ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោកហើយបន្ទាប់ពីបានចុះជាបេក្ខភាពបញ្ជូលឆ្នេរនេះកាលពីឆ្នាំ២០១០កន្លងនៅទីក្រុងហាឡុងប្រទេសវៀតណាមនិងបន្ទាប់មកលោកJerome Bignonប្រធានក្លឹបឆ្នេរពិភពលោកក៏បានមកពិនិត្យមើលឆ្នេរកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០១០។នេះបើតាមការអះអាងរបស់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា។
មន្ដ្រីក្រសួងទេសចរណ៏បានប្រាប់អ្នកកាសែតកាលពីចុងសប្តាហ៍នេះថាឆ្នេរសមុទ្រកម្ពុជាដែលជាប់ជាសមាជិកក្លឹបឆ្នេរស្អាតជាងគេនៅលើពិភពលោកនេះ ដោយឆ្លង កាត់ការបោះឆ្នោតនៅប្រទេសបារាំងហើយគេនឹងធ្វើវិញ្ញាបនប័ត្រជាផ្លូវការយកទៅដាក់នៅឯមហាសន្និបាតលើកទី៧នៅប្រទេសសេណេហ្កាល់នៅពាក់កណ្ដាលឆ្នាំ២០១១នេះ ដើម្បីប្រកាសជាផ្លូវការ។ការបានជាប់ជាសមាជិកក្លឹបនេះ ក៏មានការខិតខំប្រឹងប្រែងពីសំណាក់នៃអង្គការUNESCO ប្រចាំនៅកម្ពុជាផងដែរ។
ឆ្នេរសមុទ្រកម្ពុជាដែលបានជាប់ជាសមាជិកក្លឹបឆ្នេរពិភពលោកនេះគឺជាឆ្នេរជាប់លំដាប់ពិភពលោកលើកទី៣៣នៃបណ្ដាឆ្នេរសមុទ្រនៅតាមប្រទេសនានា លើពិភពលោក។ឆ្នេរសមុទ្រកម្ពុជា មានប្រវែងប្រមាណ៤៥០គីឡូម៉េត្រ ស្ថិតនៅក្នុងខេត្ដ៤ភាគខាងត្បូងនៃប្រទេសកម្ពុជាមានដូចជាខេត្ដកោះកុង ខេត្ដព្រះសីហនុ ខេត្ដកំពតនិងខេត្ដកែប។
លក្ខខណ្ឌដែលជាប់ជាសមាជិកឆ្នេរមានដូចជាឆ្នេរត្រូវតែជាផ្នែកមួយនៃគំរោងការ ការពារមានតំបន់ធម្មជាតិដែលផ្ដល់នូវភាពទាក់ទាញ។សារប្រយោជន៏ របស់ឆ្នេរត្រូវ បានទទួលស្គាល់ក្នុងតំបន់និងថ្នាក់ជាតិ។មានសកម្មភាពខាងសេដ្ឋកិច្ចនិងមានសក្ដានុភាពបំរើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ក៏ប៉ុន្ដែទោះបានជាប់ជាសមាជិកហើយក្ដីក៏ក្រសួងទេសចរណ៏និងក្រសួងពាក់ព័ន្ធនិងអជ្ញាធរខេត្ដត្រូវមានភារកិច្ចជាច្រើនទៀតដែលត្រូវធ្វើឱ្យបានស្អាតជាងនេះ។ពិសេសការកាត់បន្ថយនូវកាកសំណល់រឹង និងរាវដែលហូរចូលសមុទ្រការដោះស្រាយសំណង់មិនស្របច្បាប់នៅតាមតំបន់ឆ្នេរក្នុងខេត្ដមួយចំនួនទៀត។
ដោយ : សិរី
No comments:
Post a Comment