Sunday, January 30, 2011

គណៈប្រតិភូ​ថៃ​ស្វែង​​យល់ពីការងារ​ដោះមីន​នៅ​ប្រទេស​កម្ពុជា

រាជ​ធានីភ្នំពេញ ៖ ក្នុង​គោលបំណង​​ចង់​ស្វែង​យល់ និង​រៀនសូត្រ​អំពី​សកម្ម​ភាព​កំចាត់​មីន​នៅកម្ពុជា​ គណៈ​ប្រតិភូ​​មជ្ឈ​មណ្ឌល​កំចាត់​មីន​របស់​ប្រទេស​ថៃដឹកនាំ​ដោយ​លោក​អាត់ថាត់ ណុប​ស៊ីរីសាក់ (Attanopsirisak) ​នាយកគ្រប់​គ្រង​ទូ​ទៅ​នៅ​មជ្ឈ​មណ្ឌល​កំចាត់មីន​របស់ថៃ​​បាន​អញ្ជើញ​​មកបំពេញ​ទស្ស​ន​កិច្ច​នៅ​​មជ្ឈ​មណ្ឌល​សកម្ម​ភាពកំចាត់មីនកម្ពុជា​នៅ​ភ្នំពេញ​កាល​ពីថ្ងៃទី២៧ មករា ហើយ​បន្ត​ទៅ​ទស្សន​កិច្ច​​នៅ​សាលា​ហ្វឹកហ្វឺន​កំចាត់មីន​នៅ​ខេត្ត​កំពង់​ឆ្នាំង​ក្នុង​ថ្ងៃដដែល​នោះដែរ ។
មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក់ ជា​ស្ថាប័ន​ជាតិដែលនាំ​មុខគេ​ក្នុង​វិស័យ​ដោះ​មីន​ដោយផ្តោត​សំខាន់​ទៅ​លើ​ការ​អនុវត្ត​​កម្ម​វិធី​៤​គឺ​ ការស្រាវជ្រាវ​ និងការ​កាត់​បន្ថយ​​ផ្ទៃ​ដី​មីន ការ​បោស​សំអាតមីន និងយុទ្ធ​​ភណ្ឌ​​មិន​ទាន់​ផ្ទុះ ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយ​​សារ​មីន និងយុទ្ធ​ភណ្ឌ​មិន​ទាន់ផ្ទុះ និងការ​ហ្វឹក​ហ្វឺន​ស្រាវជ្រាវ​ និងអភិវឌ្ឍន៍ ។ ​បច្ចុប្បន្ន​នេះ ​ស៊ីម៉ាក់​មានបុគ្គលិក​សរុប​ចំនួន​២.០១៨នាក់​នៅទូទាំង​ប្រទេស ​ដែល​រួម​​មាន​ទីបញ្ជា​ការ​ភ្នំពេញ​​ កង​កំចាត់មីន​ទាំង​៦​តាម​បណ្តា​ខេត្ត​នានា​ និងសាលា​ហ្វឹកហ្វឺន​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ ដែលការងារ​ទាំង​អស់​នេះឆ្លើយ​តប​ទៅ​នឹង​បេសកកម្ម​របស់ខ្លួន​គឺ​សង្គ្រោះ​ជីវិត និង​គាំទ្រ​​ការ​អភិវឌ្ឍនៅកម្ពុជា ។
ស៊ី​ម៉ាក់​ ត្រូវ​បានបង្កើត​ឡើង​ក្នុង​​សម័យ​អ៊ុន​តាក់នា​ឆ្នាំ១៩៩៣ ក្នុង​គោល​​ដៅ​ជួយ​ដល់​ការ​ធ្វើ​​​មាតុ​ភូមិ​និវត្ត​ន៍​ទូទាំង​ប្រទេស​ប្រកប​ដោយ​សុវត្ថិ​ភាព​របស់​បងប្អូន​ជន​ភៀស​ខ្លួន​ក្នុងការ​ត្រឡប់​ទៅ​កាន់​​មាតុភូមិវិញ ។ ​ដោយ​មើល​ឃើញ​ថា គ្រាប់មីន​ និងយុទ្ធ​​ភណ្ឌ​មិន​ទាន់​​ផ្ទុះនៅ​​មាន​ចំនួន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ការ​គំរាម​កំហែង​ដល់ការ​កសាង​ និងអភិវឌ្ឍន៍​ប្រទេស​ជាតិ​នោះ ​ស៊ីម៉ាក់​​បានក្លាយ​ជា​ស្ថាប័ន​ឯក​រាជ្យ​មួយ​នៅ​ឆ្នាំ​២០០០​ហើយ​បានបង្កើត​កម្ម​វិធី​សំខាន់​​ជា​ច្រើន​រួ​ម​មាន ការ​អប់រំ​យល់​ដឹង​អំពីមីន ការ​ផ្តល់​ព័ត៌​មាន​អំពីចំការ​មីន ការបោសសំអាត​​មីន និងយុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ហ្វឹក​ហ្វឺន​​ក្នុង​សកម្ម​​ភាព​បោស​សំអាត​មីន ។
​នៅ​ឆ្នាំ​១៩៩៩ ​ប្រទេស​កម្ពុជាបាន​ក្លាយ​ទៅ​ជា​រដ្ឋសមា​ជិក​នៃសន្ធិសញ្ញា​ហាម​ប្រាមប្រើ​ប្រាស់​មីន​ប្រឆាំង​មនុស្ស​ដែល​ហៅថា សន្ធិសញ្ញាអូតា​វ៉ា ហើយ​យោង​​ទៅតាម​សន្ធិសញ្ញា​នេះ​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​​ត្រូវ​តែ​កំណត់​ឱ្យ​​បាន និង​បោស​សំអាត​ឱ្យ​អស់​ក្នុង​រយៈ​ពេល​១០ឆ្នាំ គិត​ចាប់ពីប្រទេស​នីមួយៗ​បានចុះសន្ធិសញ្ញា​ ។ ដោយ​គ្រាប់មីននៅកម្ពុជា​មានកំរិត​ធំធេង​​ពេក កម្ពុជា​មិន​អាច​សំរេច​បាននូវគោលដៅ​ក្នុង​ការ​បោស​សំអាត​​​មីនឱ្យ​អស់នៅ​ឆ្នាំ​២០០៩ នោះទេ ​។ ហេតុ​ដូច្នេះ​ហើយ ​ទើប​នៅក្នុងសន្និបាត​នៃ​ប្រទេស​ជា​សមាជិក​ក្នុងឆ្នាំ២០០៩ បានសំរេច​​ផ្តល់​រយៈ​ពេល​១០​ឆ្នាំថែម​ទៀត​​ដល់ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សំរេច​ដល់គោលដៅ​របស់ខ្លួន ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment