ភ្នំពេញ: ពីធ្លាប់ជាអ្នកមានវិបត្តិសង្គ្រាមផ្ទៃក្នុងជាច្រើនឆ្នាំកាលពីជិត២០ឆ្នាំមុនឥឡូវនេះនៅចុងខែកុម្ភៈឬដើមខែមីនាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចរចារសន្តិភាពមួយដើម្បីដោះស្រាយវិបត្តិនយោបាយនៃប្រទេសនេប៉ាល់។សម្តេចតេជោហ៊ុនសែនដែលជាបុរសខ្លាំងនៃប្រទេសកម្ពុជានិងជាអ្នកដែលបានបញ្ចប់សង្គ្រាមទាំងស្រុងតាមរយៈនយោបាយឈ្នះឈ្នះកាលពីឆ្នាំ១៩៩៨នឹងដឹកនាំការចរចារនេះ។
ការរៀបចំកិច្ចប្រជុំប្រឹក្សាសន្តិភាព ក្នុងទីក្រុងភ្នំពេញខាងមុននេះ ត្រូវបានសម្រេចដោយតួអង្គសំខាន់៣គឺទី១ រាជរដ្ឋាភិបាលកម្ពុជា ទី២ សន្និសីទ អន្តរជាតិនៃគណបក្សនយោបាយអាស៊ី ហៅកាត់ថា អាយកាប(International Conference of Asian Political Parties)និងទី៣អ្នកប្រជាធិបតេយ្យនិយម កណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក (Centrist Asia Pacific Democrats International)។
តួអង្គទាំង៣បានធ្វើសេចក្តីថ្លែងការណ៍រួមមួយស្តីពីការយល់ព្រមជាឯកច្ឆ័ន្ទពីក្រុមចលនានយោបាយរបស់ប្រទេសនេប៉ាល់ទាំងអស់ក្នុងការទទួល យក"ការប្រឹក្សាសន្តិភាព"ក្នុងរាជធានីភ្នំពេញ។ ចលនានយោបាយនៃប្រទេសនេប៉ាល់រួមមានគណបក្សធំៗចំនួន៣និងគណបក្សតូចៗផ្សេងទៀត។
យោងតាមសេចក្តីពន្យល់នៃសេចក្តីថ្លែងការណ៍រួមកាលពីពេលថ្មីៗនេះបានពន្យល់ថាការស្នើអោយកម្ពុជាដឹកនាំរៀបចំកិច្ចប្រឹក្សាសន្តិភាពសម្រាប់ប្រទេស
នេប៉ាល់នោះ គឺដោយសារកម្ពុជាមានបទពិសោធន៍នៅក្នុងបញ្ហាទាំងនេះ។ គឺជាបទពិសោធន៍ក្នុងការសម្រេចបានការផ្សះផ្សារជាតិផ្ទៃក្នុង ការសម្រេចបាននូវសន្តិភាព
ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងរយៈពេល២០ឆ្នាំនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកខៀវ កាញារីទ្ធបាននិយាយថា" នេះគឺជាកិត្តិយសរបស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។កម្ពុជាមានបទពិសោធន៍ ក្នុងការរំលត់សង្គ្រាមស៊ីវិល ហើយក៏មានបទពិសោធន៍ក្នុងការធ្វើអោយចលនានយោបាយនានាធ្វើការជាមួយគ្នាដែរ"។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា "ការប្រឹក្សាសន្តិភាព"នៅប្រទេសកម្ពុជាសម្រាប់ចលនានយោបាយនៃប្រទេសនេប៉ាល់នោះនឹងជាកិច្ចប្រជុំនយោបាយ ផ្ទៃក្នុងសុទ្ធសាធក្នុងរង្វង់តែគណបក្សនយោបាយនេប៉ាល់ដោយគ្មានអ្នកសម្រុះសម្រួលអ្នកផ្សះផ្សារពីសំណាក់ប្រទេសមហាអំណាចណាមួយឡើយ។ក៏ប៉ុន្តែអាចនឹងមានក្រុមអ្នកសង្កេតការណ៍ដែលជាសមាជិកគណបក្សនយោបាយមកពីតំបន់អាស៊ីដូចជា ចិន ឥណ្ឌា និងជប៉ុន។
-ប្រវត្តិនៃវិបត្តិរបស់ប្រទេសនេប៉ាល់
ប្រទេសនេប៉ាល់ជាអតីតប្រទេសរាជានិយម។ នៅឆ្នាំ១៩៩៦ចលនាប្រឆាំងរដ្ឋាភិបាលនិយមក៏ចាប់ផ្តើមកកើតឡើងដោយក្រុមគណបក្សកុម្មុយនីសរបស់នេប៉ាល់ ដែល
គេស្គាល់ថា ជាក្រុមម៉ៅនិយម។ ចលនានេះបានបង្កឲ្យមានសង្គ្រាមស៊ីវិលរយៈពេល១០ឆ្នាំ ដែលបានបង្កឲ្យមានមនុស្សស្លាប់ប្រមាណ១៦០០០នាក់។
នៅក្នុងឆ្នាំ២០០៦ ព្រះមហាក្សត្រ ហ្ស៊ីយ៉ានិនដ្រា (Gyanendra)បានសម្រេចព្រះទ័យចាកចេញពីអំណាច។ នៅថ្ងៃទី១៨ឧសភាឆ្នាំ២០០៦សភាបាន
បោះឆ្នោតបន្ថយអំណាចរបស់រាជបល្ល័ង្គហើយបានប្រកាសដាក់ប្រទេសនេប៉ាល់ជាប្រទេសដែលមិនមែនដឹកនាំបែបសាសនា(asecular state)ដើម្បីបញ្ចប់ រូបភាពដែលថាប្រទេសនេប៉ាល់ជារាជាណាចក្រហិណ្ឌូ។នៅថ្ងៃទី២៨ធ្នូ២០០៧សេចក្តីព្រាងច្បាប់មួយត្រូវស្តីពីការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៥៩ ដើម្បីប្រកាសប្រទេសនេប៉ាល់ជា សាធារណរដ្ឋសហព័ន្ធ។
នៅឆ្នាំ២០០៨ ការបោះឆ្នោតមួយត្រូវបានរៀបចំ។ គណបក្សកុម្មុយនីសនេប៉ាល់(ក្រុមម៉ៅនិយម)បានទទួលសម្លេងឆ្នោតច្រើនជាងគេហើយបានបង្កើតរដ្ឋាភិបាលចម្រុះមួយ។ទោះយ៉ាងណាក៏ដោយភាពតានតឹងក្នុងចំណោមគណបក្សនយោបាយនានានិងការដណ្តើមអំណាចគ្នានៅតែបន្តរហូត។នៅក្នុងខែឧសភា២០០៩រដ្ឋាភិបាលដែលដឹកនាំដោយក្រុមម៉ៅនិយមត្រូវបានផ្តួលរំលំហើយរដ្ឋាភិបាលចម្រុះមួយទៀតដែលផ្គុំដោយគណបក្សជាច្រើនប្រឆាំងក្រុមម៉ៅនិយមត្រូវបានបង្កើត។
ដោយ : ព្រហស្បតិ៍
No comments:
Post a Comment