ការយកប្រទេសកម្ពុជាធ្វើជាចំណាប់ថ្នូរនយោបាយរបស់អ្នកនយោបាយក្រុង បាងកក ជានយោបាយស្មោកគ្រោកទុច្ចរិតដែលបង្កប់ទៅដោយទង្វើឈ្លានពាន យ៉ាងចំហពេញទីមកលើអធិបតេយ្យកម្ពុជា ដូច្នេះកម្ពុជាចាំបាច់ត្រូវតែវាយបំបាក់ ផែនការទុរយសនេះឱ្យទាល់តែបានជាដាច់ខាត ។ ចាប់ពីថ្ងៃទី២៥ មករាមកនេះ ស្ថានការណ៍នយោបាយសៀមបាននឹងកំពុងបន្ដឆេះរោលក្រុងបាងកករវាងក្រុមអ្នក ស្នេហាជាតិជ្រុលអាវលឿងសៀមនិងក្រុមកំពុងកាន់អំណាចរបស់លោកនាយករដ្ឋ មន្ដ្រីអាប់ភីស៊ីត ។ សង្គ្រាមនយោបាយដ៏ស្រួចស្រាល់នេះ ពួកគេកំពុងយកកម្ពុជា ធ្វើជាចំណាប់ថ្នូរក្នុងការកេងចំណេញផ្នែកនយោបាយ ។ ដោយពុំអាចសម្រប សម្រួល តាមសន្ដិវិធីជាមួយពូជសៀមឈ្លានពាននេះ វិធីតែម្យ៉ាងគត់គឺកម្ពុជា ត្រូវបង្ខំចិត្ដការពារខ្លួនដោយប្រើចុងកាណុង បើសិនជាក្រុមទ័ពទីងសៀមឈាន ចូលក្នុងបូរណភាពទឹកដីខ្មែរ សូម្បី១មីល្លីម៉ែត្រក៏ដោយ ។
យើងពិនិត្យទោលើក្រុមសៀមអាវលឿងពេលនេះកំពុងបន្ដសង្កត់នាយករដ្ឋ មន្ដ្រីអាប់ភីស៊ីតឱ្យធ្វើតាមការទាមទារ៣ចំណុចក្នុងដំណោះស្រាយទំនាស់ជាមួយ កម្ពុជា ក្នុងនោះមានការដកខ្លួនចេញពីសមាជិកគណៈកម្មការបេតិកភណ្ឌនៃអង្គ ការយូណេស្កូ, ការលុបចោលអនុស្សរណៈកម្ពុជា-ថៃឆ្នាំ២០០០ និងការប្រើអាវុធ បណ្ដេញខ្មែរចេញពីទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារ ។
នាយករដ្ឋមន្ដ្រីថៃដែល យល់ជម្រៅចិត្ដនិងខួរក្រឡករបស់ក្រុមអាវលឿងនេះ គាត់មិនធ្វើតាមគំនាបទាំង អស់នេះទេ, ប៉ុន្ដែបានប្រកាសក្ដុងក្ដាំងអំពីការទាមទារភាគីកម្ពុជាឱ្យដកផ្ទាំងចារឹក ថ្មចេញពីវត្ដកែវសិក្ខាគិរីស្វរៈ រួចពន្យុះឱ្យកងទ័ពសៀមចូលដកទង់ជាតិកម្ពុជា ចេញពីវត្ដនេះ មួយអន្លើដោយការយល់ព្រមអនុញ្ញាតឱ្យកងទ័ពសៀមធ្វើសមយុទ្ធ យោធានៅពីមុខប្រាសាទព្រះវិហារថែមទៀត ។ បទបញ្ជានិងការយល់ព្រមរបស់ នាយករដ្ឋមន្ដ្រីសៀមដែលពុំសូវមានលក្ខណៈរឹងមាំនេះ វាហាក់ដូចជាអំពើឡប់ ឡែរបស់ក្រុមអ្នកកាន់អំណាចក្រុងបាងកក ដែលហាឡើងគ្រាន់តែបង្គ្រប់កិច្ច ដើម្បី រម្ងាប់អារម្មណ៍ទាន់ហន់របស់ក្រុមអាវលឿងប៉ុណ្ណោះ។ ឯការពិតមែនទែន គឺរឿងរ៉ាវទាំងអម្បាលម៉ានដែលក្រុមអាវលឿងបានដាក់សម្ពាធមកនោះ វានឹង ពុំអាចធ្វើឱ្យបានសម្រេចតាមបំណងទុច្ចរិតនោះបានឡើយ ។
អំពីការចល័តកងទ័ពនិងការសំញែងគ្រឿងយុទ្ធោបករណ៍សម្បូរបែបរបស់ សៀមនៅជាប់នឹងព្រំដែនកម្ពុជាក្នុងរយៈពេល៣ថ្ងៃមកនេះ ដែលពួកសៀមថា ដើម្បីធ្វើសមយុទ្ធយោធានិងចូលវត្ដកែវសិក្ខាគីរីស្វរៈ ទម្លាក់ទង់ជាតិកម្ពុជានោះ មើលទៅដូចជាមិនអាចធ្វើឱ្យកងទ័ពកម្ពុជាព្រឺខ្លាចបារម្ភព្រួយអ្វីទេ។ ព្រោះមេទ័ព ក៏ដូចវីរយុទ្ធជនកម្ពុជាបានត្រៀមខ្លួនរួចរាល់អស់ហើយ តាំងពីរថក្រោះ រថពាសដែកនិងកាំជ្រួចហ្វូងសម្រាប់ស្វាគមន៍ក្រុមឈ្លានពាននៅគ្រប់ពេលនិង គ្រប់កាលៈទេសៈ ។ ប៉ុន្ដែរហូតមកទល់ល្ងាចម្សិល (២៩ មករា) គេមិនទាន់ឃើញ ក្រុមអាវលឿងសៀមឬទ័ពទីងសៀមប៉ាន់ក្បាលដែកណាម្នាក់ចូលក្នុងទឹកដីកម្ពុជា សូម្បីតែ១ជំហាននៅឡើយ ។ ទ័ពទីងសៀមទាំងពួកឈុតខ្មៅ ក៏ដូចពួកប៉ារ៉ា នៅតែ ចល័តគ្នាចុះឡើងក្នុងទឹកដីសៀម ដែលទង្វើនេះទំនងជាគ្រាន់តែជាសញ្ញាលើកស្នា កម្លាក្អែកប៉ុណ្ណោះ ។ ឯពួកសៀមអាវលឿងវិញ គ្រាន់តែមានពីរបីនាក់មកលឹប លអើតអើមដែលនៅចម្ងាយពីព្រំដែនកម្ពុជាជាច្រើនរយម៉ែត្រ ពោលគឺស្ថាន ភាពវឹកវរជ្រួលច្របល់សព្វយ៉ាងកើតមានតែនៅលើទឹកដីសៀម, មិនមាន ប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជាឡើយ ពីព្រោះពួកគេហាក់ដឹងទឹកចិត្ដនិង សកម្មភាពពិតរបស់កងកម្លាំងកម្ពុជានៅទីនោះច្បាស់ ដែលក្នុងចំណោមពួកនេះ មានខ្លះធ្លាប់ភ្លក្សរសជាតិពីការតបតពីសំណាក់កម្លាំងប្រដាប់អាវុធដ៏មុតស្រួច របស់កម្ពុជាដែរហើយ ។
សភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ពិសេសនៅតំបន់ប្រាសាទព្រះវិហារ និង វត្ដកែវសិក្ខាគីរីស្វរៈរបស់ខ្មែរ នៅតែស្ងប់ស្ងៀមជាធម្មតា ។ ដូច្នេះ វានឹង ពុំអាចកើតចម្បាំងរាំងជល់ជាដុំកំភួនគួរឱ្យចាប់អារម្មណ៍ឡើយ ។ អ្វីដែលក្រុមអ្នក នយោបាយសៀមល្ងើពកថ្ងាសប្រកាសសង្គ្រាមក្ដុងក្ដាំងពេលនេះ វាគ្រាន់តែជាល្បិច បន្សាបកំហឹងក្រុមអាវលឿងវង្វេងសាវតារស្នេហាជាតិជ្រុលមួយក្ដាប់នៅក្រុងបាង កកប៉ុណ្ណោះ ។ បានជាយើងមើលឃើញតម្រុយយ៉ាងនេះ ត្បិតលោកនាយករដ្ឋមន្ដ្រី អាប់ភីស៊ីត ក៏ដូចរដ្ឋមន្ដ្រីការបរទេសកាស៊ីត ភីរម្យ និងឧបនាយករដ្ឋមន្ដ្រីស៊ូថេប ថងសូបាន ធ្លាប់បានថ្លែងជាញឹកញាប់អំពីលទ្ធភាពនៃការពង្រឹងមិត្ដភាពជាមួយ កម្ពុជាក្នុងការស្រាយបញ្ហាព្រំដែនជាមួយគ្នា។ នៅសបា្ដហ៍ខាងមុខនេះសមភាគី នៃក្រសួងការបរទេសទាំងពីរមានគម្រោងជួបពិភាក្សាគ្នា២ថ្ងៃនៅសៀមរាបក្រុង ដើម្បីពង្រីកពង្រឹងពាណិជ្ជកម្មនិងវិស័យនានារវាងប្រទេសទាំងពីរទៀតផង ។
យោងតាមកាលប្បវត្ដិនេះ គេរំពឹងថា ក្រុមមេដឹកនាំសៀមក៏ដូចមេដឹកនាំ ប្រទេសកម្ពុជាមានទស្សនវិស័យស្របគ្នាជាច្រើនចំណុច ពិសេសលើការខិតខំ ដោះស្រាយបញ្ហាទាំងឡាយតាមនិយាមសន្ដិភាពជាជាងហិង្សាប្រដាប់អាវុធ ។ ដូច្នេះ ការប្រកាសធ្វើដូចមែនទែនរបស់នាយករដ្ឋមន្ដ្រីសៀមឱ្យកងទ័ពសៀមធ្វើ សមយុទ្ធយោធានៅតំបន់ប្រាសាទព្រះវិហារ និងចូលដកទង់ជាតិកម្ពុជាពីវត្ដកែវ សិក្ខាគីរីស្វរៈនោះ វាគ្រាន់តែជាចិត្ដសាស្ដ្ររម្ងាប់អារម្មណ៍ពួកអាវលឿងមួយ ពេលតែប៉ុណ្ណោះ, តែបើឱ្យកងទ័ពហ្លួងសៀមធ្វើចម្បាំងដើម្បីរំលោភកម្ពុជាទាំង កណ្ដាលថ្ងៃត្រង់នោះ ពិតជាលំបាកបន្ដិចហើយ ។ ផ្ទុយទៅវិញ បើសិនជាកងទ័ព ជាឈ្មួញសង្គ្រាមរបស់សៀមហ៊ានប្រថុយនឹងទង្វើឈ្លានពានណាមួយ ក៏កម្ពុជា ត្រៀមខ្លួនរួចហើយដែរ សម្រាប់ស្វាគមន៍ដោយមិនឱ្យពួកឈ្លានពានខកបំណង នោះគឺរថក្រោះ រថពាសដែក និងកាំជ្រួចហ្លូង ដូចលោកឧត្ដមសេនីយ៍ជា តារា មេបញ្ជាការនៅទិសប្រាសាទព្រះវិហារបានបញ្ជាក់រួចហើយថា ពួកសៀមឈ្លាន ពានឱ្យតែហ៊ានអើតក្បាលចូលដីខ្មែរពេលណាយើង នឹងបាញ់កម្ទេចពួកវា ពេល នោះឱ្យស្គាល់ដៃខ្មែរ ៕
ដោយ ៖ អាចារ្យ កេត
No comments:
Post a Comment