ព្រំដែនកម្ពុជា-ថៃខេត្តឧត្តរមានជ័យ ៖ យោងតាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពថា នៅព្រឹកថ្ងៃអាទិត្យ ទី៣០ មករា នេះ ស្ថានភាពយោធានៅតំបន់ប្រាសាទតាមាន់ធំ មានសភាពស្ងប់ស្ងាត់ធម្មតា ខុសពីថ្ងៃសៅរ៍ ទី២៩ មករា ម្សិលមិញ ដែលមានសភាពតានតឹងហៀបនឹងផ្ទុះអាវុធទៅហើយ ខណៈទាហានសៀមមួយក្រុមមានគ្នាប្រមាណ៤០នាក់ បានចូលមកប្រាសាទតាមាន់ធំ ដើម្បីដោតទង់ជាតិថៃ កាលពីវេលាម៉ោង១០ព្រឹក ។ ប៉ុន្តែការប្រុងចូលមកដោតទង់ជាតិថៃ ពីសំណាក់ទាហានថៃ មិនទទួលបានជោគជ័យនោះទេ ពីព្រោះទាហានកម្ពុជាបានរារាំង និងដេញឱ្យត្រឡប់ទៅវិញនៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃដដែលម្សិលមិញនេះ ។
នៅពេលនេះ ទាហានកម្ពុជាត្រូវបានទទួលបទបញ្ជាយ៉ាងតឹងរ៉ឹងមិនឱ្យមានករណីខាងលើនេះកើតឡើងម្តងទៀតនោះទេ មានន័យថា បើទាហានថៃចូលត្រូវតែកំទេច ។ ទោះជាយ៉ាងណា បើទោះជាស្ថានភាពយោធានៅតំបន់ប្រាសាទតាមាន់ធំ មានសភាពស្ងប់ស្ងាត់មែន ប៉ុន្តែបើតាមអ្នកយកព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឱ្យដឹងដែរថា ទាហានកម្ពុជានៅតែត្រៀមប្រុងជើងការណ៍ខ្ពស់ជានិច្ច ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment