រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោករដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភីរម្យ នឹងជួបពិភាក្សាគ្នានៅក្នុងខេត្តសៀមរាប នាថ្ងៃទី៣ និង៤ កុម្ភៈ ២០១១ ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី៧នៃគណៈកម្មការចំរុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ថៃ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី២៨ មករា ២០១១ ។
សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា កិច្ចប្រជុំរវាងប្រមុខការទូតកម្ពុជា និងថៃនាពេលខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសជាប់ព្រំដែនទាំងពីរ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោយរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលស្ថានការណ៍យោធាខ្មែរ-ថៃ តំបន់ប្រាសាទព្រះវិហារ និងតំបន់មួយចំនួនទៀតមានភាពតានតឹង ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត បានបើកភ្លើងខៀវឱ្យទាហានថៃធ្វើសមយុទ្ធនៅតាមព្រំដែនប្រាសាទព្រះវិហារ ដើម្បីគំរាមកម្ពុជា និងទាមទារឱ្យកម្ពុជាទម្លាក់ទង់ជាតិរបស់ខ្លួនដែលបានបង្ហូតនៅលើវត្តកែវសិក្ខាគិរីស្វារៈក្នុងទឹកដីរបស់កម្ពុជាស្របច្បាប់នោះ ហើយក៏ត្រូវទទួលការឆ្លើយតបពីកម្ពុជាដោយប្រកាសប្រឆាំងយ៉ាងម៉ឺងម៉ាត់មកវិញដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីដែលកម្ពុជាមានពេញលេញ ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment