(រូបថត ឫទ្ធិសែន)
ខេត្តកំពង់ឆ្នាំង ៖ រថក្រោះនិងរថពាសដែកជាច្រើនគ្រឿងត្រូវបានកងយោធពលខេមរភូមិន្ទបញ្ចេញពីឃ្លាំងនៅទីតាំងបន្ទាយលង្វែក ស្ថិតក្នុងស្រុកកំពង់ត្រឡាច ដើម្បីរៀបចំចេញដំណើរទៅសមរភូមិជួរមុខ ពិសេសតំបន់ប្រាសាទព្រះវិហារ ដែលបានធ្លាក់ទៅក្នុងសភាពការណ៍តានតឹង ។ ក្បួនរថពាសដែកនិងរថក្រោះបានចាកចេញពីបន្ទាយលង្វែកនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៨ ខែមករា យ៉ាងគគ្រឹកគគ្រេង ។ លោកនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរក្បួនរថក្រោះនិងរថពាសដែកនោះផងដែរ ។ មានប្រសាសន៍ទៅកាន់អ្នកកាសែតនិងទូរទស្សន៍ជាតិលោកឧត្តមសេនីយ៍ទោរ៉េត ស៊ីថា នាយរងសេនាធិការបញ្ជាការដ្ឋានកងអង្គរក្ស និងជាមេបញ្ជាការកងរថក្រោះ និងរថពាសដែកបានឱ្យដឹងថា លោកមានការប្តេជ្ញាចិត្តយ៉ាងខ្ពស់ដឹកនាំរថក្រោះនិងរថពាសដែកទៅសមរភូមិជួរមុខការពារបូរណភាពទឹកដី មិនឱ្យសត្រូវបរទេសចូលឈ្លានពានបានឡើយ សូម្បីមួយមីល្លីម៉ែត្រ ។
លោកឧត្តមសេនីយ៍ទោបានអះអាងថា នាយទាហានកងរថក្រោះនិងរថពាសដែករបស់លោកគឺសុទ្ធសឹងជាទាហានជើងចាស់ និងធ្លាប់ហ្វឹកហាត់នៅបរទេស ចំណែកពលទាហានវិញសុទ្ធសឹងតែធ្លាប់ហ្វឹកហាត់និងមានបទពិសោធន៍ខ្ពស់ មិនត្រឹមតែប៉ុណ្ណោះពួកគេសុទ្ធតែមានស្មារតីអង់អាចមោះមុតប្រយុទ្ធការពារទឹកដីមិនឱ្យបរទេសណារំលោភចូលបូរណភាពទឹកដីប្រទេសកម្ពុជាបានឡើយ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯកចៅ ភារុណ ក៏បានផ្តល់បទសំភាសន៍ដែរថា ប៉ុន្មានថ្ងៃនេះ សភាពការណ៍តានតឹងបានកើត ឡើងនៅតំបន់ប្រាសាទព្រះវិហារ គឺនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសភាពការណ៍តានតឹងនេះវាមិនខ្លាំងក្លាពេកទេ ។ ទោះបីជាយ៉ាងណា កងយោធពលខេមរភូមិន្ទនៅតែឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ តាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានបញ្ជាក់ច្បាស់ថា មិនឱ្យសៀមឈ្លានពានធ្វើឱ្យបាត់បង់ទឹកដីសូម្បីតែមួយមីល្លីម៉ែត្រ ហើយយើងក៏មិនឈ្លានពានគេសូម្បីតែមួយមីល្លីម៉ែត្រដែរ ។ លោកបន្តថា ក្រសួងការពារជាតិបានបញ្ជូនកងរថក្រោះនិងរថពាសដែកនៅថ្ងៃនេះ លោកមិនកំណត់ថា ប៉ុន្មានគ្រឿងទេ គ្រាន់តែអាចបញ្ជាក់ថាច្រើនគ្រឿង ហើយគោលដៅគឺទៅតំបន់ប្រាសាទព្រះវិហារតែម្តង។ លោកបានបន្តទៀតថា នេះគ្រាន់តែជាចំណុចគោលដៅមួយតែប៉ុណ្ណោះ ប៉ុន្តែយើងមានលទ្ធភាពច្រើនជាងនេះដើម្បីបំពាក់ដល់សមរភូមិជួរមុខតាមបន្ទាត់ព្រំដែនរបស់យើង ។
ចំពោះលទ្ធភាពនិងសមត្ថភាព គឺកងទ័ពយើងសុទ្ធសឹងតែជាកងទ័ពធ្លាប់ប្រយុទ្ធក្នុងសមរភូមិច្រើនរាប់មិនអស់ ហើយក៏បានហ្វឹកហាត់ជាច្រើនជំហានច្រើនជំនាន់រាប់មិនអស់ផងដែរ ។ ក្នុងពេលតម្រង់ជួរឡើងរថក្រោះនិងរថពាសដែក កងយោធពលខេមរភូមិន្ទម្នាក់ៗពោរពេញដោយទឹកមុខស្វាហាប់អង់អាចក្លាហានមិនកោតញញើតខ្មាំងសត្រូវឡើយ ហើយអ្វីដែលគួរឱ្យកត់សំគាល់ទៀតនោះគឺរថក្រោះនិងរថពាសដែករបស់យើងសុទ្ធតែទំនើបនិងថ្មីៗដែលបានទិញនិងនាំចូលពីបរទេសកាលពីពេលថ្មីៗកន្លងមក ។
- ព័ត៌មានពីតំបន់ប្រាសាទព្រះវិហារ កងទ័ពកម្ពុជាពង្រាយកំលាំងទប់ទល់
មន្ត្រីយោធាកម្ពុជាបានឱ្យដឹងថា ភាគីសៀមកាលពីថ្ងៃទី២៧ មករា បានជូនដំណឹងមកខាងកម្ពុជាយើងដោយតំរូវឱ្យធ្វើការរុះរើខ្លោងទ្វារវត្តកែវសិក្ខាគិរីស្វារៈ និងដកទង់ជាតិចេញ ។ ជាមួយគ្នានេះ ភាគីសៀមក៏បានទាមទារឱ្យយកទង់ជាតិ៣ គឺមានទង់ជាតិកម្ពុជា និងទង់អង្គការយូណេស្កូដែលបានបង្ហូតនៅជាប់គោបុរៈទី៥ ចេញដែរ ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីសៀមបានព្រមានថា បើថ្ងៃនេះ (ថ្ងៃទី២៨ មករា) កម្ពុជាមិនព្រមរុះរើចេញទេ គេនឹងនាំក្រុមប្រឆាំងគឺពួកជ្រុលនិយមអាវលឿងមកកំទេចចោល ព្រោះកម្ពុជាបានរំលោភលើផ្ទៃដី៤,៦គីឡូម៉ែត្រការ៉េ។
ជាការឆ្លើយតបទៅភាគីសៀមវិញ មន្ត្រីយោធាកម្ពុជាបានប្រាប់ទៅវិញថា កម្ពុជាគ្មានសិទ្ធិដកទង់ជាតិនៅលើទឹកដីរបស់ខ្លួននោះទេ ហើយបើចង់ចូលមកដោះ ឬក៏រុះរើសូមចូលមកតាមចិត្តចុះ កម្ពុជាត្រៀមស្វាគមន៍គ្រប់វិនាទី ។ ដូចការអះអាងប្រាប់ទៅភាគីសៀម កងទ័ពកម្ពុជារាប់ពាន់នាក់ត្រូវបានដាក់ពង្រាយរួចជាស្រេចនៅតាមលេណដ្ឋាន ដែលការត្រៀមស្វាគមន៍នេះ លោកនាយឧត្តមសេនីយ៍ជា តារា មានប្រសាសន៍ថា ក្នុងកៃកាំភ្លើងមានម្រាមដៃចាំកេះរួចជាស្រេចទៅហើយ ។
ការតបតទៅវិញនេះ មិនដឹងថា ខាងទាហានសៀមគិតបែបណាទេ តែចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១រសៀលបានដឹងថា មានរថយន្តជាច្រើនគ្រឿងបានដឹកពួកអាវលឿង និងទាហានមកដល់ផ្ទះក្រហម តែមិនហ៊ានចូលបំពានលើខ្សែត្រៀមទេ គឺបានត្រឹមមើលពីចំងាយ និងថតគោបុរៈទី៥ នៃប្រាសាទព្រះវិហាររបស់ខ្មែរទាំងស្រក់ទឹកមាត់ ។ ការបានត្រឹមតែឈរមើលនោះមានរយៈពេលប្រមាណ១ម៉ោង ក្រោយមក ទាំងពួកទាហាន និងពួកបាតុករអាវលឿងក៏បានចាកចេញទៅវិញ ។
- ប្រតិកម្មមេបញ្ជាការយោធាកម្ពុជា
លោកនាយឧត្តមសេនីយ៍ជា តារា មានប្រសាសន៍ថា ចាប់ពីពេលនេះទៅគ្មានមេ គ្មានកូនទាហានសៀមណាម្នាក់អាចចូលមកសហការគ្នាបានទៀតទេ តាមច្រកណាក៏ដោយ ក្នុងតំបន់ប្រាសាទព្រះវិហារ និងអាចចូលបានតែតាមច្រកទ្វារអន្តរជាតិប៉ុណ្ណោះ ។ ប្រការដែលបិទទ្វារលែងសហការគ្នានេះ ព្រោះខាងភាគីសៀមមិនដែលគោរពពាក្យសំដីរបស់ខ្លួនថាសហការគ្នានោះឡើយ ។ មកដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ មករា ស្ថានកាណ៍ប្រុងជើងការចំណុចខ្ពស់ត្រូវបានពង្រឹងសំរាប់កងទ័ពកម្ពុជាគ្រប់កងឯកភាពដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែននៃតំបន់ប្រាសាទព្រះវិហារ ។
- ទាហានសៀមបន្ថែមកំលាំងនៅប្រាសាទតាមាន់ធំមួយឈុត
នៅតាមខ្សែបន្ទាត់ព្រំដែននៃខេត្តឧត្តរមានជ័យវិញក៏មានសេចក្តីរាយការណ៍ឱ្យដឹងដែរថា ក្រុមទាហានឈុតខ្មៅ និងទាហានប៉ារ៉ាសៀមត្រូវបានបញ្ជូនកំលាំងបន្ថែមទៅដាក់តាមគោលដៅរបស់ខ្លួនដែលឈរជើងចាប់ពីចំនួន៤០ទៅ៥០នាក់ ដោយមានការប្រុងប្រយ័ត្នបំផុតនៅតាមមុខព្រួញនីមួយៗរបស់ខ្លួន ។ មន្ត្រីប៉ូលិសការពារព្រំដែនគោកបានឱ្យដឹងថា សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ កងកំលាំងការពារព្រំដែនរបស់កម្ពុជាយើងបានធ្វើការស៊ើបអង្កេតនៅតាមគោលដៅដែលឈរជើងរបស់ទាហានឈុតខ្មៅ និងទាហានប៉ារ៉ាសៀម គឺពិតជាបានបញ្ជូនកំលាំងបន្ថែមលើសពីកងកំលាំងចាស់ចាប់ពីចំនួន៤០ទៅ៥០នាក់ក្នុងគោលដៅនីមួយៗ ។ បើយើងពិនិត្យទៅលើសភាពការណ៍គឺតានតឹង ។
លោកវរសេនីយ៍ឯកនាក់ វង្ស មេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥២ បានឱ្យដឹងថា ទាហានសៀមមានចំនួនកើនខុសប្លែក ជាពិសេសនៅចំណុចប្រាសាទតាមាន់ធំ ត្រូវបានក្រុមទាហានឈុតប៉ារ៉ាបន្ថែមកំលាំងរាប់រយនាក់និងកំពុងតែដាក់ខ្សែត្រៀមនៅក្នុងទឹកដីរបស់ខ្លួនដោយមានការប្រុងជើងការផងដែរ ។ លោកវរសេនីយ៍ឯកបានបន្តទៀតថា ទោះបីជាក្រុមទាហានសៀមបានបញ្ជូនកំលាំងបន្ថែមកើនឡើងយ៉ាងណាក៏ដោយ ប៉ុន្តែកំលាំងទាហានកម្ពុជាក៏បានប្រុងជើងការរួចហើយដែរ ដើម្បីមានវិធានការទប់ទល់រាល់សភាពការណ៍នេះដោយការប្រុងប្រយ័ត្នកំរិតខ្ពស់ ។ នេះជាការគោរពតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានកំណត់មិនឱ្យសត្រូវចូលឈ្លានពានបាត់បង់ទឹកដីសូម្បីមួយមីលី្លម៉ែត្រឡើយ ។ សូមបញ្ជាក់ថា ទោះបីជាមានសភាពការណ៍តានតឹងផ្នែកយោធាក៏ដោយ តែប្រជាពលរដ្ឋកម្ពុជាមិនមានប្រែប្រួលឬភ្ញាក់ផ្អើលទេ ។
ប្រភពព័ត៌មានចុងក្រោយត្រឹមម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៨ មករា ស្ថានការណ៍តានតឹងនៅប្រាសាទតាមាន់ធំបានធូរស្រាលវិញហើយ ដោយទាហានសៀមបានដកថយទៅទីតាំងចាស់របស់ខ្លួន ឯកងទ័ពកម្ពុជាក៏បានថយមកទីតាំងរបស់ខ្លួនដែរ ។ ប្រភពព័ត៌មានបានឱ្យដឹងថា ការបង្កើនចំនួនទ័ពសៀមនេះត្រូវបានមេទ័ពសៀមនិយាយថា «មេឱ្យមក» ។ មន្ត្រីយោធាកម្ពុជាមួយរូបនិយាយថា បានជាស្ថានការណ៍ធ្លាក់ដល់ការប្រឈមមុខគ្នាភ្លាមៗនាព្រឹកថ្ងៃទី២៨ មករានោះ ដោយសារតែទាហានសៀមបានដាក់កំលាំងរបស់ខ្លួនពេញមុខប្រាសាទនិងប្រដាប់ដោយអាវុធគ្រប់ដៃដែលឃើញស្ថានភាពដូចនេះ កងទ័ពកម្ពុជាក៏បានចល័តកំលាំងវិញដែរ ។ ចំណែកសភាពការណ៍នៅប្រាសាទតាក្របីត្រូវបានរាយការណ៍ថា មិនមានការបង្កើនកំលាំងទ័ពខុសប្រក្រតីទេ ។ យោងតាមប្រភពនានាបានឱ្យដឹងថា ការដាក់ទ័ពរបស់សៀមនោះមិនមែនមានមេណាមកទេ គឺភាគីសៀមមានគំរោងឱ្យពួកអាវលឿងចូលមកដោតទង់ជាតិរបស់ខ្លួនលើប្រាសាទតាមាន់ធំ តែដោយកងកំលាំងកម្ពុជាមានប្រតិកម្មភ្លាមៗ ទើបពួកគេដកថយទៅវិញ ៕
( ឫទ្ធិសែន+ត្បែងមានជ័យ+សំរោង )
( ឫទ្ធិសែន+ត្បែងមានជ័យ+សំរោង )
ដោយ ៖ កោះឯករាជ្យ
(រូបថត ឫទ្ធិសែន)
No comments:
New comments are not allowed.