ជាថ្មីម្តងទៀត ប្រទេសថៃកំពុងតែរន្ថើនធ្វើសង្រ្គាមមកលើកម្ពុជា បន្ទាប់ពីមាន សេចក្តីថ្លែងការណ៏ របស់នាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ា ដែលត្រូវបានស្រង់សំដីកាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១១ ដោយកាសែត The Nation ក្រោមចំណងជើងថា “ភ្នំពេញត្រូវតែ ដកទង់ជាតិចេញ” និងបណ្តាញឃោសនាដទៃទៀត ដោយបាននិយាយថា “កម្ពុជាគ្មានសិទ្ធិ បង្ហូតទង់ជាតិរបស់ខ្លួននៅលើតំបន់ព្រំដែនវិវាទ ស្ថិតនៅជិតប្រាសាទព្រះវិហារទេ”។ សេចក្តីថ្លែង ការណ៏របស់នាយករដ្ឋមន្រ្តីថៃបែបនេះ គឺជាទង្វើមួយដើម្បី ជាលេសប្រកាសសង្រ្គាមឈ្លាន ពានកម្ពុជា។ រដ្ឋាភិបាលថៃគ្មានសិទ្ឋិប្រើកំលាំង យោធាប្រឆាំងនឹងអធិបតេយ្យភាពរបស់ ប្រទេសណាមួយនោះឡើយ។ ទីតាំងដែលនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដកទង់ជាតិរបស់ខ្លួនចេញនោះត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាវត្តកែវសិក្ខាគិរីស្វារៈ ជាទីកន្លែងដែល កងទ័ពថៃបានឈ្លានពាន កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។
បើនិយាយអំពីទំនាក់ទំនងរវាង កម្ពុជា-ថៃ នោះ វាច្បាស់ណាស់ថាទាំងមតិជាតិ និងអន្តរជាតិ បានដឹងយ៉ាងប្រាកដថា ប្រទេសទាំងពីរមានខ្សែបន្ទាត់ព្រំដែនមួយយ៉ាងច្បាស់លាស់ដោយផ្អែកលើផែនទីដងរែក ខ្នាត ១/២០០.០០០ នៃឧបសម្ព័ន្ឋ១ ដែលត្រូវបាន ផលិត ឡើងនៅឆ្នាំ ១៩០៨ ស្របតាមអនុសញ្ញា ឆ្នាំ១៩០៤ និងសន្ឋិសញ្ញា ឆ្នាំ១៩០៧ ទាំងស្រុង។ អាស្រ័យហេតុនេះ វាច្បាស់ណាស់ថា ពុំមានតំបន់ វិវាទ ឬត្រួតស៊ីគ្នានោះទេ។ ផ្ទុយទៅវិញ អំពើប្រទូស្តរាយដោយប្រទេសថៃ ដែលបានគូសផែនទីសំងាត់ ជាឯកតោភាគី ដែលគ្មានភាព ស្របច្បាប់ជាអន្តរជាតិ គឺដើម្បីបំរើនូវមហិច្ឆតារបស់ប្រទេសនេះដើម្បី ឈ្លានពានកម្ពុជា និងដណ្តើមយកទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ឬក៏ជាងនេះទៅទៀត ដាក់ទឹកដីកម្ពុជាជាឧបសម្ព័ន្ឋដោយបង្ខំតាមមធ្យោបាយយោធា ក្នុងការប៉ុនប៉ងបែបអត្តឃាតដ៏ឆ្កួតលីលា ដើម្បីយក ឈ្នះដោយកំលាំងបាយ ប៉ុន្តែត្រូវបានបរាជ័យតាមមធ្យោបាយផ្លូវច្បាប់អន្តរជាតិរួច ទៅហើយ។
កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសមួយ ដោយដកស្រង់សេចក្តីសំរេចតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដែលមានខ្លឹមសារដូចខាងក្រោម៖
១.“…ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់ប្រទេសកម្ពុជា”។
២. “…ប្រទេសថៃមានកាតព្វកិច្ច ដកកំលាំងទ័ព ឬប៉ូលីស ឬអ្នកថែរក្សាផ្សេងៗ ឬឆ្មាំដទៃទៀត ដែលបានដាក់នៅប្រាសាទ ឬក្នុងតំបន់ជុំវិញប្រាសាទដែលស្ថិតក្នុងទឹកដីកម្ពុជា”។
សេចក្តីប្រកាសខាងលើក៏បានបញ្ជាក់សាជាថ្មីផងដែរនៅ មាត្រា ១(គ) នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីអំពីការ វាស់វែង និងកំណត់ខ័ណ្ឌសីមាព្រំដែនគោកដែលបានចុះហត្ថលេខា នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០០០ ដែលទទួលស្គាល់ផែនទីផងដែរ ដូចបានរៀបរាប់ខាងលើ ថាជាមូលដ្ឋានច្បាប់ សំរាប់ការវាស់វែង និងកំណត់ ខ័ណ្ឌសីមាព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរា ជាណាចក្រថៃ។
យោងតាមផែនទីដែលផលិតដោយគណៈកម្មការ បារាំង-សៀម វត្តកែវសិក្ខាគិរីស្វារៈ ដែលប្រជាជនកម្ពុជាបានកសាងឡើងកាលពីឆ្នាំ១៩៩៨ ច្បាស់ណាស់មានទីតាំងស្ថិតនៅក្នុងទឹកដីកម្ពុជា។ ហេតុនេះការដាក់បង្ហោះទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើវត្តនេះ គឺជាការ សមស្របតាមច្បាប់។
ម្យ៉ាងវិញទៀតសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថាសេចក្តី ថ្លែងការណ៏ របស់ នាយករដ្ឋមន្រ្តីថៃ ដែលធ្វើឡើងស្របគ្នានឹងការធ្វើសមយុទ្ធយោធារបស់ថៃ តាមបណ្តោយព្រំដែនជាប់ប្រទេសកម្ពុជា គឺជាអំពើប្រទូស្តរាយយ៉ាងច្បាស់ក្រឡែត និងជាទង្វើដើម្បីជាលេស សំរាប់ឈ្លានពានកម្ពុជានាថ្ងៃអនាគតយ៉ាងជាក់ច្បាស់។ ហើយ កម្ពុជាមិនអាច ទទួលយកដាច់ខាត និងបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៏ដែល មានលក្ចណៈ មើលងាយមើលថោកបែបនេះ។
ដោយមានឯកសារគតិយុត្តិទទួលស្គាល់ជាអន្តរជាតិ គួបផ្សំជាមួយនឹងការកាន់កាប់ទឹកដីក្រោម អធិបតេយ្យជាក់ស្តែងរបស់កម្ពុជា គឺជាមូលដ្ឋានគតិយុត្តិដ៏រឹងមំាសំរាប់កម្ពុជា ដែលថៃមិនអាចរំលោភបំពានបានជាដាច់ខាត។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាម្តងហើយម្តងទៀតបានបញ្ជាក់យ៉ាងច្បាស់លាស់នូវជំហរដ៏រឹងមាំរបស់ខ្លួនក្នុងការប្រើប្រាស់សិទ្ធិស្វ័យការពារ ដូចមានចែងក្នុងមាត្រា ៥២ និង៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ គួរកត់សំគាល់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានប្រកាន់ខ្ជាប់ ដោយឥតងាករេនូវមធ្យោបាយ សន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ទាំងអស់ក្នុងការ ដោះស្រាយបញ្ហា ព្រំដែនរវាងប្រទេសទាំងពីរ។ ដូច្នេះ ការព្រមានចង់ប្រើកំលាំង ទ័ពប្រឆាំង នឹងកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់រដ្ឋាភិបាលក្រុងបាងកក ក្នុងការប្រើប្រាស់ កម្ពុជាជាចំណាប់ខ្មាំង នៃនយោបាយផ្ទៃក្នុង របស់ខ្លួន ចំពេលដែលក្រុមអ្នកតវ៉ាទាំងពួកអាវក្រហម និងអាវលឿងកំពុងប្រមូលផ្តុំគ្នាយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើការតវ៉ាយ៉ាងធំប្រឆាំងនឹងរដ្ឋាភិបាល មុនពេលមានការបោះឆ្នោតសកលដែលនឹងធ្វើឡើងក្នុងឆ្នាំនេះ។
នេះគឺជាយុទ្ឋសាស្រ្តនយោបាយដែលបានគិតគូយ៉ាងដិតដល់ ដោយក្រុមមនុស្សនៅ ក្នុងគណបក្ស ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ក្នុងការទូងស្គរប្រកាសសង្រ្គាម និងបំផុស អារម្មណ៍ជាតិនិយមជ្រុល ដើម្បីបង្វែរការយកចិត្តទុក្ខដាក់ប្រជាជនខ្លួន ចេញពីវិបត្តិនយោបាយ ផ្ទៃក្នុងរបស់ខ្លួនដែលបង្កឡើង ដោយក្រុមប្រទូស្តរាយពហុពណ៌ និងសកម្មជនប្រដាប់អាវុធ។
សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ពីបំណងទុច្ចរិតរបស់ពួកល្ងង់ខ្លៅថៃ ដែល បញ្ឆេះឡើង ដោយពួកអាវលឿង និងបក្ខពួករបស់គេ ក្នុងខណៈដែលពួកគេធ្វើអ្វីៗសព្វបែបយ៉ាងជាមួយនឹង របៀបវរៈ ច្បាស់លាស់នោះគឺ ឈ្លានពានកម្ពុជាជាមួយគំនិតជាតិនិយមដ៏ងងឹតងងល់ និងរក្សាអំណាច នយោបាយ នៅក្រុងបាងកក។
ដោយសារការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងជៀសវាងភាពតានតឹង ដែលមិនមានភាព ចាំបាច់ នោះ កម្ពុជាបានដកចេញនូវថ្មពីរផ្ទាំងដែលសរសេរថា តំបន់នេះជាកម្មសិទ្ធិរបស់កម្ពុជា ហើយបានឈ្លានពាន ដោយកងទ័ពថៃក្នុង ឆ្នាំ ២០០៨ ចេញពីវត្តកែវសិក្ខាគិរីស្វារៈ។
នេះមិនមែនជាសញ្ញាប្រាប់ដល់ប្រទេសថៃ និងនាយករដ្ឋមន្ត្រីទំនើងរបស់ខ្លួន ឲ្យគិតថាជា សកម្មភាព កំសោយ ហើយបានចិត្តដោយទាមទារឲ្យកម្ពុជា ដកទង់ជាតិចេញពីទឹកដីរបស់ កម្ពុជា នោះទេ។ នេះគឺមាន ន័យស្មើទៅនឹង កម្ពុជាប្រាប់ទៅថៃ ឲ្យដកទង់ជាតិថៃចេញពីប៉ុស្តិ៍ព្រំដែន នៅខាងថៃ។ ត្រូវចាំថាហឹង្សានឹងនាំ មកនូវហឹង្សា។
ទង្វើបែបអគតិ ដែលបង្ហាញឱ្យឃើញតាមរយៈការបំពានលើនិយាមដែលទទួលស្គាល់ជា អន្តរជាតិ ការបំពានទំនាក់ទំនងទ្វេភាគី និងពហុភាគី គឺជាភាពល្ងីល្ងើពកថ្ងាសរបស់ក្រុមស្រទាប់ ជាន់ខ្ពស់បំផុតថៃ។
(ដោយ ធី ម៉ូហាន អ្នកវិភាគនយោបាយនៅកម្ពុជា)
No comments:
Post a Comment