រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ការអភិវឌ្ឍនៅក្នុងឧស្សាហកម្មធានារ៉ាប់រងបានឈានឡើងខ្ពស់គួរឱ្យកត់សំគាល់ ដោយចាប់ពីចំណុចដែលស្ទើរតែគ្មានគេស្គាល់សោះឈានទៅរកមានការទទួលស្គាល់ច្រើន ព្រមជាមួយនេះដែរ តំរូវការអ្នកអាជីពដែលមានជំនាញឯកទេសផ្នែកធានារ៉ាប់រងចេះតែកើនឡើងជានិច្ច ។ ថ្វីដ្បិតតែតម្រូវការរបស់ប្រជាជនទូទៅក្នុងការទទួលបានការការពារពីធានារ៉ាប់រងនៅមានកម្រិតនៅឡើយ ក៏ប៉ុន្ដែធានារ៉ាប់រងមានសារសំខាន់បំផុតចំពោះពាណិជ្ជករ និងអ្នកវិនិយោគទុន។ ប្រសិនបើមិនមានសេវាកម្មធានារ៉ាប់រងដែលគួរឱ្យទុកចិត្ដ និងជឿជាក់បានទេ ពួកគេប្រហែលជាស្ទាក់ស្ទើរក្នុងការធ្វើវិនិយោគទ្រព្យធនរបស់ពួកគេ ព្រោះការធ្វើវិនិយោគទុនអាចជួបប្រទះហានិភ័យផ្សេងៗគ្រប់ពេល។ ដូច្នេះហើយទើបអ្នកឯកទេសផ្នែកធានារ៉ាប់រងដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ជូនដល់ពាណិជ្ជករ និងអ្នកវិនិយោគទុននូវដំណោះស្រាយដ៏ត្រឹមត្រូវក្នុងតម្លៃសមស្រប។
សព្វថ្ងៃ នៅប្រទេសកម្ពុជាមិនទាន់មានស្ថាប័នសិក្សាណាបង្រៀនអំពីឯកទេសធានារ៉ាប់រងនៅឡើយទេ ទោះបីសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសបានបញ្ចូលមុខវិជ្ជាធានារ៉ាប់រងទៅក្នុងកម្មវិធីសិក្សានៃឯកទេសពាណិជ្ជកម្មក៏ដោយ។ ប៉ុន្ដែមិនមែនមានន័យថា អ្នកមិនអាចទទួលបានឯកទេសធានារ៉ាប់រងដែលទទួលស្គាល់ជាអន្ដរជាតិក្នុងប្រទេសកម្ពុជានោះទេ។ ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំថាតើយើងធ្វើដូចម្ដេចដើម្បីទទួលបានជំនាញឯកទេសមួយនេះបាន។ នៅខែតុលា ឆ្នាំ២០០៩ ខ្ញុំបានប្រឡងបញ្ចប់ដប់មុខវិជ្ជាពីវិទ្យាស្ថាន Malaysia Insurance Institute 1 (MII) នៃប្រទេសម៉ាឡេស៊ី និងមួយមុខវិជ្ជាពេញពីវិទ្យាស្ថាន Chartered Insurance Institute 2 (CII) នៃប្រទេសអង់គ្លេ្លស ដើម្បីទទួលបានវិញ្ញាបនបត្រ Associate of MII និង CII (AMII និង ACII) ។ មុខវិជ្ជាទាំង១១នេះ មិនត្រឹមតែសិក្សាអំពីបច្ចេកទេសធានារ៉ាប់រងប៉ុណ្ណោះទេ គឺរួមមានទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ទីផ្សារ និងវគ្គគ្រប់គ្រងផងដែរ។
ការទទួលបានវិញ្ញាបនបត្រកិត្ដិយសដែលទទួលស្គាល់ជាអន្ដរជាតិនេះ ក៏ដោយសារស្មារតីប្ដេជ្ញារបស់អនុស្សរណៈយោគយល់ MOU រវាងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និង MII ។ រយៈពេល៥ឆ្នាំ បន្ទាប់ពីអនុស្សរណៈ MOU បច្ចុប្បន្ននៅកម្ពុជាយើងមានអ្នកជំនាញផ្នែកធានារ៉ាប់រងដែលមានឋានៈជា AMII និង ACII ចំនួន១៥ រូបរួមទាំងរូបខ្ញុំម្នាក់ផងដែរ។ ក្នុងឋានៈជាអ្នកជំនាញផ្នែកធានារ៉ាប់រងក្នុងស្រុក ដែលទទួលស្គាល់ជាអន្ដរជាតិ ពួកយើងដើរតួយ៉ាងសំខាន់ និងសកម្ម ដើម្បីកសាងទំនុកចិត្ដក្នុងការផ្ដល់ជូននូវសេវាកម្មធានារ៉ាប់រង ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យមានភាពប្រសើរឡើង៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment