Sunday, January 30, 2011
ចូលឆ្នាំចិនចាប់ផ្តើមយ៉ាងដូចម្តេច?
ភ្នំពេញ: យោងតាមរឿងនិទាននិងរឿងព្រេងបុរាណចិន ដើមកំណើតនៃពិធីបុណ្យចូលឆ្នាំចិនចាប់ផ្តើមជាមួយនឹងការប្រយុទ្ធជាមួយសត្វកំណាច មួយក្បាលដែលមានឈ្មោះថា នៀន។សត្វ នៀន នឹងចេញមកថ្ងៃទី១នៃឆ្នាំថ្មី ដើម្បីមកបំផ្លាញសត្វគោក្របីផលដំណាំនិងសម្លាប់ក្រុមអ្នកភូមិជាពិសេសកុមារ។ដើម្បីការពារខ្លួនពួកគេ ក្រុមអ្នកភូមិបានយកម្ហូបអាហារមកដាក់នៅខាងមុខទ្វារផ្ទះរបស់ពួកគេនៅពេលចាប់ផ្តើមឆ្នាំថ្មីម្តងៗ។
ពួកគេជឿថា ក្រោយពីសត្វ នៀន បានស៊ីចំណីដែលពួកគេបានរៀបចំឲ្យរួចហើយ វានឹងមិនវាយប្រហារមនុស្ស ណាម្នាក់ទេ។មានពេលមួយនោះ ប្រជាជនបានឃើញសត្វ នៀនខ្លាចក្មេងតូចម្នាក់ដែលស្លៀកពាក់ ឈុតក្រហម។បន្ទាប់មកក្រុមអ្នកភូមិជឿថាសត្វ នៀន ខ្លាចពណ៌ក្រហម។ដូច្នេះរៀងរាល់ពេលនៅពេលពិធី បុណ្យចូលឆ្នាំចិនជិតមកដល់ ក្រុមអ្នកភូមិព្យួរគោមពណ៌ក្រហមនិងរមូរក្រដាសពណ៌ក្រហមរាងជាផ្កានៅ តាមបង្អួចនិងទ្វារ។ប្រជាជនក៏ប្រើប្រាស់ផាវដើម្បីបន្លាចសត្វ នៀន ឲ្យចេញឆ្ងាយផងដែរ។ចាប់ពីពេលនោះមក សត្វ នៀន លែងហ៊ានចូលភូមិទៀត។ នៅទីបំផុត នៀន ត្រូវបានព្រះសង្ឃ ហុងជុន ឡាវស៊ូ ដែលជា ព្រះសង្ឃសាសនាតាវសម័យបុរាណចាប់បាន។ សត្វ នៀន បានក្លាយជាសេះរបស់ព្រះសង្ឃ ហុងជុន ឡាវស៊ូ តាំងពីពេលនោះមក។
ពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យប្រពៃណីចិនដ៏សំខាន់បំផុតមួយនៅក្នុងចំណោមពិធីបុណ្យប្រពៃណីចិនជាច្រើន។បើទោះបីចំពេលមានរដូវរងារក៏ដោយ ក៏នៅក្នុងប្រទេសចិន ពិធីនេះត្រូវបានគេហៅថា “ពិធីបុណ្យនិទាឃរដូវ”(Spring Festival) ជាការបកប្រែតាមន័យត្រង់ពីឈ្មោះចិន ដោយសារតែភាពខុសគ្នារវាងវិធីសាស្ត្រគណនារដូវកាលតាមបែបប្រពៃណីចិននិងតាមបែបបស្ចិមប្រទេស។
ពិធីបុណ្យនេះចាប់ផ្តើមនៅថ្ងៃទី១នៃខែទី១តាមប្រក្រតិទិនបុរាណចិននិងបញ្ចប់ដោយពិធីបុណ្យដុតចង្គៀងគោមដែលត្រូវនឹងថ្ងៃទី១៥។ពិធីបុណ្យចូលឆ្នាំចិនជាថ្ងៃមួយដែលគ្រួសារប្រជាជនចិនជួបជុំគ្នាសម្រាប់ការទទួលទានអាហារពេលល្ងាចប្រចាំឆ្នាំរបស់ពួកគេដែលគេហៅជាភាសាចិនថា ជូស៊ីឬ”ពិធីបុណ្យឆ្លងឆ្នាំ”។
បុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យដ៏យូរបំផុតនិងសំខាន់បំផុតតាមប្រក្រតិទិនចន្ទគតិរបស់ចិន។ដើមកំណើតបុណ្យចូលឆ្នាំចិនគឺមានចំណាស់ជាច្រើនសតវត្សរ៍មកហើយនិងកាន់តែមានសារៈសំខាន់ជាងមុនដោយសារតែជំនឿនិងទំនៀមទម្លាប់ប្រពៃណីជាច្រើន។ពិធីបុណ្យចូលឆ្នាំចិនពីសម័យបុរាណគឺជាការឆ្លុះបញ្ចាំងពីរបៀបដែលប្រជាជនបានប្រព្រឹត្តនិងពីអ្វីដែលពួកគេជឿជាក់បំផុតនោះ។
ពិធីបុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធធ្វើនៅតាមប្រទេសនិងទឹកដីដែលមានប្រជាជនចិនច្រើនរស់នៅដូចជា ចិនដីគោក ហុកកុង ឥណ្ឌូនេស៊ី ម៉ាកាវ ម៉ាឡាឡេស៊ី ហ្វីលីពីន សិង្ហបុរី តៃវ៉ាន់ វៀតណាមនិងនៅតាមតំបន់ប្រជុំជនចិន(Chinatown) ផ្សេងៗ។
បុណ្យចូលឆ្នាំចិនត្រូវបានចាត់ទុកថាជាថ្ងៃបុណ្យដ៏សំខាន់បំផុតសម្រាប់ប្រជាជនចិននិងមានឥទ្ធិពលលើការប្រារព្ធឆ្នាំថ្មីរបស់ប្រទេសជិតខាងរបស់ខ្លួនព្រមទាំងវប្បធម៌របស់ប្រជាជនដែលប្រជាជនចិនមានទំនាក់ទំនងដ៏ទូលំទូលាយជាមួយ។ ប្រជាជនទាំងនោះរួមមាន កូរ៉េ ទីបេ និង ប៊ូតាន ម៉ុងហ្គោលី វៀតណាម និងជប៉ុនកាលពីមុនឆ្នាំ១៨៧៣។
នៅតាមបណ្តាប្រទេសដូចជាអូស្ត្រាលីកាណាដានិងសហរដ្ឋអាមេរិកបើទោះណាបុណ្យចូលឆ្នាំចិនមិនមែនជាថ្ងៃឈប់សម្រាកផ្លូវការក៏ដោយក៏ជាតិពន្ធចិនជាច្រើនបានប្រារព្ធពិធីអបអរដ៏ធំហើយប្រៃសណីយ៍អូស្ត្រាលី ប្រៃសណីយ៍កាណាដា និងការិយាល័យប្រៃសណីយ៍របស់អាមេរិកចេញតែមសម្រាប់ឆ្នាំថ្មីផងដែរ។
នៅក្នុងប្រទេសចិនវិញទំនៀមទម្លាប់និងប្រពៃណីតាមតំបន់ដែលពាក់ព័ន្ធនឹងការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនមានភាពខុសគ្នាច្រើន។ ប្រជាជននឹងចំណាយប្រាក់របស់ពួកគេដើម្បីទិញអំណោយ គ្រឿងតុបតែងលំអ សម្ភារៈប្រើប្រាស់ម្ហូបអាហារនិងសំលៀកបំពាក់។វាក៏ជាប្រពៃណីមួយផងដែរដែលគ្រប់ក្រុមគ្រួសារធ្វើការសម្អាតផ្ទះសម្បែងសព្វកន្លែងដើម្បីបណ្តេញរាល់ឧបទ្រពចង្រៃដោយសង្ឃឹមថា នឹងត្រួសត្រាយផ្លូវសម្រាប់សំណាងល្អដែលនឹងចូលមកដល់។
បង្អួចនិងទ្វារនឹងត្រូវបានតុបតែងលំអដោយយ័ន្តពណ៌ក្រហមនិងពាក្យជូនពរដែលសរសេរថា “សេចក្តីសុខ”“ភោគទ្រព្យ”និង“អាយុយឿនយូរ”។នៅថ្ងៃបុណ្យចូលឆ្នាំចិនអាហារពេលល្ងាចគឺជាពិធីជប់លៀងជាមួយក្រុមគ្រួសារ។អាហារទាំងនោះរួមមានដូចជា សាច់ជ្រូក សាច់ទា សាច់មាន់និងបង្អែមដ៏ឆ្ងាញ់ពិសារ។
ក្រុមគ្រួសារនឹងបញ្ចប់កម្មវិធីក្នុងពេលរាត្រីដោយមានការដុតផាវផងដែរ។នៅព្រឹកព្រលឹមថ្ងៃបន្ទាប់ ក្មេងៗនឹងសំដែងការគោរពចំពោះឪពុកម្តាយដោយជូនពរពួកគាត់ឲ្យមានសុខភាពល្អនិងរីករាយថ្ងៃចូលឆ្នាំថ្មី ហើយទទួលយកអាំងប៉ាវម្នាក់មួយៗ។ប្រពៃណីបុណ្យចូលឆ្នាំចិនគឺជាមធ្បោបាយដ៏ប្រពៃបំផុតដើម្បីធ្វើការផ្សះផ្សារ បំផ្លាចចោលបំណងអាក្រក់ទាំងឡាយនិងបួងសួងដោយស្មោះសសូមឲ្យមានសន្តិភាពនិងសុភមង្គលសម្រាប់គ្រប់គ្នា។
បើទោះណាតាមទម្លាប់ ប្រក្រតិទិនចិនមិនប្រើឆ្នាំដែលកំណត់លេខរៀងបន្តបន្ទាប់គ្នាក៏ដោយ ក៏នៅក្រៅប្រទេសចិនជារឿយៗ ឆ្នាំត្រូវបានគេកំណត់ចាប់ពីសម័យសោយរាជ្យរបស់អធិរាជលឿងឬហ៊ួងឌី ( Yellow Emperor, Huangdi) ។ប៉ុន្តែយ៉ាងហោចណាស់ឆ្នាំចំនួនបីត្រូវបានគេចុះលេខទី ១ឥឡូវនេះត្រូវបានប្រើប្រាស់ដោយអ្នកប្រាជ្ញផ្សេងៗដែលធ្វើឲ្យឆ្នាំ២០១១ ត្រូវនឹង”ឆ្នាំចិន” ៤៧០៩,៤៧០៨,ឬ៤៦៤៨។
ប្រក្រតិទិនចន្ទគតិនិងសុរិយគតិ(Lunisolar calendar)របស់ចិនកំណត់កាលបរិច្ឆេទចូលឆ្នាំចិន។ ប្រក្រតិទិននេះក៏ត្រូវបានប្រើនៅតាមបណ្តាប្រទេសផ្សេងៗដែលត្រូវបានអនុម័តឲ្យប្រើឬក៏រងឥទ្ធិពលវប្បធម៌របស់ជនជាតិហាន(ជាពិសេស កូរ៉េ ជប៉ុននិងវៀតណាម)ហើយប្រហែលជាមានខ្សែស្រឡាយតែមួយជាមួយ នឹងពិធីបុណ្យចូលឆ្នាំថ្មីស្រដៀងគ្នានេះនៅក្រៅតំបន់អាស៊ីខាងកើត(ដូចជាអ៊ីរ៉ង់និងពួកជនជាតិប៊ុហ្គា)។
តាមប្រក្រតិទិនហ្គ្រេហ្គោរៀន(ប្រក្រតិទិនសាកលដែលយើងប្រើសព្វថ្ងៃ) កាលបរិច្ឆេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនតែងតែប្រែប្រួលរៀងរាល់ឆ្នាំដែលកាលបរិច្ឆេទនៅចន្លោះថ្ងៃទី២១ខែមករានិងថ្ងៃទី២០ខែកុម្ភះ។តាមប្រក្រតិទិនចិនសុលស្ទីស(ពេលដែលព្រះអាទិត្យនៅឆ្ងាយបំផុតពីខ្សែអេក្វាទ័រ)រដូវរងារត្រូវតែកើតឡើងនៅក្នុងខែទី១១ដែលមានន័យថាពិធីបុណ្យចូលឆ្នាំចិនតាមធម្មតាត្រូវនឹងថ្ងៃពេញបូរមីទីពីរបន្ទាប់ពីសុលស្ទីសរដូវរងារ។
ក្នុងវប្បធម៌បុរាណចិន លីឈុន (Lichun) គឺជាពាក្យសំដៅព្រះអាទិត្យដែលកត់សម្គាល់ពីការ ចាប់ផ្តើមនិទាឃរដូវដែលកើតឡើងប្រហែលនៅថ្ងៃទី៤ខែកុម្ភៈ។កាលបរិច្ឆេទសម្រាប់ថ្ងៃបុណ្យចូលឆ្នាំ ចិនពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០១៩(តាមប្រក្រតិទិនហ្គ្រេហ្គោរៀន)គឺស្ថិតនៅខាងឆ្វេងព្រមជាមួយនឹងរាសីសត្វដែលតំណាងឆ្នាំនិងមែកធាងរបស់វានៅលើផែនដី។ឈ្មោះនៃមែកធាងនៅលើផែនដីមិនមានពាក្យគូជាភាសាអង់គ្លេសហើយមិនមែនជាការបកប្រែសត្វទាំងអស់នោះជាភាសាចិនទេ។ព្រមជាមួយរយៈពេលវិលជុំ១២ឆ្នាំនៃរាសីសត្វ មានរយៈពេលវិលជុំ១០ឆ្នាំនៃទ្វារឋានសួគ៌។ទ្វារឋានសួគ៌នីមួយៗនៃទ្វារថានសួគ៌ទាំង១០គឺពាក់ព័ន្ធនឹងធាតុមួយនៅក្នុងចំណោមធាតុទាំង៥នៃហោរាសាស្ត្រចិនដែលមានដូចជា: ធាតុឈើ ធាតុភ្លើង ធាតុដី
ធាតុដែក និងធាតុទឹក។
ធាតុទាំងនេះឆ្លាស់គ្នារៀងរាល់ពីរឆ្នាំម្តងចំណែកឯយិននិងយ៉ាង(ញី និងឈ្មោលYin and Yang) ឆ្លាស់គ្នារៀងរាល់ឆ្នាំ។ដូច្នេះធាតុទាំងនេះគឺខុសគ្នា: យ៉ាងឈើ យិនឈើ យ៉ាងភ្លើង យិនភ្លើង ។ល។
ធាតុទាំងនេះបង្កើតបានជាខួបរួមមួយដែលកើតឡើងម្តងទៀតរៀងរាល់៦០ឆ្នាំម្តង។ជាឧទាហរណ៍ ឆ្នាំកណ្តុរភ្លើងយ៉ាងកើតឡើងនៅឆ្នាំ១៩៣៦និងនៅឆ្នាំ១៩៩៦គឺឃ្លាតគ្នា៦០ឆ្នាំ។
មានមនុស្សជាច្រើនភាន់ច្រឡំឆ្នាំកំណើតរបស់ខ្លួនតាមប្រក្រតិទិនចិនជាមួយនឹងឆ្នាំកំណើតតាមប្រក្រតិទិនហ្គ្រេហ្គោរៀន។ដោយសារតែពិធីបុណ្យចូលឆ្នាំចិនចាប់ផ្តើមនៅចុងខែមករារហូតដល់ពាក់កណ្តាលខែកុម្ភៈនោះកាលបរិច្ឆេទចូលឆ្នាំចិនពីថ្ងៃទី១ខែមករារហូតដល់ថ្ងៃនោះតាមឆ្នាំប្រក្រតិទិនហ្គ្រេហ្គោរៀនថ្មីគឺនៅដូចនឹងប្រក្រតិទិនហ្គ្រេហ្គោរៀនចាស់ដដែល។ជាឧទាហរណ៍ ឆ្នាំ១៩៨៩ជាឆ្នាំពស់បានចាប់ផ្តើមនៅថ្ងៃទី៦ខែ
កុម្ភៈឆ្នាំ១៩៨៩។ឆ្នាំ១៩៩០ត្រូវបានមនុស្សមួយចំនួនចាត់ទុកថា ជាឆ្នាំសេះ។
ទោះជាយ៉ាងណាឆ្នាំ១៩៨៩ជាឆ្នាំពស់បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៦ខែមករាឆ្នាំ១៩៩០។នេះមានន័យថាអ្នកដែលកើតចាប់ពីថ្ងៃទី១ខែមករារហូតដល់ថ្ងៃទី២៥ខែមករាឆ្នាំ១៩៩០តាមពិតត្រូវកើតចំឆ្នាំពស់ជាជាងឆ្នាំសេះ។
ដោយ : សូនី CEN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment