ភ្នំពេញ: សវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់ខៀវ សំផន នួន ជា និងអៀង ធិរិទ្ធនៅព្រឹកថ្ងៃទី៣១មករានេះ បានជួបនឹងភាពច្របូកច្របល់យ៉ាងខ្លាំងដោយសារតែពួកអតីត មេដឹកនាំខ្មែរក្រហមទាំងនោះបាននាំគ្នាដើរចេញពីអង្គសវនាការជាបន្តបន្ទាប់ក្រោម ហេតុផលផ្សេងៗ។
ដំបូងឡើយ អៀង ធិរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងជាភរិយារបស់អៀង សារី បានដើរចេញពីសវនាការដោយប្រគល់សិទ្ធិឱ្យមេធាវីជាអ្នកឆ្លើយជំនួស។ ហេតុផល របស់ អៀង ធិរិទ្ធ គឺគាត់បដិសេធមិនសហការជាមួយតុលាការជាពិសេសមិនចូលរួម អង្គសវនាការនេះទេ។ មួយសន្ទុះក្រោយមក នួន ជា អតីតប្រធានរដ្ឋសភាក៏បានដើរ ចេញពីសវនាការទៀតក្រោមហេតុផលសុខភាព។
មើលទៅសវនាការព្រឹកនេះមិនខុសពីចាប់ក្តាមដាក់ចង្អេរឡើយ។ ពួកអតីតមេដឹកនាំខ្មែរក្រហមទាំងនេះបានបង្ហាញយ៉ាងច្បាស់តាំងពីដើមទីមកម្ល៉េះថាពួកគេមិនសហការ ជាមួយតុលាការឡើយ។ ក្នុងន័យនេះ ហេតុផលសុខភាពរបស់ នួន ជា អាចគ្រាន់តែ ជាលេសដើម្បីគេចចេញពីសវនាការតែប៉ុណ្ណោះ។ នេះជាចំណុចដែលតុលាការគួរ ពិនិត្យផងដែរដើម្បីកុំឱ្យពួកគេបន្តក្រឡុកតុលាការដូចមេអាប៉ោងទៀត។
នេះត្រឹមសវនាការសុំនៅក្រៅឃុំផង ចុះទម្រាំដល់សវនាការកាត់ក្តីសំណុំរឿង០០២ នៅពេលខាងមុខនេះ តើពួកគេនឹងសម្តែងឬទ្ធិដាក់តុលាការយ៉ាងណាទៀត?
គិតទៅ ពួកមេដឹកនាំខ្មែរក្រហមទាំងនេះពិតជាមានសំណាងណាស់។ បន្ទាប់ពីបានដឹកនាំប្រទេសឱ្យមានរបបប្រល័យពូជសាសន៍កាប់សម្លាប់ពលរដ្ឋខ្លួនឯងអស់រាប់លាននាក់ ពួកគេអាចបន្តរស់នៅក្នុងសេរីភាពរហូតដល់ពេលចាប់ខ្លួនគឺនៅពេលដែលពួកគេមានវ័យចាស់ទៅហើយ។
ឥឡូវនេះ ទោះបីជាពួកគេត្រូវបានឃុំខ្លួនក៏មែនមពិត ក៏ប៉ុន្តែ អ្នកទាំងនោះមាន សំណាងខ្លាំងណាស់បើធៀបនឹងអ្នកទោសផ្សេងទៀតដែលបានប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈឹមក្នុងទំហំទោសតិចជាងទោសអតីតមេដឹកនាំខ្មែរក្រហមទាំងនោះឆ្ងាយណាស់ តែអ្នកទោសទាំងនោះ គ្មានវាសនាទទួលបានការការពារនិងបីបាច់ថែទាំដូចអតីតមេដឹកនាំខ្មែរក្រហមទាំងនេះឡើយ។
ប៉ុណ្ណឹងហើយពួកគេនៅមិនអស់ចិត្តឡើយ ដោយបានសម្តែងអាកប្បកិរិយាដូចជា សម្បើមខ្លាំងណាស់។ ពួកគេមិនបានសម្តែងការសោកស្តាយចំពោះទង្វើកាលពី អតីតកាលរបស់ខ្លួនសូម្បីតែបន្តិចក៏គ្មានដែរ។
ដូច្នេះ តុលាការគួរតែចាត់វិធានការតឹងរ៉ឹងបន្តិចចំពោះអតីតមេដឹកនាំខ្មែរក្រហមទាំងនោះដើម្បីកុំឱ្យពួកគេបន្តធ្វើព្យុះធ្វើភ្លៀងដាក់តុលាការតាមអំពើចិត្តយ៉ាងដូច្នេះ៕
ដោយ : បញ្ញវន្ត
No comments:
Post a Comment